ប្រធានធនាគារពិភពលោក លោក អាចាយ បាងហ្គា (Ajay Banga) បានប្រកាសថា ធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញ និងការអភិវឌ្ឍ (International Bank for Reconstruction and Development) ហៅហាត់ IBRD ដែលជាសាខាមួយរបស់ធនាគារពិភពលោកនឹងកាត់បន្ថយអនុបាតដើមទុនធៀបនឹងការផ្តល់ឥណទាន (Equity-to-lending ratio) របស់ខ្លួនចំនួន ១% មកនៅត្រឹម១៨% ខណៈដែលខ្លួនបន្តអនុវត្តកំណែទម្រង់ដូចបានគូសបញ្ជាក់ក្នុងរបាយការណ៍ឯករាជ្យមួយសម្រាប់ក្រុមប្រទេស G20 និងតបតាមការទាមទារពីបណ្ដាភាគទុនិករបស់ខ្លួនរួមទាំងសហរដ្ឋអាម៉េរិក ផងដែរ។
លោក អាចាយ បាងហ្គា (Ajay Banga) បានលើកឡើងថា ចំណាត់ការនេះ រួមជាមួយនឹងការធ្វើបច្ចុប្បន្នភាពគោលនយោបាយកំណត់តម្លៃរបស់ធនាគារនេះ នឹងអនុញ្ញាតឱ្យធនាគារនេះបង្កើនសមត្ថភាពផ្តល់ឥណទានសរុបរបស់ខ្លួនឱ្យឈានរហូតដល់ ១៥០ពាន់លានដុល្លារ ក្នុងរយៈពេល ៧ទៅ១០ឆ្នាំខាងមុខ។
ការកែប្រែនេះធ្វើឡើងចំពេលពិភពលោកកំពុងជួបបញ្ហាប្រឈមកាន់តែច្រើនឡើង រួមមានសង្រ្គាមនៅអ៊ុយក្រែន ការកើនឡើងអំពើហិង្សានៅតំបន់មជ្ឈិមបូព៌ា គ្រោះធម្មជាតិកាន់តែកំណាច និងបំណុលរបស់បណ្ដារដ្ឋាភិបាលកើនឡើងកាន់តែខ្ពស់ផងដែរ។
លោក អាចាយ បាងហ្គា (Ajay Banga) បានគូសបញ្ជាក់ថា ក្ដីបារម្ភដ៏ធំមួយគឺកង្វះការងាររហូតដល់ទៅជិត៨០០លានកន្លែងសម្រាប់មនុស្ស១,២ពាន់លាននាក់ ដែលនឹកហក់ចូលប្រឡូកក្នុងទីផ្សារការងារក្នុងរយៈពេល១០ឆ្នាំខាងមុខ។
អ្នកជំនាញមួយចំនួនបានប៉ាន់ប្រមាណថា បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ និងបណ្ដាទីផ្សារកំពុងរីកចម្រើនឆាប់រហ័សនឹងត្រូវការថវិកាយ៉ាងតិចចំនួន៣ទ្រីលានដុល្លារ ក្នុងមួយឆ្នាំៗដើម្បីដោះស្រាយវិបត្តិជំងឺរាតត្បាតនាពេលអនាគត បញ្ហាបម្រែបម្រួលអាកាសធាតុ និងបញ្ហាប្រឈមផ្សេងៗទៀត។
លោក អាចាយ បាងហ្គា (Ajay Banga) ថ្លែងថា ទន្ទឹមនេះធនាគារពិភពលោកក៏កំពុងប្រឹងប្រែងស្តារមូលនិធិរបស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (International Development Association) ហៅកាត់ IDA ដែលជាផ្នែកមួយរបស់ធនាគារពិភពលោកសម្រាប់ជួយដល់បណ្ដាប្រទេសក្រីក្របំផុត ឱ្យឈានដល់១២០ពាន់លានដុល្លារ ផងដែរ៕
ដោយ: តែម សុខុម