យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េ KCNA ដំណើររបស់ក្រុមមន្ត្រីប្រតិភូទាំងពីរនេះ គឺដើម្បីចូលរួមប្រារព្វខួបលើកទី៧០នៃ «ទិវាជ័យជំនះ»របស់កូរ៉េខាងជើង ដែលនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ទី២៧ ខែកក្កដា នៅក្នុងទីក្រុងព្យុងយ៉ាង។
តាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ ក្រសួងការពារជាតិរុស្ស៊ីឱ្យដឹងថា ខ្លួនត្រូវបានសមភាគីកូរ៉េខាងជើងអញ្ញើញឱ្យទៅចូលរួមពិធីបុណ្យជាតិ «ជ័យជំនះ»នោះ។ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ដំណើរទស្សនកិច្ចនេះ គឺជួយពង្រឹងចំណងយោធានៃប្រទេសទាំងពីរ ក៏ដូចជាការអភិវឌ្ឍលើកិច្ចសហប្រតិបត្តិការយោធាផងដែរ។
ព្រឹត្តិការណ៍គម្រប់ខួបនេះ ត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលការដង្ហែរក្បួនព្យុះហយាត្រាយោធាដ៏ធំមួយនៅក្នុងរដ្ឋធានីរបស់ប្រទេសកូរ៉េខាងជើងដែរ។ ទោះយ៉ាងណា ជាង២ឆ្នាំកន្លងមកនេះ ពោលគឺចាប់តាំងឆ្នាំ២០២០ដែលមានការផ្ទុះការរីករាលដាលនៃកូវីដ១៩ កូរ៉េខាងជើងបានបិទច្រកព្រំដែនទាំងអស់រួមទាំងច្រកពាណិជ្ជកម្ម ផ្លូវទូត និងទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយជាមួយសម្ព័ន្ធមិត្តចិន និងប្រទេសរុស្ស៊ី។
ប្រទេសចិនកាលពីថ្ងៃចន្ទទី២៤ កក្កដា បានចេញមកអះអាងថា ខ្លួនបានអនុវត្ត «យ៉ាងតឹងរ៉ឹង» ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើកូរ៉េខាងជើង ដែលជាឆ្លើយតបទៅនឹងលិខិតជំហរមួយរបស់ក្រុមប្រទេសG7 ដែលជំរុញឱ្យទីក្រុងប៉េកាំងបញ្ឈប់ព្យុងយ៉ាងប្រើប្រាស់ដែនទឹកចិនតទៅទៀត។ ពីមុនមក សហរដ្ឋអាមេរិកក៏បានចោទប្រកាន់កូរ៉េខាងជើងថា បានផ្តល់ជំនួយយោធាដល់រុស្ស៊ីសម្រាប់ធ្វើសង្គ្រាមនៅអ៊ុយក្រែនដែរ ប៉ុន្ដែ ទីក្រុងព្យុងយ៉ាងបានបដិសេធ។
នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃអង្គារអ្នកនាំពាក្យរងប្រចាំក្រសួងការបរទេសអាមេរិក លោកវេដាន់ ប៉ាថេល បាននិយាយដោយទទូចថា រុស្ស៊ី និងចិន «អាចប្រើប្រាស់ឥទ្ធិពលរបស់ពួកគេលើកូរ៉េខាងជើងដើម្បីលើកទឹកចិត្តឱ្យទីក្រុងព្យុងយ៉ាងបញ្ឈប់ការគំរាមកំហែង និងអាកប្បកិរិយាខុសច្បាប់ ព្រមទាំងធ្វើឱ្យគេវិលមកតុចរចាវិញផងដែរ»៕