យុវនិស្សិតនៃសាកលវិទ្យាល័យចំនួន ០៧ ដែលបានចូលរួមក្នុងកម្មវិធី UnipreneurCamp វគ្គទី១ រួមមានសាកលវិទ្យាល័យ អាមេរិកកាំងភ្នំពេញ (AUPP) សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រអេស៊ីលីដា (AUB) សាកលវិទ្យាល័យបៀលប្រាយ (BBU) សាកលវិទ្យាល័យបច្ចេកវិទ្យា និង វិទ្យាសាស្ត្រកម្ពុជា (CAMTECH), សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្កន (PIU) សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និងសាកលវិទ្យាល័យពុទ្ធិសាស្ត្រ (UP)។
ដោយឡែក ការរៀបចំនូវ កម្មវិធី UnipreneurCamp វគ្គទី២ គឺនឹងត្រូវធ្វើឡើងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះ បានប្រមូលផ្តុំ និស្សិតចំនួន ២០០ រូប មកពីសាកលវិទ្យាល័យ ០៩ រូមមាន សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) វិទ្យាស្ថានថាក់គ្លូបល (TGI) សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ (BELTEI IU) បណ្ឌិត្យសភាបចេ្ចកវិទ្យាឌីជីថលកម្ពុជា (CADT) សាកលវិទ្យាល័យមេគង្គកម្ពុជា (CMU) វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP), សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា (PUC) និងវិទ្យាស្ថានខេមអេដ (CAMED) នៅទូទាំងរាជធានីភ្នំពេញ ដែលមានបំណងប្រាថ្នាក្លាយជាសហគ្រិន។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា «ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក តែងតែមានការបង្កើតនវានវត្តន៍ថ្មី ថែទាំនវានុវត្តន៍ដែលមានស្រាប់ ជម្រុញនវានុវត្តន៍ដែលមានសក្តានុពល។ កម្មវិធីថ្ងៃនេះយុវសិស្សមានឱកាសបង្កើតវានុវត្តន៍ថ្មី ដើម្បីទុកជាទុនសម្រាប់គំនិតច្នៃប្រឌិតថ្ងៃក្រោយ ដែលជាការអភិវឌ្ឍមូលធនមនុស្សស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា»។
លោកស្រីបណ្ឌិត Kaknika Lin សាកលវិទ្យាធិការរងផ្នែកអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) មានប្រសាសន៍ថា «ការរៀបចំកម្មវិធី UnipreneurCamp វគ្គទី២ នៅ AUPP បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការបណ្តុះផ្នត់គំនិតសហគ្រិនភាពក្នុងចំណោមនិស្សិតកម្ពុជា។ តាមរយៈការផ្តល់នូវលទ្ធភាពទទួលបានគ្រឿងបរិក្ខារទំនើបៗ ការបណ្តុះបណ្តាល និងបរិយាកាសសិក្សា ប្រកបដោយគុណភាពខ្ពស់ ពួកយើងកំពុងកសាងសមត្ថភាពយុវជនកម្ពុជាឲ្យក្លាយជា អ្នកច្នៃប្រឌិត ជំនាន់ថ្មី ក្នុងការបន្លែង គំនិតរបស់ពួកគេទៅជាដំណោះស្រាយជាក់លាក់ ដើម្បីដោះបញ្ហាទូទៅក្នុងសង្គមជាក់ស្តែង»។
លោក Rusydi Khairul នាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃ Reactor School មានប្រសាសន៍ថា «ការតស៊ូ និងការសហការជាក្រុម យ៉ាងស្វិតស្វាញ របស់យុវនិស្សិតទាំងអស់នេះ ពិតជាគួរឲ្យស្ងើចសរសើរជាខ្លាំង។ ដោយសារ ការពង្រីកភាពជាដៃគូជាមួយ សាកលវិទ្យាល័យជាច្រើននៅរាជធានីភ្នំពេញ ក្រុមការងារយើង មានលទ្ធភាពប្រមូលផ្តុំក្រុមនិស្សិតចូលរួម ឲ្យកាន់តែសម្បូរបែប ដែលជំរុញឲ្យមានការចែករំលែកគំនិត បទពិសោធន៍ និង សាមគ្គីភាពរវាងយុវជនកម្ពុជាឲ្យកាន់តែខ្លាំងឡើង។»
កម្មវិធី វគ្គទី២នេះ បាននាំមកនូវ ការស្ថាបនា ក្រុមធុរកិច្ចថ្មី ចំនួន ៤០ ក្រុម ដែលនិស្សិតចូលរួមបានដោះស្រាយបញ្ហាប្រឈមក្នុងសង្គមពិតជាច្រើន ដើម្បីអភិវឌ្ឍដំណោះស្រាយទាំងនេះ ប្រកបដោយភាពច្នៃប្រឌិត។ វគ្គបណ្ដុះបណ្ដាល និងការបង្ហាត់បង្រៀនយ៉ាងស្វិតស្វាញនេះ បានជម្រុញឲ្យអ្នកចូលរួមសិក្សានិងយល់ដឹងពីវិធីសាស្ត្រ បង្កើតគោលគំនិត ធុរកិច្ចថ្មី ពង្រឹងសមត្ថភាពធ្វើបទបង្ហាញ និងអភិវឌ្ឍការយល់កាន់តែស៊ីជម្រៅអំពីការអនុវត្តជាក់ស្តែងនៃសហគ្រិនភាព។
នាថ្ងៃចុងក្រោយរបស់ UnipreneurCamp វគ្គទី២ គឺជាការប្រកួតប្រជែងធ្វើបទបង្ហាញ គំនិតធុរកិច្ចថ្មី វគ្គផ្តាច់ព្រ័ត្រ ដែលក្នុងនោះ ក្រុមដែលជាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំង ៦ ធ្វើការបកស្រាយយ៉ាងក្បោះក្បាយពីគំនិតនិងផែនការ របស់គេទៅកាន់ក្រុមគណៈកម្មការ ដើម្បីជ្រើសយកក្រុមជ័យលាភី ៣ ក្រុម។ ការប្រកួតនេះមិនត្រឹមតែ បង្ហាញពីជំនាញសហគ្រិនភាពរបស់និស្សិត ចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីវិសាលភាពនៃទេពកោសល្យ និងសក្តានុពលរបស់ស្ថាប័នឧត្តមសិក្សាជាច្រើន ក្នុងប្រទេសកម្ពុជាផងដែរ។
ភាពជោគជ័យនៃ UnipreneurCamp វគ្គទី២នេះ កើតឡើងដោយសារតែការចូលរួម និងការគាំទ្រពីសំណាក់ សាកលវិទ្យាល័យដៃគូ និងនិស្សិតជាច្រើនរូប ដែលជម្រុញឲ្យមានសន្ទុះនៃការរៀបចំវគ្គទី២នេះផ្ទាល់។
ស្របពេលដែលកម្មវិធី UNIPRENEUR បន្តវិវឌ្ឍទៅមុខ សហគ្រិនខ្មែរ នៅតែបន្ត ខិតខំប្រឹងប្រែងកសាងនិងអភិវឌ្ឍ សក្តានុពលរបស់យុវជនកម្ពុជាឲ្យតែខ្លាំងពូកែ ដើម្បីជម្រុញការអភិវឌ្ឍ ប្រព័ន្ធអេកូឡូស៊ី ផ្នែកវានុវត្តន៍ និងសហគ្រិនភាពនៅកម្ពុជាឲ្យឆ្ពោះទៅមុខ។
ទំនាក់ទំនងព័ត៌មានបន្ថែម៖
- លោក ពក បញ្ញាពេជ្រ
- អ្នកឯកទេសអភិវឌ្ឍសហគ្រិនភាព និងនវានុវត្តន៍
- លេខទូរស័ព្ទ ០៨៩ ៩៥ ៩៨ ៧១
- អ៊ីមែលៈ [email protected]