
លោក Mike Pompeo បាននិយាយតាម Twitter ដូច្នេះថា “ខ្ញុំបាននិយាយជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពីទំនាក់ទំនង ៧០ឆ្នាំ រវាងសហរដ្ឋអាមេរិក-កម្ពុជា និងជំនួយសហរដ្ឋអាមេរិកសម្រាប់ការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩។ ប្រទេសកម្ពុជាដែលប្រជាធិបតេយ្យនិងអធិបតេយ្យ គឺជាប្រទេសកម្ពុជាដ៏រឹងមាំមួយ។”
នៅក្នុងការសន្ទនាតាមទូរស័ព្ទរវាងសម្តេច ហ៊ុន សែន និងលោក Mike Pompeo លោករដ្ឋមន្រ្តីការបរទេសអាមេរិកបានអរគុណកម្ពុជាចំពោះការអនុញ្ញាតឲ្យនាវាកម្សាន្ត Westernam បានចូលសំចត ហើយម្តេចក៏បាន អរគុណអាមេរិកចំពោះជំនួយ២លានដុល្លារ និងកិច្ចសហការសម្រាប់ជួយដល់ការប្រឆាំងជំងឺរាតត្បាតកូវីដ-១៩។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសកម្ពុជា។
សេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសកម្ពុជា បាននិយាយដូច្នេះថា “សម្តេច និងឯកឧត្ដម Pompeo បានចែករំលែកសមានចិត្តក្រៀមក្រំទៅវិញទៅមកចំពោះគ្រួសារនៃជនរងគ្រោះទាំងឡាយនៅអាមេរិកនិងនៅតំបន់អាស៊ី ដោយសារ COVID-19។”
យោងតាមសេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសកម្ពុជា សម្តេច ហ៊ុន សែន ក៏បានអញ្ជើញលោក Pompeo មកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលវេលាសមស្រម ផងដែរ៕