ឯកឧត្តម តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍បានបញ្ជាក់ប្រាប់ខេមបូណូមីសថា គម្រោងបើកទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួច និងភ្ញៀវមានលទ្ធផលអវិជ្ជមានកូវីដ-១៩ នឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្នក្រសួងបានរៀបចំផែនការ និងឯកសារទស្សនទានទេសចរណ៍សម្រាប់ត្រៀមទទួលភ្ញៀវទេសចរបរទេសក្នុងវិបត្តិកូវីដ-១៩ រួចហើយ នៅរង់ចាំតែការសម្រេចពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ។
បើតាមអ្នកនាំពាក្យរូបនេះ គម្រោងបើកទទួលភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចនេះ នឹងធ្វើឡើងជាដំណាក់កាលដោយជ្រើសរើសខេត្តណាមួយធ្វើជាគោលដៅសាកល្បងដំបូងគេ។ ក្នុងករណីការបើកសាកល្បងទទួលបានជោគជ័យ រាជរដ្ឋាភិបាលនឹងបន្តបើកខេត្តផ្សេងៗជាបន្តបន្ទាប់។
តែយ៉ាងណា ឯកឧត្តម តុប សុភ័ក មិនបានបញ្ជាក់ពីខេត្ត ដែលកម្ពុជាគ្រោងជ្រើសរើសធ្វើជាគោលដៅបើកសាកល្បង ដើម្បីទទួលភ្ញៀវទេសចរបរទេសដំណាក់កាលដំបូងនោះទេ។ ប៉ុន្តែបើតាមការបញ្ជាក់របស់អ្នកជំនាញក្នុងវិស័យទេសចរណ៍ ខេត្តព្រះសីហនុអាចនឹងត្រូវជ្រើសរើសធ្វើជាគោលដៅដំបូងគេក្នុងការអនុវត្តផែនការនេះ។
ជាមួយគ្នានេះលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះគម្រោងបើកទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចជាដំណាក់កាលនេះ ដ្បិតវាជាការផ្សព្វផ្សាយដំណឹងមួយទៅកាន់ពិភពលោក។
ជាមួយគ្នានេះ លោកជំទាវ ស្នើឲ្យរដ្ឋបាលខេត្តគោលដៅ ដែលត្រៀមអនុវត្តគម្រោងនេះ រៀបចំតំបន់ទេសចរណ៍ឲ្យសម្បូរបែប ជាពិសេសតំបន់ទេសចរណ៍បែបសហគមន៍។ លើសពីនេះ ត្រូវពង្រឹងការផ្តល់សេវាកម្មទេសចរណ៍ទាំងផ្នែកបដិសណ្ឋារកិច្ច ម្ហូបអាហារ និងដឹកជញ្ជូន។ ទន្ទឹមនឹងនេះ លោកជំទាវ ឆាយ ស៊ីវលីន ស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាពិចារណាបើកខេត្តគោលដៅទេសចរណ៍ឲ្យបានពីរទៅបីខេត្ត ដើម្បីឲ្យភ្ញៀវទេសចរបរទេសអាចទៅកម្សាន្តបានច្រើនកន្លែង និងប្រើការកម្សាន្តរបស់ពួកគេអស់លទ្ធភាព។
ជុំវិញការបើកតំបន់ទេសចរណ៍ទទួលភ្ញៀវទេសចរបរទេសនេះដែរ ប្រទេសក្បែរខាងកម្ពុជា គឺប្រទេសថៃកាលពីដើមខែកក្កដា ឆ្នាំ២០២១ បានបើកកោះភូកេតទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចមកហើយ។ ក្រោយទទួលបានជោគជ័យលើការបើកកោះភូកេត ថៃ កាលពីពេលថ្មីៗ បានសម្រេចបើកកោះសាមុយ ផាង៉ាន និងកោះតៅបន្ថែមទៀត ទោះបីការឆ្លងជំងឺកូវីដ-១៩ នៅ ថៃ កំពុងរាលដាលខ្លាំងក៏ដោយ៕