បើតាមក្រសួងទេសចរណ៍ ការផ្ដល់ សេវាកម្ម Zero Package Tourនេះ គឺជាការលក់កញ្ចប់ទស្សនកិច្ចថ្លៃសូន្យ សំដៅលើសកម្មភាពលក់កញ្ចប់ទស្សនកិច្ចនៅថ្លៃទាប ឬលក់ទាំងខាត តែតម្រូវឱ្យទេសចរអន្តរជាតិ ទិញទំនិញក្នុងតម្លៃខ្ពស់ ដើម្បីប៉ះប៉ូវការខាតបង់ទាំងនោះ។ ហើយបើតាមរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ទង្វើនេះ គឺជាមេរោគបំផ្លាញដល់វិស័យទេសចរណ៍កម្ពុជាទាំងមូលតែម្ដង។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ការីទេសចរណ៍ ដែលប្រកបអាជីវកម្ម Zero Package Tour ជាមេរោគបំផ្លាញគោលដៅទេសចរណ៍នៅតំបន់សៀមរាបអង្គរ ក៏ដូចជានៅប្រទេសកម្ពុជាទាំងមូល ពីព្រោះទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជា តាមរយៈក្រុមហ៊ុនទាំងនេះមានការខាតបង់ និងខកចិត្តយ៉ាងខ្លាំង រហូតដល់អ្នកខ្លះក៏លែងចង់មកទស្សនានៅកម្ពុជាលើកក្រោយទៀតដែរ ដោយសារតែចាញ់ការបោកបញ្ឆោតទាំងនេះ។
បើតាមឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន នេះជាបញ្ហមួយដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិនាម និងនយោបាយទេសចរណ៍ជាតិ ដែលត្រូវរួមគ្នាទប់ស្កាត់ឱ្យបាន។
ឯកឧត្តម បានពន្យល់ថា «យើងកុំបន្ទោសភ្ញៀវ ពួកគេអត់ដឹងទេ តែក្រុមហ៊ុនអ្នករកស៊ី Zero Package Tour នេះ គឺជាអ្នកបំផ្លាញគោលដៅទេសរណ៍តែម្ដង មានន័យថា ពួកគេរកស៊ីដោយមិនគិតចំណេញក្នុងកញ្ចប់ តែពួកគេយកភ្ញៀវមកដើម្បីកាប់ស៊ី តាមរយៈការលក់វត្ថុអនុស្សាវរីយ៍ គ្រឿងអលង្ការក្លែងក្លាយ ទំនិញ និងសេវាកម្មអន់គុណភាព ដោយទទួលបានលុយក្រៅ ឬហៅថា Comission ហួសហេតុពីម្ចាស់មូលដ្ឋានអាជីវកម្មទាំងនោះ រហូតមានករណីពួកក្រុមហ៊ុនទេសចរណ៍ជាការីទេសចរណ៍ ឬភ្នាក់ងារទេសចរណ៍ខ្លះ ជំពាក់លុយម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍មិនសង ឬសងយឺតយ៉ាវផងដែរ ដែលនាំឲ្យគុណភាពសេវាកម្មកាន់តែធ្លាក់ចុះ»។
តាមការគូសបញ្ជាក់ ពីឯកឧត្តម រដ្ឋមន្ត្រី នេះហើយជាមូលហេតុដែលនាំឱ្យសណ្ឋាគារ ភោជនីយដ្ឋានខ្លះត្រូវបិទទ្វារ ពីព្រោះក្រុមហ៊ុនអ្នករកស៊ី Zero Package Tour មិនទាន់សង ឬមិនសងលុយ ហើយរត់ចោលបាត់ស្រមោល។
ដោយមើលឃើញ ពីចំណុចអាក្រក់របស់អ្នករករស៊ីបែប Zero Package Tour នេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានប្រកាសហាមឃាត់យ៉ាងដាច់អហង្កាថា «កម្ពុជាមិនអនុញ្ញាឱ្យការីទេសចរណ៍ ឬក្រុមហ៊ុនទេសចរណ៍ណាមួយ ប្រកបអាជីវកម្មបែប Zero Package Tour ក្នុងវិស័យទេសចរណ៍ទៀតនោះឡើយ»។
ឯកឧត្តម ថោង ខុន បានបន្ថែមថា មានក្រុមហ៊ុនខ្លះទិញសំបុត្រចូលទស្សនាអង្គរវត្ត ៦២ដុល្លារ សម្រាប់រយៈពេល៣ថ្ងៃ តែភូតភរភ្ញៀវនាំភ្ញៀវចូលទស្សនាអង្គរវត្តតែ ១ថ្ងៃទេ ហើយថ្ងៃទី២ បន្តទៅទស្សនានៅប្រាសាទបេងមាលា ១ថ្ងៃ (តម្លៃពិត ៥ដុល្លារ) និងប្រាសាទកោះកេរ ១ថ្ងៃទៀត (តម្លៃពិត ១០ដុល្លារ)។ ពួកគេភូតភរទេសចរថា ប្រាសាទបេងមាលា និងប្រាសាទកោះកេរ ក៏ជាអង្គរវត្តដែរ ដោយគាត់បានចំណេញប្រាក់ពីភ្ញៀវដល់ទៅ ១៥ដុល្លារ។
ឯកឧត្តម ថោង ខុន ក៏បានបង្ហើបដែរថា ដោយមើលឃើញពីបញ្ហានេះ ក្រសួងទេសចរណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរអប្សរា បានឯកភាពគ្នាថានៅថ្ងៃខាងមុខ នឹងបញ្ចូលប្រាសាទបេងមាលា និងប្រាសាទកោះកេរ ទៅក្នុងកញ្ចប់ទស្សនាជាមួយប្រាសាទអង្គរវត្តតែម្តង ដើម្បីកុំឱ្យក្រុមហ៊ុនរកស៊ីបោកប្រាស់ទាំងនោះកុហកភ្ញៀវបានទៀត៕