យ៉ាងណាមិញ បន្ទាប់ពីរាជរដ្ឋាភិបាលមានការលើកលែងការធ្វើតេសរហ័សដល់ភ្ញៀវបរទេសពេលមកដល់កម្ពុជា ក៏ដូចជាមិនតម្រូវឲ្យទេសចរដែលមានការចាក់វ៉ាក់សាំងរួចមិនចាំបាច់ចត្តាឡីស័កជាដើមនោះ បានជំរុញឲ្យភ្ញៀវទេសចរអន្តរជាតិបានចូលមកកម្ពុជានៅ៣ខែដើមឆ្នាំនេះមានជិត១៦ម៉ឺននាក់ ដែលជាកំណើនខ្ពស់បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អ្នកជំនាញ បានរំពឹងខ្ពស់ទៀតថា ស្របពេលប្រទេសជិតខាងកម្ពុជា មានការបើកច្រកព្រំដែនឡើងវិញ និងកាត់បន្ថយការរឹតត្បិតលើការធ្វើដំណើរនោះ វាក៏ជាកត្តាជំរុញចរាចរណ៍ភ្ញៀវទេសចរបរទេសតាមច្រកព្រំដែននានាមកកាន់កម្ពុជាបន្ថែមទៀត ទាំងទេសចរណ៍ផ្លូវអាកាស ផ្លូវទឹក ក៏ដូចជាផ្លូវគោកផងដែរ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកបានកត់សម្គាល់ឃើញថា ក្រោយពីរាជរដ្ឋាភិបាលបានកាត់បន្ថយក៏ដូចជាដកនូវរបាំងផ្សេងៗនៃការធ្វើដំណើរទាក់ទងនឹងការធ្វើតេស្ដ ក៏ដូចជាចត្តាឡីស័កជាដើមនោះ លោកសង្កេតឃើញថា កំណើននៃភ្ញៀវទេសចរណ៍បរទេសហាក់មានការកើនឡើងច្រើនគួរឲ្យកត់សម្គាល់ ជាពិសេសគឺ ជើងហោះហើរពីប្រទេសសិង្ហបុរី និងប្រទេសថៃ ដែលនេះគឺជាក្តីសង្ឃឹមថ្មីមួយសម្រាប់វិស័យទេសចរណ៍កម្ពុជា។ លោកបន្ថែមថាការបើកច្រកព្រំដែននៅតាមបណ្តាប្រទេសជុំវិញកម្ពុជាដូចជា រៀតណាម និងថៃជាដើម ក៏ជាកក្តាមួយជំរុញភាពងាយស្រួលដល់ចរាចរណ៍តាមព្រំដែន ដែលអាចបង្កើនភ្ញៀវទេសចរបរទេសបន្ថែមទៀតផងដែរ។
លោក ធួន ស៊ីណាន ក៏បានគូសបញ្ជាក់បន្ថែមដែរថា ទោះបីជាវិស័យទេសចរណ៍អាចនឹងងើបឡើងវិញក៏ពិតមែន ប៉ុន្តែវិស័យនេះ នៅតែមានភាពក្មេងខ្ចីនៅឡើយ ដោយមិនរំពឹងថា នឹងអាចវិលត្រឡប់មកវិញបានឆាប់ៗដូចកម្រិតនៅមុនសម័យកូវីដនោះទេ។ ហើយស្របពេល ប្រទេសជុំវិញមានគោលនយោបាយបើកចំហរ និងដករបាំងទេសចរណ៍ជាបណ្ដើរៗក្ដី ប៉ុន្ដែ អ្វីដែលអ្នកជំនាញកាន់តែមានការគួរឲ្យបារម្ភនោះ គឺបញ្ហាសង្រ្គាមនៅរុស្សី និងអ៊ុយក្រែន ព្រោះបើវាកាន់តែអូសបន្លាយយូរនឹងប៉ះពាល់កាន់តែច្រើនទៅៗដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចទាំងមូលផងដែរ។ បើតាម លោក ធួន ស៊ីណាន បច្ចុប្បន្ននេះការទាក់ទាញភ្ញៀវទេសចរមកពីតំបន់អឺរ៉ុប ក៏ដូចជាតំបន់ឆ្ងាយៗ មិនមែនជាក្តីរំពឹងរបស់កម្ពុជានោះទេ។ អ្វីដែលកម្ពុជាផ្តោតសំខាន់ និងសង្ឃឹមខ្ពស់នោះ គឺភ្ញៀវទេសចរក្នុងតំបន់អាស៊ាន ជាពិសេសប្រទេសចិន និងឥណ្ឌាដែលជាទីផ្សារធំរបស់កម្ពុជា។
ទោះយ៉ាងណា ប្រទេសចិន ថ្មីៗនេះត្រូវបានគេរាយការណ៍ថា កំពុងប្រឈមខ្លាំងនៃជំងឺរាតត្បាតកូវីដ១៩ ពិសេសនៅទីក្រុងសៀងហៃ និងរដ្ឋធានីប៉េកាំងតែម្ដង។
ជុំវិញនឹងវិស័យទេសចរណ៍នេះដែរ លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា ក៏បានកត់សម្គាល់ឃើញថា ភ្ញៀវទេសចរបរទេសមកកាន់កម្ពុជានាពេលបច្ចុប្បន្នមានការកើនឡើងផងដែរ ដោយគិតត្រឹមរយៈពេលមួយត្រីមាសនៃដើមឆ្នាំ២០២២នេះ ភ្ញៀវទេសចរណ៍បរទេសមានប្រមាណជិត ១៦ម៉ឺននាក់ ដែលចំនួននេះប្រហាក់ប្រហែលនឹងចំនួនភ្ញៀវទេសចរបរទេសនៅរយៈពេលពេញមួយឆ្នាំ ២០២១។ លោកបានបន្ថែមទៀតថា ចំពោះវិស័យសណ្ឋាគារ និង ផ្ទះសំណាក់ហាក់មិនទាន់មានការប្រែប្រួលខ្លាំងគួរឲ្យកត់សម្គាល់នោះទេ ពោលគិតចាប់ពីដើមឆ្នាំ ២០២២មក វិស័យសណ្ឋាគារនិងផ្ទះសំណាក់ មានការកើនឡើងប្រមាណពី ១០% ទៅ ២០% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។
ទោះជាបែបនេះក្ដី ប្រធានសមាគមសណ្ឋាគាររូបនេះ បានបង្ហាញនូវក្ដីរំពឹងខ្ពស់ថា ក្នុងឆ្នាំ២០២២ វិស័យសណ្ឋាគារ និងផ្ទះសំណាក់ នឹងកាន់តែប្រសើរឡើងជាបន្តបន្ទាប់ ដោយសារតែកម្ពុជាមានការដកនូវឧបសគ្គ និងលក្ខខណ្ឌតម្រូវនានាដល់អ្នកដំណើរបរទេស ក៏ដូចជាប្រទេសជុំវិញមានការបើកច្រកព្រំដែនផងដែរ ហើយកម្ពុជានឹងមានកំណើនភ្ញៀវទេសចរកាន់តែច្រើនចូលមកនៅពេលខាងមុខ។
សូមបញ្ជាក់ថា នៅពេលថ្មីៗនេះ កម្ពុជាបានលុបចោលនូវលក្ខខណ្ឌតម្រូវឲ្យអ្នកដំណើរមកពីបរទេសបង្ហាញលទ្ធផលតេស្តPCR អវិជ្ជមានក្នុងរយៈពេល៧២ម៉ោង មុនមកដល់កម្ពុជា និងលុបចោលការតម្រូវឲ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា និងកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កមកនៅត្រឹម៧ថ្ងៃ សម្រាប់អ្នកដំណើរពីបរទេសដែលមិនទាន់បានចាក់វ៉ាក់សាំងផងដែរ។ របាយការណ៍ការពីក្រសួងទេសចរណ៍បង្ហាញថា នៅត្រីមាសទី១នៅឆ្នាំ២០២២ ចំនួនអ្នកភ្ញៀវទេសរអន្តរជាតិចូលមកកម្ពុជាមានជិត១៦ម៉ឺននាក់ កើនឡើងប្រមាណ១២៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១៕
អត្ថបទ សោម ស្រីពេជ្រ