ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានគូសបញ្ជាក់ថា ទោះបីករណីឆ្លងជំងឺកូវីដ-១៩ នៅចិននៅតែបន្តកើតមាន ហើយចិនអនុវត្តវិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩ តឹងរ៉ឹងយ៉ាងណាក៏ដោយ តែវាមិនបានជះឥទ្ធិពលធ្ងន់ធ្ងរដល់ការធ្វើពាណិជ្ជកម្ម និងការដឹកជញ្ជូនទំនិញចេញចូលរវាងកម្ពុជា-ចិននោះទេ។ អ្នកជំនាញរូបនេះអះអាងថា បច្ចុប្បន្នការដឹកជញ្ជូនទំនិញចេញចូលរវាងប្រទេសទាំងពីរ បានបង្ហាញពីសញ្ញាវិជ្ជមានឡើងវិញហើយ បន្ទាប់ពីមានការរាំងស្ទះអស់មួយរយៈពេលកន្លងមកនេះ ដោយសារការបិទខ្ទប់តំបន់មួយចំនួននៅប្រទេសចិន។ ទោះបីយ៉ាងនេះក្តី តម្លៃដឹកជញ្ជូនតាមផ្លូវទឹករវាងប្រទេសទាំងពីរមិនមានការថមថយនោះទេ ពោលគឺតម្លៃនៅតែខ្ពស់ដដែល។
ជាមួយគ្នានេះ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ កត់សម្គាល់ឃើញថា តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ ដល់ខែមេសា ឆ្នាំ២០២២ ការដឹកជញ្ជូនចេញចូលរវាងកម្ពុជា-ចិន ហាក់មានភាពល្អប្រសើរ។ ប៉ុន្តែនៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២២ ការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរហាក់មានភាពយឺតយ៉ាវ ដោយសារចិនបានបិទខ្ទប់តំបន់មួយចំនួន ក្រោយរកឃើញមានករណីឆ្លងជំងឺកូវីដ-១៩ នៅតំបន់ទាំងនោះ។ ទោះយ៉ាងណាអ្នកជំនាញរូបនេះជឿជាក់ថា ការដឹកជញ្ជូនទំនិញចេញចូលរវាងប្រទេសទាំងពីរនឹងមានភាពល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗ ក្រោយចិនមានការបន្ធូរបន្ថយលើវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
គួរបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជាចិននៅរយៈពេល ៤ខែឆ្នាំ២០២២ សម្រេចបានក្នុងទំហំទឹកប្រាក់ជិត៤ពាន់លានដុល្លារកើនឡើងជិត៣១% បើធៀបនឹងរយៈពេលកាលពីឆ្នាំមុន។ ក្នុងនោះ កម្ពុជានាំចេញទៅចិនសម្រេចបានជាង ៤រយលានដុល្លារធ្លាក់ចុះ ០,១% បើធៀបនឹង៤ខែកាលពីឆ្នាំ២០២១ ខណៈកម្ពុជានាំចូលទំនិញពីចិនមានទំហំទឹកប្រាក់ជាង៣ពាន់៥រយលានដុល្លារ កើនឡើងជិត៣៦%៕