នាពេលថ្មីៗនេះ ធនាគារពិភពលោក បានសម្រេចអនុម័តគម្រោងផ្ដល់កម្ចីសម្រាប់ប្រទេសចិន ប្រមាណ ១ពាន់លានដុល្លារ ទៅ១ពាន់ ៥រយ លានដុល្លារអាមេរិក ជាប្រចាំឆ្នាំ រហូតដល់ខែមិថុនា ឆ្នាំ២០២៥ ដែលកម្ចីនេះ ជាប្រភេទកម្ចីការប្រាក់ទាប។
លោកដូណាល់ត្រាំ បាន លើកឡើងនៅក្នុងបណ្ដាញសង្គម Twitter របស់លោកថា «ហេតុអ្វី បានជាធនាគារពិភពលោក នឹងផ្ដល់ប្រាក់កម្ចីឲ្យទៅប្រទេសចិន? តើនេះអាចទៅរួចទេ? ប្រទេសចិន មានលុយមហាសាលណាស់ហើយ ហើយប្រសិនបើពួកគេគ្មានលុយទេ ពួកគេនឹងអាចបង្កើតវាបាន! ដូច្នេះ ឈប់ឲ្យចិនខ្ចីទៅទៀតទៅ!»
ធនាគារពិភពលោក បានបញ្ជាក់ប្រាប់សារព័ត៌មាន Reuters ដែរថា «ធនាគារពិភពលោក បានផ្ដល់កម្ចីទៅកាន់ប្រទេសចិន គឺមានការធ្លាក់ចុះទាបជាលំដាប់ ហើយនឹងបន្តកាត់បន្ថយទៀត ដែលវាជាផ្នែកមួយនៃកិច្ចព្រមព្រៀងរបស់យើង ជាមួយនឹងភាគហ៊ុនិកទាំងអស់ រួមទាំងសហរដ្ឋអាមេរិកផងដែរ»។ ធនាគារពិភពលោក បានគូសបញ្ជាក់ទៀតថា «យើងនឹងលុបបំបាត់ការផ្ដល់ប្រាក់កម្ចី នៅពេលណាប្រទេសទាំងនោះ កាន់តែមានខ្លាំងឡើង»។
ធនាគារពិភពលោក បានផ្ដល់កម្ចីទៅកាន់ប្រទេសចិន ប្រមាណ ១ពាន់ ៣០០ លានដុល្លារអាមេរិក នៅក្នុងឆ្នាំសារពើពន្ធ ២០១៩ ដែលវាបញ្ចប់កាលពីថ្ងៃទី៣០ខែមិថុនាកន្លងទៅនេះ ដែលមានការថយចុះពីប្រមាណ២ពាន់ ៤០០ លានដុល្លារអាមេរិក កាលពីឆ្នាំសារពើពន្ធ២០១៧។
ក៏ប៉ុន្ដែ ការធ្លាក់ចុះនៃប្រាក់កម្ចីរបស់ធនាគារពិភពលោក សម្រាប់ប្រទេសចិននេះ គឺមិនទាន់ធ្វើឡើងបានលឿនគ្រប់គ្រាន់ សម្រាប់រដ្ឋបាលលោកត្រាំនោះឡើយ ដែលអាមេរិកតែងតែអះអាងថា ទីក្រុងប៉េកាំង មានទ្រព្យសម្បត្តិច្រើនពេកហើយ សម្រាប់ជំនួយអន្តរជាតិនេះ៕