
ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងធ្វើសេចក្តីព្រាងបទបញ្ជាប្រតិបត្តិមួយ ដែលនឹងបង្កើតមូលនិធិសន្តិសុខដែនសមុទ្រឱ្យក្លាយជាប្រភពផ្តល់មូលនិធិជាក់លាក់មួយ និងលើកទឹកចិត្តក្នុងការកសាងនាវា តាមរយៈការប្រើប្រាស់ឥណទានពន្ធ ជំនួយ និងប្រាក់កម្ចី។ សេតវិមានកំពុងគាំទ្រការិយាល័យនៃក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីដឹកនាំការប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីពង្រឹងមូលដ្ឋានឧស្សាហកម្មដែនសមុទ្របន្ទាប់ពីការប្រកាសរបស់លោក ត្រាំ ពីផែនការទាំងនេះក្នុងពេលថ្លែងសុន្ទរកថាក្នុងសភាកាលពីពេលថ្មីៗ។
គំនិតផ្តួចផ្តើមរបស់លោក ត្រាំ នេះទទួលបានការសរសើរដ៏កម្រពីលោក ជេក ស៊ូលីវ៉ាន (Jake Sullivan) អតីតទីប្រឹក្សាសន្តិសុខជាតិ របស់អាម៉េរិក ដោយលោកបានលើកឡើងថា ការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ជាច្រើនទសវត្សរ៍របស់ចិន បានជះផលអវិជ្ជមានដល់ការកសាងនាវាពាណិជ្ជកម្ម និងនាវាយោធារបស់អាម៉េរិក។
សម្រាប់លោក ស៊ូលីវ៉ាន ការកសាងកប៉ាល់របស់អាម៉េរិក មានសារសំខាន់ណាស់ក្នុងការការពារសន្តិសុខជាតិ និងសេដ្ឋកិច្ចរបស់អាម៉េរិក។ ដូច្នេះវាល្មមដល់ពេលហើយ ដែលអាម៉េរិក ត្រូវធ្វើសកម្មភាព ដើម្បីដោះស្រាយផលប៉ះពាល់អវិជ្ជមានពីគោលនយោបាយរបស់ចិន និងដើម្បីបំពេញបន្ថែមនូវសមត្ថភាព និងថាមពលដែនសមុទ្ររបស់អាម៉េរិក។
ការិយាល័យតំណាងពាណិជ្ជកម្មរបស់អាម៉េរិក កាលពីខែមុន បានស្នើឱ្យអាម៉េរិក យកប្រាក់រហូតដល់១.៥លានដុល្លារ សម្រាប់ការនាំចូលទំនិញដែលដឹកតាមនាវាផលិតដោយចិន ដែលជាផ្នែកមួយនៃការស៊ើបអង្កេតពីការកើនឡើងនៃការគ្រប់គ្រងរបស់ចិន លើវិស័យសាងសង់កប៉ាល់ ដែនសមុទ្រ និងភស្តុភារកម្មពិភពលោក៕
អត្ថបទ៖ សុខ មង្គល