
និន្នាការមិនទុកចិត្តរបស់ក្រុមអ្នកមានទ្រព្យធនលើការវិនិយោគនៅសហរដ្ឋអាម៉េរិក មានគម្លាតកាន់តែធំ ដោយសារការមិនមានទំនុកចិត្តលើចំណាត់ការដ៏ផុយស្រួយរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន the Edge Malaysia នាយកប្រតិបត្តិធនាគារកំពូលមួយនៅអាស៊ី កំពុងព្យាយមដកទ្រព្យសម្បត្តិរបស់ខ្លួនចេញពីអាម៉េរិក រហូតដល់ ៦០% ដោយសារខ្វះទំនុកចិត្តលើបញ្ហាសុវត្ថិភាព គួបផ្សំលោកយល់ថា នៅក្នុងកាលៈទេសៈបច្ចុប្បន្នការកាន់កាប់សាច់ប្រាក់ និងមាសនៅនឹងខ្លួន គឺមានសុវត្ថិភាពច្រើនជាង។
ជាមួយគ្នានេះ ការិយាល័យមួយដែលកំពុងថែរក្សា និងការពារផលប្រយោជន៍ដល់គ្រួសារអ្នកមានអាស៊ីប្រមាណ១០នាក់ បានបញ្ជាក់ថា អតិថិជនរបស់ពួកគេដែលជាសេដ្ឋីលំដាប់ពាន់លានមកពីតំបន់អាស៊ី កំពុងរៀបចំសេណារីយ៉ូកាត់បន្ថយ ឬបង្កកការវិនិយោគរបស់ពួកគេនៅសហរដ្ឋអាម៉េរិក។
ដោយឡែក លោក ហេនរី ហូ (Henry Hau) នាយកប្រតិបត្តិនៃការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិឯកជនលក្ខណៈគ្រួសារមួយ ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បាននិយាយថា នេះជាលើកដំបូងហើយដែលលោកបានឃើញគ្រួសារមួយចំនួនកំពុងពិចារណាដកការកាន់កាប់អាជីវកម្មរបស់ពួកគេនៅសហរដ្ឋអាម៉េរិក។
ទន្ទឹមនឹងនិន្នាការនេះ លោក ដូណាល់ ត្រាំ កំពុងស្នើដំឡើងពន្ធលើអ្នកមានប្រាក់ចំណូលចាប់ពី២,៥លានដុល្លារអាម៉េរិក បន្ថែមទៀត។ ពាក់ព័ន្ធសំណើរនេះ អ្នកវិភាគបានលើកឡើងថា ក្នុងករណីសភាអនុម័តផែនការនេះមែន នោះវានឹងធ្វើឱ្យអ្នកវិនិយោគកាន់តែនឿយណាយក្នុងការវិនិយោគនៅអាម៉េរិក៕
ដោយៈ សរ សុជាតិ