លោក Benjamin Nabarro សេដ្ឋវិទូនៅធនាគារស៊ីធី (Citi) បាននិយាយនៅក្នុងការជូនដំណឹងមួយថា ឥឡូវនេះសំណួរគឺថា តើមានគោលនយោបាយណាមួយដែលអាចធ្វើទៅបានដើម្បីទូទាត់ផលប៉ះពាល់លើអតិផរណា និងសេដ្ឋកិច្ចយ៉ាងពិតប្រាកដនោះ?
អតិផរណាតម្លៃទំនិញប្រើប្រាស់ចុងក្រោយនេះគឺលើសពីកម្រិត ១៨% ដែលធ្លាប់កើតមាននៅក្នុងឆ្នាំ១៩៧៦នៅចក្រភពអង់គ្លេសទៅទៀត។
លោក Nabarro បាននិយាយថា អ្នកនាំមុខគេក្នុងការឈានទៅក្លាយជានាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស គឺលោកស្រី Liz Truss ទំនងជានឹងបង្កើតវិធានការមួយចំនួន ដើម្បីគាំទ្រដល់គ្រួសារដែលរងផលប៉ះពាល់ពីការកើនឡើងតម្លៃថាមពល ដែលប្រហែលជានឹងជួយបន្ថយអត្រាអតិផរណាកុំឱ្យឡើងខ្ពស់ថែមទៀត។
និយ័តករថាមពល Ofgem របស់អង់គ្លេសគ្រោងនឹងកំណត់ពន្ធអតិបរមាថ្មីសម្រាប់ពលរដ្ឋនៅសប្ដាហ៍នេះ ដែលវានឹងចូលជាធរមាននៅក្នុងខែតុលាឆ្នាំនេះ រហូងដល់ឆ្នាំ២០២៤ ដោយក្នុងនោះ ក៏មានការសន្មត់គោលនយោបាយជួយទូទាត់ថ្លៃថាមពលសម្រាប់ពលរដ្ឋដែលមានតម្លៃប្រហែលជាង២៥០ដុល្លារផងដែរ។
ប្រឈមមុខនឹងវិបត្តិអតិផរណាកើនឡើង ធនាគារកណ្ដាលរបស់អង់គ្លេសកាលពីដើមខែនេះ ក៏បានបង្កើនអត្រាការប្រាក់០,៥%បន្ថែម ដែលជាការបង្កើនអត្រាការប្រាក់ខ្ពស់បំផុតមិនធ្លាប់មានគិតតាំងពីឆ្នាំ២៩៩៥មក ហើយធនាគារកណ្ដាលអង់គ្លេសក៏បានព្យាករ អំពីការដាំក្បាលចុះយូរបំផុតនៃសេដ្ឋកិច្ចរបស់អង់គ្លេស បើគិតតាំងពីវិបត្តិហិរញ្ញវត្ថុសកលមក ខណៈដែលអតិផរណានៅខែតុលាខាងមុខនេះ ត្រូវបានព្យាករថា នឹងកើនខ្ពស់ដល់ទៅ១៣,៣% ខណៈកាលពីខែកក្កដាកន្លងទៅនេះ អតិផរណាអង់គ្លេសមានដល់១០,១%។
ធនាគារ Citi របស់អាមេរិកក៏បានរំពឹងទុកដែរថា អង់គ្លេសនឹងបង្កើនអត្រាការប្រាក់១,២៥%បន្ថែមទៀត នៅពេលខាងមុខនេះ ជាផ្នែកមួយនៃការរិតបន្ដឹងគោលនយោបាយរូបិយវត្ថុ។
ដោយសារតែអតិផរណាកើនខ្ពស់ទៅៗ ថ្មីៗនេះ ក្រុមកម្មករនៅកំពុងផែដ៏ធំមួយនៅអង់គ្លេសក៏បានងើបឡើងធ្វើកូដកម្ម ទាមទារការដំឡើងប្រាក់ឈ្នួលផងដែរ ដ្បិតពួកគេអះអាងថា ការចំណាយប្រចាំថ្ងៃសម្រាប់ជីវភាពកាន់តែខ្ពស់ តែប្រាក់ចំណូលមិនសមស្របតាមការចំណាយ៕
អត្ថបទ៖ សុខ ជា