ប្រទេសអង់គ្លេស និងតួកគី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលនឹងជំនួសឲ្យកិច្ចព្រមព្រៀងចាស់ដែលមានស្រាប់ រវាងទីក្រុងអានការ៉ា និងទីក្រុងឡុង។ លោកស្រី លីស ត្រូស រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអង់គ្លេសសង្ឃឹមថា វានឹងក្លាយជាកិច្ចព្រមព្រៀងដ៏ពិសេសមួយ សម្រាប់ប្រទេសទាំងពីរ ហើយនឹងអាចចាប់ផ្ដើមឡើងនៅឆាប់ៗនេះ។
លោកស្រីបន្ថែមថា កិច្ចព្រមព្រៀង ដែលរំពឹងថានឹងត្រូវបានចុះហត្ថលេខានៅក្នុងសប្ដាហ៍នេះ គឺជាការរៀបចំលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដោយមិនគិតពន្ធ ហើយវានឹងជួយ គាំទ្រដល់ទំនាក់ទំនងពាណិជ្ជកម្មកាន់តែប្រសើរ។ តាមរយៈកិច្ចព្រមព្រៀងនេះដែរ ក៏នឹងបង្កើតការងាររាប់ពាន់កន្លែងនៅក្នុងប្រទេសអង់គ្លេស ទាក់ទងនឹងឧស្សាហកម្មកម្មរោងចក្រផលិត, ឧស្សាហកម្មរថយន្ដ និងដែកថែបជាដើម។
ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសអង់គ្លេស និងតួកគី មានតម្លៃជាទឹកប្រាក់ប្រមាណ ជាង២៥ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៩ ហើយកិច្ចព្រមព្រៀងនេះ ក៏ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុត ៥ ដែលរដ្ឋមន្ត្រីពាណិជ្ជកម្មអង់គ្លេសបានចរចា បន្ទាប់ពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងជប៉ុន, កាណាដា, ស្វីស និងន័រវេ។
អង់គ្លេស ឥឡូវនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចំនួន ៦២ នៅមុនពេលដែលអន្តរកាលនៃ Brexit ត្រូវបានបញ្ចប់នៅថ្ងៃទី ០១ ខែមករាឆ្នាំ២០២១។ ហើយកាលពីសប្ដាហ៍មុននេះដែរ អង់គ្លេស ក៏ទើបតែបានប្រកាសពីការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអឺរ៉ុបរួចហើយដែរ ដោយអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសនេះ៕