វិស័យសេដ្ឋកិច្ច

UN កំពុងស្វែងរកជំនួយ៤៧ពាន់លានដុល្លារ ខណៈម្ចាស់ជំនួយបានកាត់បន្ថយក្រោយពួកគេជួបវិបត្តិសេដ្ឋកិច្ច


អង្គការសហប្រជាជាតិ កំពុងស្វែងរកថវិកាជំនួយ៤៧ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៥ ដើម្បីជួយមនុស្សប្រហែល១៩០លាននាក់ ដែលរត់គេចពីជម្លោះ និងស្រេកឃ្លានអាហារ ខណៈមន្ត្រីរបស់អង្គការនេះកំពុងព្រួយបារម្ភចំពោះការមិនទទួលបានជំនួយ សូម្បីពាក់កណ្តាលសម្រាប់ឆ្នាំក្រោយ ដោយសារម្ចាស់ជំនួយនៅបជ្ឈិមលោករួមទាំងម្ចាស់ជំនួយកំពូល គឺសហរដ្ឋអាម៉េរិកផង អាចនឹងកាត់បន្ថយជំនួយរបស់ពួកគេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យសេដ្ឋកិច្ច
ដោយ

ប្រធានគ្រប់គ្រងជំនួយថ្មីរបស់អង្គការសហប្រជាជាតិ លោក ថម ផ្លិចឈ័រ (Tom Fletcher) បានប្រាប់ក្រុមអ្នកកាសែតនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃពុធថា ពេលនេះអង្គការសហប្រជាជាតិកំពុងប្រកាសស្វែងរកជំនួយចំនួន៤៧ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៥ ដើម្បីជួយអ្នករងគ្រោះដោយជម្លោះនៅប្រទេសស៊ូដង់ ស៊ីរី ហ្គាហ្សា និងអ៊ុយក្រែន។

អង្គការសហប្រជាជាតិ បានកាត់បន្ថយការស្វែងរកថវិកាជំនួយពីចំនួន៥៦ពាន់លានដុល្លារ នៅឆ្នាំ២០២៣ មកនៅត្រឹមតែ៤៦ពាន់លានដុល្លារ នៅឆ្នាំ២០២៤ ខណៈដែលទឹកចិត្តរបស់ម្ចាស់ជំនួយបានធ្លាក់ចុះដោយសារពួកគេបានផ្តល់មូលនិធិត្រឹមតែ៤៣% ដែលជាអត្រាមួយទាបបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ ហើយទីក្រុងវ៉ាស៊ីនតោន បានផ្តល់ជាង១០ពាន់លានដុល្លារ ដែលស្មើនឹងពាក់កណ្តាលនៃមូលនិធិដែលទទួលបាន។

ទីភ្នាក់ងារ OCHA បាននិយាយថា ពេលនេះបុគ្គលិកផ្ដល់ជំនួយត្រូវសម្រេចចិត្តដ៏លំបាក ដោយកាត់បន្ថយជំនួយស្បៀងអាហារចំនួន៨០%នៅប្រទេសស៊ីរី និងសេវាទឹកនៅក្នុងប្រទេសយេម៉ែន ដែលងាយរងគ្រោះដោយជំងឺអាសន្នរោគ។

ការស្វែងរកជំនួយថ្មីនេះបានធ្វើឡើងក្រោយពីប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ បាននិយាយថា លោក នឹងរក្សាថវិកាជំនួយរបស់អាម៉េរិក ឱ្យនៅដដែល គឺ១០ពាន់លានដុល្លារ ដូច្នេះហើយមន្ត្រីផ្ដល់ជំនួយ និងក្រុមអ្នកកាទូតរបស់សហប្រជាជាតិ ទំនងជានឹងធ្វើការកាត់បន្ថយជំនួយបន្ថែមទៀតតាមលទ្ធភាពដែលអាចធ្វើបាននាពេលអនាគត៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ជប៉ុនគ្រោងបង្កើតគម្រោងទាញយកថាមពលពន្លឺព្រះអាទិត្យពីក្នុងលំហតម្លៃជិត៧ពាន់លានដុល្លារ

ក្រុមអ្នកស្រាវជ្រាវជនជាតិ ជប៉ុន មួយក្រុមកំពុងពិសោធន៍លើការប្រើបច្ចេកវិទ្យាក្នុងការទាញយកថាមពលពន្លឺព្រះអាទិត្យពីក្នុងលំហរួចបញ្ជូនថាមពលទាំងនោះ…

សិង្ហបុរី អាចនឹងទទួលបានរំហូរចូលមូលធនកាន់តែច្រើននៅឆ្នាំ២០២៥ ពេលលោក ដូណាល់ ត្រាំ ចូលកាន់អំណាចជាថ្មី

ប្រទេសសិង្ហបុរី អាចនឹងទទួលបានរំហូរចូលមូលធនកាន់តែច្រើននៅឆ្នាំ២០២៥ ដោយផ្សារហ៊ុនក្នុងប្រទេសដែនកោះមួយនេះ ត្រូវបានព្យាករថា នឹងមានសន្ទុះហក់ឡ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ