ភាពទាក់ទាញនៃអត្រាការប្រាក់ក្នុងរង្វង់៥% បានជំរុញឱ្យទ្រព្យសកម្មនៅក្នុងមូលនិធិទីផ្សារប្រាក់ កើនឡើងខ្លាំងក្នុងឆ្នាំនេះ ជាមួយនឹងសាច់ប្រាក់សរុបកាលពីពេលថ្មីៗកើនដល់ជិត៦ទ្រីលានដុល្លារ។ តួលេខនេះបង្ហាញពីកំណើន២៤% បើធៀបនឹងឆ្នាំមុន ។
លោក ម៉ាក ញូវតុន អ្នកយុទ្ធសាស្រ្តបច្ចេកទេសមកពី ហ្វាន់ស្ទ្រែត (Fundstrat) ដែលជាក្រុមអ្នកជំនាញខាងផ្ដល់យុទ្ធសាស្ត្រ និងការស្រាវជ្រាវទីផ្សារ បានលើកឡើងថា លទ្ធផលនៃការស្ទង់មតិទទួលបានសុទិដ្ឋិនិយមកាន់តែច្រើននៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ សូចនាករនេះ នឹងក្លាយជាដំណឹងដ៏គួរឱ្យរីករាយសម្រាប់ផ្សារហ៊ុនពិភពលោក។ អ្នកជំនាញរូបនេះបានបន្ថែមថា មូលនិធិនានាអាចនឹងចាប់ផ្តើមបញ្ចេញសាច់ប្រាក់នៅក្នុងឆ្នាំថ្មី នៅពេលដែលទីផ្សារមានតុល្យភាពឡើងវិញ ហើយវានឹងជំរុញឱ្យផ្សារហ៊ុនហក់ឡើងបន្ថែមទៀត។
ការហក់ឡើងនៃផ្សារហ៊ុនពិភពលោកនឹងកើតឡើងយ៉ាងពិតប្រាកដ ប្រសិនបើធនាគារកណ្ដាលអាម៉េរិក ចាប់ផ្ដើមបញ្ចុះអត្រាការប្រាក់នៅឆ្នាំក្រោយ ដែលទីផ្សាររំពឹងថា នឹងមានការបញ្ចុះអត្រាការប្រាក់យ៉ាងតិចចំនួន៥លើក។ ប្រសិនបើធនាគារកណ្ដាលអាម៉េរិក បញ្ចុះអត្រាការប្រាក់នៅឆ្នាំក្រោយ អត្រាការប្រាក់គ្មានហានិភ័យលើមូលនិធិទីផ្សារប្រាក់ (Money Market Fund) នឹងធ្លាក់ចុះទៅជាមួយគ្នា ដែលធ្វើឱ្យការរក្សាទុកសាច់ប្រាក់ក្លាយជាជម្រើសមានភាពទាក់ទាញតិចជាងការដាក់ប្រាក់វិនិយោគក្នុងផ្សារហ៊ុន។
លោក ម៉ាក ញូវតុន បានបន្ថែមថា ការកើនឡើងនូវចំនួនសាច់ប្រាក់នេះកំពុងតែបង្ហាញថា សុទិដ្ឋិនិយមចំពោះភាគហ៊ុនមិនពុះកញ្ជ្រោលខ្លាំងនោះទេ សូម្បីនៅពេលផ្សារហ៊ុនធំៗរបស់សហរដ្ឋអាម៉េរិកដូចជាផ្សារហ៊ុន Dow Jones និងផ្សារហ៊ុន Nasdaq 100 ជាដើមបានហក់ឡើងខ្ពស់យ៉ាងណាក៏ដោយ៕
ដោយ: តែម សុខុម