មានទីក្រុងមួយចំនួននៅសហរដ្ឋអាមេរិកដូចជា Michigan, Washington, Colarado, Oregon, Ohio និង New York ជាដើម បានប្រកាសពីការគាំទ្រការណែនាំរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងប្រយុទ្ធប្រឆាំងជំងឺឆ្លង CDC ដោយអនុញ្ញាតឲ្យពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួច អាចចេញធ្វើដំណើរនៅខាងក្រៅដោយមិនចាំបាច់ពាក់ម៉ាសនោះទេ។
ទោះយ៉ាងណា ក៏នៅមានទីក្រុងជាច្រើនផ្សេងទៀត នៅមិនទាន់បានអនុវត្តតាមការណែនាំរបស់ CDC នៅឡើយទេ ដូចជានៅទីក្រុង Los Angeles ជាដើម ការពាក់ម៉ាសនៅតែបន្ដតម្រូវឲ្យធ្វើនៅឡើយ ពិសេសនៅអំឡុងពេលធ្វើការ នៅក្នុងទីកន្លែងសាធារណៈ រហូតដល់មានការត្រួតពិនិត្យជាថ្មីទៀត។
ក្រៅតែមានពីមានការបើកឲ្យពលរដ្ឋអាចចេញធ្វើដំណើរទៅខាងក្រៅ ដោយមិនចាំបាច់ត្រូវពាក់ម៉ាសហើយនោះ តាមការណែនាំរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងប្រយុទ្ធប្រឆាំងជំងឺឆ្លង CDC ក៏បានគូសបញ្ជាក់ទៀតថា មន្ត្រី និងបុគ្គលិកកិច្ចសន្យា និងអ្នកចូលទស្សនកិច្ចនៅក្នុងអគារ ឬកន្លែងរដ្ឋាភិបាលអាមេរិក ក៏ត្រូវបានអនុញ្ញាឲ្យចូល ដោយមិនចាំបាច់ពាក់ម៉ាសទៀតនោះដែរ ប្រសិនបើពួកគេបានចាក់វ៉ាក់សាំងគ្រប់ចំនួនត្រឹមត្រូវ។
ជាមួយគ្នានេះ ក្រុមហ៊ុន Walmart ដែលជាក្រុមហ៊ុនលក់រាយដ៏ធំ និងមានសាខាជាច្រើននោអាមេរិក ថ្មីៗនេះ ក៏បានប្រកាសប្រាប់បុគ្គលិករបស់ខ្លួនដូចគ្នាដែរថា បើសិនជាពួកគេបានចាក់វ៉ាក់សាំងរួចរាល់គ្រប់ចំនួនដូស គឺអាចមកធ្វើការបាន ដោយមិនចាំបាច់ពាក់ម៉ាសនោះទេ ចាប់ពីថ្ងៃអង្គារសប្ដាហ៍នេះតទៅ។ ប៉ុន្ដែ អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង គឺត្រូវតែពាក់ម៉ាសមកធ្វើការដដែល។ អ្នកដែលបានចាក់វ៉ាក់សាំងរួច ចូលទិញទំនិញក្នុងផ្សារលក់រាយ Walmart ក៏អាចដើរចូលទិញទំនិញដោយសេរីមិនចាំបាច់ត្រូវពាក់ម៉ាស់ដូចគ្នាដែរ។
សូមបញ្ជាក់ថា ការបន្ធូរបន្ថយវិធានការការពារកូវីដ-១៩ របស់អាមេរិកនាពេលនេះ គឺបន្ទាប់ពីប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១ក្នុងលោកមួយនេះ បាននិងកំពុងសម្រុកចាក់វ៉ាក់សាំងដល់ពលរដ្ឋរបស់ខ្លួនយ៉ាងគំហុក ហើយថ្មីៗនេះ អាមេរិកមិនត្រឹមតែចាក់វ៉ាក់សាំងជូនមនុស្សពេញវ័យទេ សូម្បីតែក្មេងវ័យចន្លោះពីអាយុ១២ ដល់១៥ឆ្នាំក៏ទទួលបានការចាក់វ៉ាក់សាំងដែរ។
គិតត្រឹមថ្ងៃអាទិត្យសប្ដាហ៍មុននេះ អាមេរិកបានចាក់វ៉ាក់សាំងសរុបជាង ២១៧០លានដូសហើយ ក្នុងនោះ អ្នកដែលបានចាក់យ៉ាងតិចមួយដូសមានជាង ១៥៦លាននាក់ ខណៈដែលអ្នកបានចាក់គ្រប់ចំនួន២ដូស មានជាង ១២១លាននាក់។ សរុបមកទល់ពេលនេះ អាមេរិកមានប្រជាជនជាង ៣៦% នៃចំនួនប្រជាជនសរុបហើយ ដែលបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ចំនួនដូស។ ប្រភេទវ៉ាក់សាំងដែលចាក់នៅអាមេរិករួមមាន Moderna, Pfizer/BioNTech និង វ៉ាក់សាំង Johnson &Johnson៕