រដ្ឋបាលលោកចូបៃឌិនបានចាប់ផ្ដើមបន្ធូរបន្ថយការធ្វើពាណិជ្ជកម្មជាមួយនឹងប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនជាបណ្ដើរៗឡើងវិញហើយ បន្ទាប់ពីកាលជំនាន់លោកដូណាល់ត្រាំនៅជាប្រធានាធិបតីបានបន្សល់ទុកនៅភាពរកាំកូសជាច្រើនលើការធ្វើពាណិជ្ជកម្មជាមួយប្រទេសដៃគូ។ តួយ៉ាង កាលពីចុងឆ្នាំ២០២១ អាមេរិកក៏ទើបតែសម្រេចបញ្ចប់ជម្លោះពន្ធគយលើទំនិញដែកថែប និងអាលុយមីញ៉ូមជាមួយនឹងសហភាពអឺរុប ហើយនៅថ្ងៃទី៧ កុម្ភៈឆ្នាំ២០២២នេះ អាមេរិកក៏បានលុបចោលការយកពន្ធ ២៥% លើមុខទំនិញដែកថែបពីប្រទេសជប៉ុនផងដែរ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប្រកាសពីការព្រមព្រៀងផ្នែកពន្ធជាមួយនឹងជប៉ុន ដូចដែលអាមេរិកបានធ្វើជាមួយនឹងអឺរ៉ុបនាពេលកន្លងមកនេះ វានឹងជួយឲ្យអាមេរិក អាចកសាងនូវទំនាក់ទំនងឡើងវិញជាមួយនឹងប្រទេសសម្ព័ន្ធមិត្ត នៅជុំវិញពិភពលោក នៅពេលដែលអាមេរិក និងដៃគូត្រូវធ្វើការប្រយុទ្ធប្រឆាំងនឹងការធ្វើពាណិជ្ជកម្មមិនស្មើភាពពីសំណាក់ប្រទេសចិន។
សូមរំឭកថា កាលពីអំឡុងរដ្ឋបាល លោក ដូណាល់ ត្រាំ បានដាក់ពន្ធបន្ថែម ២៥% លើដែកថែប និងពន្ធ ១០% លើអាលុយមីញ៉ូមពីទីផ្សារដូចជាប្រទេសជប៉ុន និង អឺរ៉ុប។
ភាគីទាំងពីរត្រូវបានគេរំពឹងថានឹងបន្តពិភាក្សាលើការយកពន្ធដែលនៅសេសសល់បន្ថែមទៀត ដោយប្រទេសជប៉ុនបានជំរុញឱ្យសហរដ្ឋអាមេរិកលុបចោលទាំងស្រុងនូវពន្ធគយ ដែលបានដាក់ដោយអតីតប្រធានាបតីមុនមកលើដែកថែប និងអាលុយមីញ៉ូម៕
អត្ថបទ ស៊ើង និមល់