ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានប្រគល់លិខិតអនុម័តដើម្បីជូនដំណឹងដល់សភារួចហើយ បន្ទាប់ពីមានការយល់ព្រមពីក្រសួងការបរទេសសម្រាប់ការលក់គ្រឿងបន្លាស់នាវាចម្បាំងទៅឱ្យទីក្រុងតៃប៉ិ ខណៈវាជាការស្នើសុំដោយការិយាល័យតំណាងតៃវ៉ាន់នៅក្នុងទីក្រុងវ៉ាស៊ីនតោន។
ទីភ្នាក់ងារដដែលបានអះអាងថា ការលក់នេះគ្របដណ្តប់លើគ្រឿងបន្លាស់ និង គ្រឿងជួសជុលជាច្រើនប្រភេទ សម្រាប់នាវាចម្បាំង និងប្រព័ន្ធនាវា ជំនួយបច្ចេកទេសភស្តុភារ និងការដឹកជញ្ជូន ហើយនឹងមានបញ្ជូនអ្នកជំនាញផ្នែកបច្ចេកទេសអាមេរិកទៅជួសជុលនាវាចម្បាំងនោះផងដែរ។
ទីភ្នាក់ងារអាមេរិកដដែលនេះ ក៏បានបន្ថែមថា ការយល់ព្រមលក់គ្រឿងបន្លាស់ទាំងនេះ នឹងរួមចំណែកដល់និរន្តរភាពនៃកងនាវាតៃវ៉ាន់ក្នុងការបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីទប់ទល់នឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគតពីសំណាក់ទីក្រុងប៉េកាំង។
កោះតៃវ៉ាន់បានអះអាងថា ដោយមើលឃើញពីសកម្មភាពញឹកញាប់នាពេលថ្មីៗនេះរបស់នាវាចម្បាំងចិននៅក្នុងសមុទ្រ និង ដែនអាកាសជុំវិញកោះរបស់ខ្លួន គ្រឿងបន្លាស់នាវាចម្បាំង ដែលសហរដ្ឋអាមេរិកបានយល់ព្រមលក់ឱ្យខ្លួននេះ នឹងជួយរក្សាឧបករណ៍ និង ការប្រើប្រាស់បានត្រឹមត្រូវនៃនាវាកងទ័ពជើងទឹករបស់ខ្លួន និង បំពេញតម្រូវការក្នុងការត្រៀមខ្លួនក្នុងការប្រយុទ្ធ ប្រសិនបើចិនហ៊ានចូលវាយប្រហារតៃវ៉ាន់នៅពេលណាមួយមែននោះ។
ទោះយ៉ាងណា ភាគីទាំងពីរមិនបានផ្តល់ព័ត៌មានលម្អិតអំពីសម្ភារៈអ្វីខ្លះ ដែលតៃវ៉ាន់នឹងទទួលបាននោះទេ ប៉ុន្តែភាគច្រើននៃនាវាចម្បាំងសំខាន់ៗរបស់តៃវ៉ាន់ គឺ ផលិត និង រចនាដោយសហរដ្ឋអាមេរិក ដូច្នោះចាំបាច់ណាស់ គឺត្រូវការទិញគ្រឿងបន្លាស់ពីអាមេរិកដើម្បីជួសជុល។
គួររំឭកថា កោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យបានត្អូញត្អែរពីបេសកកម្មម្តងហើយម្តងទៀតដោយកងកម្លាំងអាកាសរបស់ចិននៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន ដែលជាផ្នែកមួយនៃអ្វីដែលទីក្រុងវ៉ាស៊ីនតោនមើលឃើញថា ជាការដាក់សម្ពាធរបស់ទីក្រុងប៉េកាំងលើទីក្រុងតៃប៉ិឱ្យទទួលយកអធិបតេយ្យភាពរបស់ខ្លួន។ ក្នុងនោះ កងទ័ពជើងទឹករបស់ចិនក៏បាននិងកំពុងបំពេញបេសកកម្មជាទៀងទាត់កាន់តែខ្លាំងឡើងនៅជិតកោះតៃវ៉ាន់ផងដែរ។
ទោះយ៉ាងណា សហរដ្ឋអាមេរិក ដែលជាបងធំនៅពីក្រោយតៃវ៉ាន់ តែងតែបានសន្យាជាមួយទីក្រុងតៃប៉ិថា នឹងជួយការពារតៃវ៉ាន់ ប្រសិនបើចិនចូលវាយប្រហារកោះនេះនៅពេលណាមួយនោះ។ នៅគ្រាដែល ទីក្រុងប៉េកាំងវិញ តែងតែ ព្រមានផង ថ្កោលទោសផង ទៅកាន់អាមេរិក កុំឲ្យជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិនឲ្យសោះ ព្រោះចិនតែងតែចាត់ទុកតៃវ៉ាន់គឺជាខេត្តមួយរបស់ខ្លួន ហើយតៃវ៉ាន់គ្មានថ្ងៃអាចកាត់ផ្ដាច់ពីចិនបានឡើយ៕