អាមេរិក-ចិន-កម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងវីរុស​កូវីដ១៩

អាមេរិក​, ចិន បង្អួត​ព័ត៌មាន​អំពី​វ៉ាក់សាំង​វីរុស​កូវីដ១៩ នៅលើ​បណ្ដាញ​សង្គម​នៅថ្ងៃតែមួយ


គេអាចនិយាយបានថា វាជាភាពចៃដន្យ​ដែល​ក្នុង​ថ្ងៃតែមួយ ប្រទេស​មហាអំណាច​ពិភព​លោក​ពីរ គឺ សហរដ្ឋ​អាមេរិក​ និង​ចិន បាន​បង្អួត​ព័ត៌មាន​គ្នា​អំពីការបង្កើត​វ៉ាក់សាំង​ការពារវីរុស​កូវីដ១៩ នៅ​លើ​បណ្ដាញ​សង្គម​ស្ថានទូត​របស់ខ្លួន ប្រចាំ​នៅ​កម្ពុជា។
អាមេរិក​, ចិន បង្អួត​ព័ត៌មាន​អំពី​វ៉ាក់សាំង​វីរុស​កូវីដ១៩ នៅលើ​បណ្ដាញ​សង្គម​នៅថ្ងៃតែមួយ (នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០)។
ដោយ

នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ ទំព័រ​ហ្វេសប៊ុក​ផ្លូវការរបស់ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅកម្ពុជា បាន​​ចែក​រំលែក​ដំណឹង​មួយ ថា "សហរដ្ឋ​អាមេរិក​​វិវឌ្ឍ​ទៅរក​ការ​ផលិត​វ៉ាក់សាំងការពារវីរុស​កូវីដ១៩"ដោយ​ក្នុង​អត្ថបទនោះ សរសេរ​ថា "អ្នកវិទ្យាសាស្ត្រ​អាមេរិកជិត​បង្កើត​​វ៉ាក់សាំង​បាន​ហើយ ដើម្បី​ធ្វើ​ឲ្យ​ពិភពលោក​មាន​សុវត្ថិភាពពីវីរុស​កាចសាហាវ កូវីដ១៩។"

អត្ថបទដដែល​សរសេរថា គម្រោងភាពជាដៃគូ​អាមេរិកជាច្រើន​កំពុង​ធ្វើតេស្ត​វ៉ាក់សាំងមួយចំនួន​នៅ​លើ​ខ្លួន​មនុស្ស​រួចជាស្រេចទៅ​ហើយ ដែលនេះជាជំហានទៅមុខមួយ​ដ៏ធំក្នុងការ​បង្ហាញថា វ៉ាក់សាំងនេះ​មាន​សុវត្ថិភាពនិង​ប្រសិទ្ធភាព។ ហើយ​ក៏មាន​គម្រោង​មួយចំនួនផ្សេងទៀត កំពុង​រិះរក​វិធី​ថ្មីៗដើម្បី​ផ្ដល់​វ៉ាក់សាំងនេះ​ដល់​ប្រជាជន នៅពេលដែល​បង្កើតរួច​រាល់​ជាស្ថាពរ ផង​ដែរ។ 

អត្ថបទ​ខាងលើ បន្ត​ថា កិច្ច​ប្រឹងប្រែង​នេះ​ទទួលបាន​ការ​ជំរុញ​ឲ្យ​រឹតតែ​លឿនថែមទៀត នៅពេលដែលប្រធានាធិបតី​អាមេរិក លោក ដូណាល់​ ត្រាំ បាន​អនុម័ត​មូលនិធី​សហព័ន្ធ​ ៨,៣​ពាន់លានដុល្លារអាមេរិក ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូវីដ១៩។

ប៉ុន្មាន​ម៉ោង​ក្រោយ​មក នៅថ្ងៃនេះដដែល នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការរបស់ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា គេឃើញ​មាន​ការ​ផ្សាយ​ព័ត៌មាន​អំពី​កិច្ច​ប្រឹងប្រែង​បង្កើត​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូវីដ១៩ របស់ចិន​ផង​ដែរ។ 

អត្ថបទនៅ​លើ​ទំព័រ​ហ្វេសប៊ុក​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា សរសេរ​ថា នាថ្ងៃទី១២ ខែមេសា វ៉ាក់សាំង Adenovirus សម្រាប់​វីរុស COVID-19 ដែលត្រូវបានស្រាវជ្រាវដោយក្រុមអ្នកជំនាញដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន ត្រូវ​បានឈាន​ដល់​ដំណាក់កាល​ពិសោធន៍​ព្យាបាល​ជំងឺ​លើកទី២។

អត្ថបទដដែល​ បន្តថា "ក្នុង​បណ្ដាញប្រព័ន្ធផ្សព្វផ្សាយរបស់អង្គការសុខភាពពិភពលោក បាន​ប្រកាសថា នេះ​ជា​វ៉ាក់សាំង​សម្រាប់​ជំងឺ​វីរុស COVID-19 តែមួយ​គត់ លើ​ពិភពលោក​ដែល​បាន​ឈានដល់​ដំណាក់កាល​ពិសោធន៍​ព្យាបាល​ជំងឺ​លើក​ទី២។"

អាមេរិក​​​ជួយ​អ្វី​ខ្លះដល់​កម្ពុជា ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​វីរុសកូវីដ១៩?

សហរដ្ឋ​អាមេរិក តាមរយៈទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​របស់ខ្លួន ហៅកាត់ USAID បានផ្ដល់​ជំនួយ​មូលនិធិប្រហែល ២លានដុល្លារ ជួយដល់រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការត្រៀមលក្ខណៈ​ប្រព័ន្ធ​មន្ទីរពិសោធន៍ អនុវត្ត​ការងារ​ស្វែងរក​ករណី និង​ការឃ្លាំមើល​ ព្រមទាំងគាំទ្រ​ដល់​អ្នកជំនាញ​បច្ចេកទេស​សម្រាប់​ការងារ​ឆ្លើយតប និង​ត្រៀមលក្ខណៈ ផងដែរ។ នេះ​បើ​យោង​តាម​របាយការណ៍ Factsheet ផ្ដល់​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំកម្ពុជា។ 

ជាមួយគ្នានេះដែរ មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​និង​បង្ការ​ជំងឺ​ឆ្លង​របស់សហរដ្ឋ​អាមេរិក (CDC) ក៏កំពុងជួយ​ប្រទេស​កម្ពុជា​លើ​ការងារ​គ្រប់គ្រង​ការព្យាបាល​​និង​តាមដានស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​នឹង​អ្នកជំងឺ ការធ្វើតេស្ត​ក្នុង​មន្ទីរពិសោធន៍ ការឃ្លាំមើល និង​ការ​គ្រប់គ្រង​ការឆ្លងរាតត្បាត ផងដែរ។ 

សព្វថ្ងៃនេះដែរ គ្រូពេទ្យ​ជំនាញ​ខាងជំងឺ​ឆ្លងមួយរូប មកពី​វិទ្យាស្ថាន​សុខាភិបាល​ជាតិ​របស់សហរដ្ឋ​អាមេរិក (NIH) កំពុង​ជួយ​ផ្ដល់​ការពិគ្រោះ​ព្យាបាល​ និង​រៀបចំ​បង្កើត​គោលការណ៍ណែនាំ​ថែទាំ​ព្យាបាល ឲ្យ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ (មន្ទីរពេទ្យ​ឯកជន​មួយនៅ​កម្ពុជា ដែល​ផ្ដល់​សិទ្ធិ​ឲ្យ​ទទួលព្យាបាល​ជំងឺ​កូវីដ១៩)។ 

លោកទូត​អាមេរិក Patrick Murphy (ឆ្វេង) និង​លោក​រដ្ឋមន្ត្រី​សុខាភិបាល​កម្ពុជា ម៉ម ប៊ុនហេង។

ជំនួយ​ចិន​ដល់​កម្ពុជា នៅក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូវីដ១៩

កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យជំនាញមកពីប្រទេសចិន​ចំនួន ៧នាក់ ត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមជាមួយកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគ Covid-19 តាមរយៈការជួយព្យាបាល និងបង្ហាត់ក្រុមគ្រូពេទ្យរបស់កម្ពុជា។ 

បន្ថែម​ពី​លើ​ក្រុមគ្រូពេទ្យជំនាញចំនួន ៧នាក់នេះ រដ្ឋាភិបាលចិន ក៏បានបញ្ជូនភ្ជាប់មកជាមួយនូវសម្ភារៈបរិក្ខារវេជ្ជសាស្ត្រចំនួន ១១ មុខទៀត សម្រាប់ប្រើប្រាស់ក្នុងការងារប្រយុទ្ធប្រឆាំងនឹងមេរោគ Covid-19 នេះ ដែលរួមមានដូចជា ស្រោមដៃ, ម៉ាស់វះកាត់, ម៉ាស់វេជ្ជសាស្ត្រ, ម៉ាស់ N95, មួក, គម្របស្បែកជើង, អាវអ៊ាម, សម្លៀកបំពាក់ សុវត្ថិភាពមន្ត្រី​សុខាភិបាល, របាំងមុខវេជ្ជសាស្ត្រ, ទែម៉ូម៉ែត្រ​វាស់កំដៅប្រើ​អ៊ិន​ហ្វ្រារ៉េត, និង​វ៉ែនតា​សុវត្ថិភាព។ 

ពុំមានរបាយការណ៍​ណា​បង្ហើប​ឲ្យ​ដឹង​អំពី​តម្លៃគិតជាទឹកប្រាក់​ នៃ​បរិក្ខារពេទ្យ​ជំនួយ​របស់​ចិនទាំង​នេះ នោះឡើយ៕

ក្រុមគ្រូពេទ្យជំនាញចិន ៧នាក់ មកដល់កម្ពុជា កាលពីថ្ងៃទី២៣ មីនា ២០២០ ដើម្បី​ជួយ​ក្នុងការប្រយុទ្ធប្រឆាំងវីរុស​កូវីដ១៩
None



អត្ថបទបន្ទាប់


ធនាគារ​ជាតិ​៖ រាជរដ្ឋាភិបាល​​ប្រកាស​កញ្ចប់​ថវិកា​២​ប៊ីលាន​ដុល្លារ ដោះស្រាយ​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ១៩

លោកជំទាវ ជា សេរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួ…

កូវីដ-១៩៖ ចំនួនអ្នកជាសះស្បើយកើនដល់ ៩៦នាក់ហើយ ក្នុងចំណោមអ្នកឆ្លងសរុប១២២នាក់

នៅថ្ងៃទី ១៥ ខែមេសានេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា បានមិនមានករណីឆ្លងថ្មីបន្ថែមទៀតទេ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបទាំងអស់នៅមាន ១២២ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ