ការឆ្លើយតបទៅកាន់ និងចោទប្រកាន់ខ្លាំងៗទៅលើសហរដ្ឋអាមេរិកពីមន្រ្តីជាន់ខ្ពស់ចិនប្រចាំនៅក្រុងហុងកុងដូចនេះ ធ្វើឡើងនៅបន្ទាប់ពីការដាក់សម្ពាធផ្ទួនៗពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មកលើក្រុងប៉េកាំង ក្នុងសំណុំរឿងជាច្រើន ដូចជាបញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង និងហុងកុង និងបញ្ហាសេដ្ឋកិច្ច អាជីវកម្មផងដែរ។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន អាមេរិកបានចេញមុខព្រមានក្រុមហ៊ុនអាមេរិកទាំងឡាយណាដែលមានប្រតិបត្តិការអាជីវកម្មនៅហុងកុង អំពីហានិភ័យនៃលទ្ធភាពរបស់រដ្ឋាភិបាលចិនក្នុងការប្រមូលយកទិន្នន័យរបស់ក្រុមហ៊ុនអាមេរិកណា ដែលរក្សាទុកទិន្នន័យទាំងនោះនៅហុងកុង។
ជាមួយគ្នានេះ កាលពីថ្ងៃសុក្រសប្តាហ៍មុន រដ្ឋបាលលោកចូបៃឌិន បានបន្ថែមទណ្ឌកម្មលើមន្ត្រីចិនចំនួនប្រាំពីរនាក់ទៀតជុំវិញការពាក់ព័ន្ធនឹងការបង្រ្កាបចលនាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅហុងកុងកាលពីឆ្នាំ២០១៩។
នៅថ្ងៃដដែល ព្រឹទ្ធសភាអាមេរិកបានអនុម័តច្បាប់ហាមឃាត់ការនាំចូលមុខទំនិញទាំងអស់ ដែលផលិតចេញពីតំបន់ស្វយ័តស៊ិនជាំងអ៊ុយហ្គួរប្រទេសចិន ក្រោមហេតុផល មានការសម្របសម្រួលឲ្យមានការការធ្វើការងារដោយបង្ខំ ដោយចាប់ឃុំខ្លួនជនជាតិអ៊ុយហ្គួរ និង កម្មករកាន់សាសនាមូស្លីមផ្សេងៗទៀតសរុបប្រមាណជិត១លាននាក់តាំងពីឆ្នាំ២០១៦មកម្ល៉េះ។
មិនយូរប៉ុន្មានក្រោយមក ក្នុងថ្ងៃបន្ទាប់ អ្នកនាំពាក្យក្រសួងការបរទេសចិនប្រចាំនៅហុងកុងបានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពរបស់សហរដ្ឋអាមេរិក ដោយភាគីចិនបានចោទប្រកាន់ថា ជាការជ្រៀតជ្រែកដោយបើកចំហទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ហុងកុងនិងរដ្ឋាភិបាលចិនដីគោក។
ទន្ទឹមនឹងនេះ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន អ្នកនាំពាក្យក្រុងហុងកុង ក៏បានចេញមកនិយាយដែរថា ទីក្រុងវ៉ាស៊ីនតោនបានព្យាយាមម្តងហើយម្តងទៀតដើម្បីបង្កាច់បង្ខូចក្រុងប៉េកាំង ក៏ដូចជាច្បាប់សន្តិសុខជាតិ ដែលត្រូវបានអនុម័តឲ្យយប្រើប្រាស់តាំងពីឆ្នាំទៅមិញមកម្ល៉េះ។
សូមបញ្ជាក់ថា នេះមិនមែនជារឿងថ្មី ហើយក៏មិនមែនជាលើកទី១ដែរ ដែលប្រទេសមហាអំណាច គូប្រជែងទាំងពីររមែងមាន សង្គ្រាមពាក្យសំដីនឹងគ្នា ជាពិសេសសហរដ្ឋអាមេរិកតែម្តងដែលតែងតែសាចទឹកដាក់ប្រទេសចិន ជុំវិញសំណុំរឿងជាច្រើន ដែលភាគច្រើនជាបញ្ហាសិទ្ធិមនុស្ស។
យ៉ាងណាមិញ គេអាចកត់សម្គាល់បានថា នៅមួយរយៈចុងក្រោយសហរដ្ឋអាមេរិកក្រោមរដ្ឋបាលរបស់លោកចូ បៃឌិន បានបង្កើនកិច្ចខិតខំប្រឹងប្រែងជាច្រើនក្នុងការដាក់សម្ពាធ កាន់តែខ្លាំងមែនទែនទៅលើរបបក្រុងប៉េកាំង ស្របពេលដែលបុរសខ្លាំងរបស់ចិន លោក ស៊ី ជីនពីង សច្ចាថានឹងកម្ចាត់ចោលអោយអស់បរទេសណា ដែលចង់បំបែកបំបាក់ប្រទេសចិន៕