សហរដ្ឋអាមេរិកនៅបន្តឈរក្នុងតារាងលំដាប់ទី៣ នៃប្រទេសដៃគូពាណិជ្ជកម្មធំៗរបស់ចិនដដែល និងតាមពីក្រោយដោយអាស៊ាន និងសហភាពអឺរ៉ុបសម្រាប់ឆ្នាំ២០២១កន្លងទៅនេះ។ ជាងនេះទៅទៀត ទំហំពាណិជ្ជកម្មចិន-អាមេរិកបច្ចុប្បន្ន គឺស្មើនឹង ២ដងនៃទំហំពាណិជ្ជកម្ម របស់ចិនជាមួយប្រទេសជប៉ុន ដែលជាដៃគូពាណិជ្ជកម្មធំលំដាប់ទីបួនរបស់ខ្លួន។
តួយ៉ាង របាយការណ៍ពីអាជ្ញាធរគយរបស់ចិនឲ្យដឹងទៀតថា ការនាំចេញពីប្រទេសចិនទៅអាមេរិកនៅឆ្នាំ២០២១ មានទឹកប្រាក់ប្រមាណ ជាង ៥៧៦ពាន់លានដុល្លារកើនឡើងជិត ២៨%ធៀបនឹងឆ្នាំ២០២០ ខណៈការនាំចូលពីអាមេរិកមកវិញ មានដល់ទៅប្រមាណ ១៨០ពាន់លានដុល្លារកើនដល់ជាង ៣៣% ។ ផ្អែកលើតួលេខនាំចេញនាំចូលនេះ បង្ហាញឲ្យឃើញថា ចិនមានអតិរេកពាណិជ្ជកម្មជាមួយអាមេរិកដល់ទៅ ជិត៤០០ពាន់លានដុល្លារ កើនឡើង២៥% ធៀបនឹងឆ្នាំ២០២០។
គួរកត់សម្គាល់ថា កំណើននេះតំណាងឲ្យការរក្សាបាននូវសម្ទុះដ៏រឹងមាំក្នុងការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ទោះបីជាមានការដំឡើងពន្ធបន្ថែមលើមុខទំនិញជាច្រើន ស្របពេលដែលប្រទេសពីរកំពុងមានភាពតានតឹងផ្នែកនយោបាយការទូតសេដ្ឋកិច្ចពាណិជ្ជកម្មដែលធ្វើឱ្យមានបញ្ហារកាំរកូសដល់ទំនាក់ទំនងទ្វេភាគីក៏ដោយចុះ។
សូមជម្រាបថា សម្ទុះពាណិជ្ជកម្មដ៏ខ្លាំងក្លារវាងចិន និងអាមេរិកដូចនេះ ក៏បានរួមចំណែកពីផលប៉ះពាល់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ពីក្នុងចំណោមប្រទេសសមាជិកអាស៊ានផងដែរ ដោយសារតែប្រទេសទាំងនេះកាលពីឆ្នាំមុនបានរងផលប៉ះពាល់ខ្លាំងពីកូវីដ១៩ ជាហេតុធ្វើឲ្យចិនមានឱកាសផ្គត់ផ្គង់ច្រើនដល់សហរដ្ឋអាមេរិក។ ដោយឡែក ការជំរុញការចាក់វ៉ាក់សាំងនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ក៏បានជួយឲ្យការចំណាយរបស់អ្នកប្រើប្រាស់ងើបឡើងវិញផងដែរ ជាហេតុធ្វើឲ្យមានតម្រូវការទំនិញច្រើនពីប្រទេសចិនកើនឡើងដូចគ្នាដែរ៕