ទោះបីជាមានការរារាំងពីសំណាក់រដ្ឋាភិបាលចិនដីគោកក៏ដោយ តែសហរដ្ឋអាមេរិកនៅតែបន្តបរិច្ចាគវ៉ាក់សាំងជាបន្តបន្ទាប់ទៅឱ្យកោះតៃវ៉ាន់ ព្រោះថា កោះនេះត្រូវបានសហរដ្ឋអាមេរិកចាត់ទុកថា ជាដៃគូដ៏សំខាន់ ទាក់ទងនឹងការដោះស្រាយបញ្ហាសុខភាពសកល។ ទន្ទឹមនេះ មេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៊ីង វេន បានចាត់ទុកអំណោយវ៉ាក់សាំងរបស់អាមេរិក គឺការបរិច្ចាគបង្ហាញថា ការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់តៃវ៉ាន់ គឺ រឹងមាំខ្លាំងណាស់។
មេដឹកនាំតៃវ៉ាន់ បានបន្តទៀតថា ដោយផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃមិត្តភាពនេះ តៃវ៉ាន់នឹងបន្តធ្វើការឱ្យកាន់តែស៊ីជម្រៅ រវាងភាពជាដៃគូជាមួយសហរដ្ឋអាមេរិកលើគ្រប់វិស័យ។គួរបញ្ជាក់ថា ក្រោមហេតុផលនយោបាយ កោះតៃវ៉ាន់ត្រូវបានរារាំងពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំងក្នុងការទទួលវ៉ាក់សាំងបរិច្ចាគ ឬ ទិញវ៉ាក់សាំងរបស់សហរដ្ឋអាមេរិក ដូចនេះហើយមន្ត្រីសហរដ្ឋអាមេរិក បានរិះគន់ទីក្រុងប៉េកាំងជុំវិញការរារាំងនេះផងដែរ ខណៈដែលរដ្ឋាភិបាលទីក្រុងប៉េងកាំង ក៏កំពុងព្យាយាមពង្រឹងឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់ខ្លួនតាមរយៈការទូតវ៉ាក់សាំងដូចគ្នាផងដែរ។
សូមរំឭកថា ក្រៅពីសហរដ្ឋអាមេរិក ក៏មានប្រទេសមួយចំនួនទៀត ដែលបានបរិច្ចាគវ៉ាក់សាំងដល់កោះតៃវ៉ាន់ ក្នុងនោះរួមមាន ប្រទេសជប៉ុន សាធារណរដ្ឋឆេក ប៉ូឡូញ និងលីទុយអានី។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់កោះតៃវ៉ាន់បានឱ្យដឹងថា មានមនុស្សប្រហែល ៧០ភាគរយ នៃប្រជាជនសរុបរបស់ខ្លួនបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១ ដូស និងអ្នកចាក់គ្រប់ចំនួន ២ ដូស មានប្រហែល ៣០ភាគរយនៃពលរដ្ឋសរុប៕