លោក Blinken បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក ផាក ជីន (Park Jin) ថា សហរដ្ឋអាមេរិកនៅតែបើកចំហរកិច្ចសន្ទនាជាមួយកូរ៉េខាងជើង ប៉ុន្តែទីក្រុងព្យុងយ៉ាងខ្លួនឯងទេ ដែលមិនបានអើពើនឹងការអំពាវនាវនេះ ហើយជំនួសមកវិញដោយការបានសាកល្បងកាំជ្រួចមីស៊ីល ហើយបានរៀបចំការត្រៀមលក្ខណៈដើម្បីបន្តការសាកល្បងនុយក្លេអ៊ែរឡើងវិញផងដែរចាប់តាំងពីឆ្នាំ ២០១៧ មក ។
លោក Blinken បានប្រាប់អ្នកយកព័ត៌មានទៀតថា សហរដ្ឋអាមេរិកនៅតែបន្តដាក់ទណ្ឌកម្ម ក៏ដូចជាបន្តដាក់សម្ពាធនានាទៅលើកូរ៉េខាងជើង "រហូតដល់របបផ្តាច់ការទីក្រុងព្យុងយ៉ាងនេះផ្លាស់ប្តូរមាគ៌ានយោបាយរបស់ខ្លួន" ។
ជាមួយគ្នានេះ លោក ផាក ជីន (Park Jin) ដែលរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង បាននិយាយថា ការបង្កហេតុណាមួយដោយកូរ៉េខាងជើង រួមទាំងការសាកល្បងនុយក្លេអ៊ែរ នឹងត្រូវបានឆ្លើយតបភ្លាមៗ និងខ្លាំងក្លាត្រលប់ទៅវិញ ហើយលោកក៏បានជំរុញឱ្យប្រទេសចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនទៅលើកូរ៉េខាងជើង ដើម្បីឲ្យបញ្ឈប់ការធ្វើតេស្ដអាវុធប្រល័យលោកផងដែរ។
លោក Park បានសង្កត់ធ្ងន់ថា កូរ៉េខាងជើងកំពុងដើរដល់ផ្លូវបំបែកមួយ ដោយនៅបន្តចង់សាកល្បងនុយក្លេអ៊ែរ ហើយប្រទេសនេះនឹងឯកោទៅៗពីពិភពលោក។ បើទោះបីជា ស្នើឲ្យចិនជួយនិយាយបញ្ចុះបញ្ចូលជាមួយទីក្រុងព្យុងយ៉ាងក្ដី ប៉ុន្ដែ លោក Park ហាក់គ្មានជំនឿថា ប្រទេសចិននឹងដើរតួនាទីជាវិជ្ជមានខ្លាំងណាស់ណាទេ ក្នុងការបញ្ចុះបញ្ចូលកូរ៉េខាងជើងឲ្យររក្សាសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េនោះ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងជំនួបរវាងរដ្ឋមន្ត្រីទាំងពីរនេះ លោក Park និង Blinken បានយល់ព្រមគ្នាបង្កើតក្រុមការងារពិសេសមួយ ដែលជាស្ថាប័នគោលនយោបាយដើម្បីដោះស្រាយ និងត្រួតពិនិត្យមើលឡើងវិញក្រោមឆ័ត្រនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ដែលការពារកូរ៉េខាងត្បូងកន្លងមក។
លោក Park បានបន្តថា ស្ថាប័ននេះនឹងដោះស្រាយលើការដាក់ពង្រាយយោធាយុទ្ធសាស្ត្រពិសេសនៅពេលចាំបាច់ណាមួយ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតទេ។ ហើយលោក Blinken ក៏បានបញ្ជាក់ដែរថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពមួយចំនួនរបស់ចិន និងរុស្ស៊ី ដែលជួយគាំទ្រដល់កម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើងថែមទៀតផង។
យ៉ាងណាមិញ ប្រេសិតតំណាងប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីសប្តាហ៍មុនថា ទីក្រុងប៉េកាំងមិនចង់ឃើញការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើងមួយផ្សេងទៀតនោះទេ ហើយនេះវាក៏ជាមូលហេតុមួយផ្នែកដែលខ្លួនបានវេតូជំទាស់នឹងសហរដ្ឋអាមេរិកក្នុងការជំរុញឲ្យអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតទៅលើទីក្រុងព្យុងយ៉ាង។
មែនទែនទៅ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិន និងរុស្ស៊ីបាននឹងកំពុងជំរុញឱ្យមានការបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង ក្រោមហេតុផលមនុស្សធម៌ ហើយដោយសង្ឃឹមថា វាអាចត្រូវបានបញ្ចុះបញ្ចូលឱ្យកូរ៉េខាងជើងត្រលប់ទៅរកកិច្ចចរចារឡើងវិញបាន៕
អត្ថបទ៖ ហ៊ុន គន្ធថៃ