
ដំណើរទស្សនកិច្ចរបស់មន្ត្រីការពារជាតិអាមេរិកនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាវាចម្បាំងរបស់ទាហានជើងទឹកចិន បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីរឹតចំណងរវាងយោធាចិននិងយោធាកម្ពុជា។
ទស្សនកិច្ចនេះទៀតសោត កើតឡើងបន្ទាប់ពីមានការចុះផ្សាយព័ត៌មានដែលចោទប្រកាន់ថា ចិនអាចនឹងសង់កំពង់ផែនៅខេត្តកោះកុង ដែលអាចនឹងប្រើប្រាស់ជាមូលដ្ឋានកងទ័ពជើងទឹក។ ប៉ុន្តែ ដំណឹងនេះត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជា ប្រកាសបដិសេធយ៉ាងដាច់ខាត។

ប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញ ឲ្យដឹងថា ក្នុងទស្សនកិច្ចពីរថ្ងៃនៅកម្ពុជានេះ លោកឧបការីរង Felter ជួបជាមួយលោកឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ ពិភាក្សាពីចក្ខុវិស័យរួមដែលចង់ឲ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិក មានភាពបើកចំហ និងមានភាពសេរី និងពិភាក្សាពីការដែលទំនាក់ទំនងរវាងយោធានិងយោធាដ៏ល្អមួយ អាចជួយកម្ពុជាក្នុងការរក្សាអធិបតេយ្យភាពរបស់ខ្លួនបាន ដោយគ្មានការបង្ខិតបង្ខំ ដើម្បីធានាបាននូវសន្តិភាព វិបុលភាព និងឯករាជ្យរបស់ប្រទេសកម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយ។
ក្នុងដំណើរនេះដែរ មន្ត្រីការពារជាតិសហរដ្ឋអាមេរិក ក៏គ្រោងពិភាក្សាពីជំហានបន្ទាប់ សម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងយោធា និងយោធា នៅពេលដែលរដ្ឋាភិបាលកម្ពុជា មានភាពជឿនលឿនក្នុងការពង្រឹងស្ថាប័ន និងអនុវត្តកំណែទម្រង់ ដែលរួមមាន ការទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា ប្រធានគណបក្សប្រឆាំង និងអនុញ្ញាតឲ្យសង្គមស៊ីវិលនិងប្រព័ន្ធផ្សព្វផ្សាយដំណើរការដោយសេរី ឡើងវិញ៕