ក្រោយពីខកចិត្តខ្លាំងចំពោះអង្គការ OPEC+ ជុំវិញការកាត់បន្ថយផលិតកម្មប្រេងដ៏សន្ធឹកសន្ធឹករបស់ខ្លួននោះ សហរដ្ឋអាមេរិកកំពុងជំរុញបង្កើតច្បាប់ថ្មីដើម្បីដាក់សម្ពាធលើអង្គការប្រទេសផលិត និងនាំចេញប្រេងរបស់ពិភពលោកមួយនេះ។
ការចេញច្បាប់ដោយឲ្យឈ្មោះថា «គ្មានក្រុមផលិត និងនាំចេញប្រេង» (NOPEC) កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីអង្គការផលិតប្រេង OPEC+ ដែលដឹកមុខដោយប្រទេសអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី បានសម្រេចចិត្តកាលពីថ្ងៃទី ៥ខែតុលាថា នឹងកាត់បន្ថយការផលិតប្រេងចំនួន ២ លានបារ៉ែលក្នុងមួយថ្ងៃ បើទោះបីជាការផ្គត់ផ្គង់ប្រេងពិភពលោកកំពុងជួបបញ្ហា និងភាពតានតឹង ដែលបង្កដោយសង្គ្រាមឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនយ៉ាងណាក្ដី។
មេដឹកនាំសម្លេងភាគច្រើននៃព្រឹទ្ធសភាអាមេរិក លោក Chuck Schumer បាននិយាយថា «អ្វីដែលអារ៉ាប៊ីសាអូឌីតបានធ្វើដើម្បីជួយលោក ពូទីន ក្នុងការបន្តធ្វើសង្រ្គាមដ៏សាហាវឃោរឃៅប្រឆាំងនឹងអ៊ុយក្រែន នឹងត្រូវបានចងចាំទុកដោយជនជាតិអាមេរិក ហើយយើងកំពុងសម្លឹងមើលនីតិវិធីច្បាប់ទាំងអស់ដើម្បីឆ្លើយតបនឹងទង្វើមិនគួរឲ្យកើតមាននេះ រួមទាំងច្បាប់ (NOPEC) ផងដែរ។
ក្នុងនោះដែរ ព្រឹទ្ធសមាជិកម្នាក់ទៀត លោក Chuck Grassley មកពីគណបក្សសាធារណរដ្ឋដែលគាំទ្រច្បាប់ NOPEC បាននិយាយដែរថា លោកមានបំណងភ្ជាប់វិធានការនេះជាវិសោធនកម្ម «ច្បាប់អនុញ្ញាតការពារផលប្រយោជន៍ជាតិ» នាពេលខាងមុខផងដែរ។
យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ផងដែរថា សហរដ្ឋអាមេរិកកំពុងពិនិត្យមើលឡើងវិញចំពោះជម្រើសផ្សេងៗទាក់ទងនឹងទំនាក់ទំនងរបស់ខ្លួនជាមួយអារ៉ាប៊ីសាអូឌីត បន្ទាប់ពីទីក្រុងរីយ៉ាដ និងប្រទេសនៃអង្គការ OPEC+ ផ្សេងទៀតបានយល់ព្រមក្នុងសប្តាហ៍កាត់បន្ថយផលិតកម្មប្រេងដ៏សម្បើមរបស់ខ្លួននោះ។ ទោះយ៉ាងណា លោក Blinken មិនបានបញ្ជាក់លម្អិតពីជំហានណា ដែលក្រុងវ៉ាស៊ីនតោនកំពុងពិចារណានោះទេ។
គណបក្សប្រជាធិបតេយ្យនៅក្នុងសភាអាមេរិក បានអំពាវនាវកាលពីថ្ងៃទី ៦ ខែតុលា ឱ្យកាត់បន្ថយការលក់អាវុធទៅឱ្យអារ៉ាប៊ីសាអូឌីតផងដែរ។ ចំណែកឯ សមាជិកសភាមួយចំនួនផ្សេងទៀត ក៏កំពុងចោទសួរពីទំនាក់ទំនងសន្តិសុខរវាងទីក្រុងវ៉ាស៊ីនតោនជាមួយទីក្រុងរីយ៉ាដ ដោយមានការខឹងសម្បារចំពោះការស្លាប់ជនស៊ីវិលនៅក្នុងប្រតិបត្តិការយោធា ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅក្នុងប្រទេសយេម៉ែន ក៏ដូចជាការចោទប្រកាន់ថា មានការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរជាដើម។
ប្រធានាធិបតីអាមេរិក លោកចូ បៃដិន មានការព្រួយបារម្ភថា ការថយចុះទិន្នផលប្រេងអាចជំរុញឱ្យតម្លៃសាំងឡើងថ្លៃ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃទី ៨ ខែវិច្ឆិកា នៅសហរដ្ឋអាមេរិក នៅពេលដែលគណបក្សប្រជាធិបតេយ្យនឹងត្រូវរក្សាការគាំទ្រ នៅក្នុងសភាទាំងពីររបស់ខ្លួន៕