មេទ័ពនៃកងកម្លាំងជើងអាកាសអាមេរិកលោក Mike Minihan បានលើកឡើងយ៉ាងដូច្នេះនៅក្នុងសំណេរមួយទៅកាន់ថ្នាក់ដឹកនាំនៃសមាជិកយោធាជាង ១០ ម៉ឺននាក់ថា «ខ្ញុំសង្ឃឹមថាវាខុសទៅចុះ» ប៉ុន្តែញ្ញាណរបស់ខ្ញុំបានប្រាប់ខ្ញុំថា អាមេរិកនឹងប្រយុទ្ធជាមួយចិននៅឆ្នាំ២០២៥»។ លោក មៃក៍ គឺជាប្រធានបញ្ជាការចល័តកងទ័ពជើងអាកាស និងជាមេទ័ពផ្កាបួនរបស់សហរដ្ឋអាមេរិក។
យ៉ាងណាមិញ ទស្សនៈរបស់ឧត្តមសេនីយរូបនេះ មិនតំណាងទស្សនៈរបស់មន្ទីរបញ្ចកោណអាមេរិកទេ ប៉ុន្តែវាបង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះយោធានៃប្រទេសមហាអំណាចផុតលេខមួយនេះ ដែលថានៅពេលអនាគតដ៏ខ្លីខាងមុខ ចិនអាចនឹងវាយលុកកោះតៃវ៉ាន់ ដើម្បីសម្រេចក្តីស្រមៃការបង្រួបបង្រួមចិនតែមួយ។
បើតាមលោក Minihan បានសង្កត់ធ្ងន់ថា ទាំងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់នឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤ ដែលពេលនោះហើយ វានឹងក្លាយជាឱកាសដ៏ស័ក្ដិសមបំផុតសម្រាប់ចិនក្នុងវាយក្រសោបយកកោះប្រជាធិបតេយ្យមួយនេះដោយកម្លាំងតែម្តង។
ដោយឡែក មន្ត្រីការពារជាតិអាមេរិកម្នាក់បាននិយាយថា «ការអត្ថាធិប្បាយរបស់ឯត្តមសេនីយផ្កាយ៤រូបនេះ មិនតំណាងឱ្យទស្សនៈរបស់ក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកទៅលើប្រទេសចិននោះទេ»។ មែនទែនទៅ ប្រទេសចិនបានបង្កើនសម្ពាធការទូត យោធា និងសេដ្ឋកិច្ចកាន់តែខ្លាំងឡើងក្នុងរយៈចុងក្រោយនេះ។ ទីក្រុងប៉េកាំងតែងតែលើកឡើងថា ខ្លួននឹងមិនប្រើកម្លាំង ដើម្បីបង្រួបបង្រួមជាមួយកោះតៃវ៉ាន់នោះទេ តែនឹងប្រើកម្លាំងយោធា ប្រសិនបើតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យមែននោះ។
កាលពីដើមខែមករានេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា លោកមានការងឿងឆ្ងល់យ៉ាងខ្លាំងថា តើការបង្កើនសកម្មភាពយោធារបស់ចិននៅជិតច្រកសមុទ្រតៃវ៉ាន់ គឺជាសញ្ញានៃការឈ្លានពានជិតមកដល់ហើយឬយ៉ាងណា។
ជាការឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់រ៉យទ័រ ឧត្តមសេនីយទោ Patrick Ryder បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប្រកួតប្រជែងផ្នែកយោធាជាមួយប្រទេសចិន គឺជាបញ្ហាប្រឈមដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក។ លោកបាននិយាយថា «ការផ្តោតរបស់អាមេរិកនៅតែលើឈរលើការធ្វើការរួមគ្នាជាមួយសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូ ដើម្បីរក្សាសន្តិភាព សេរី និងបើកចំហនៃតតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។