ជំនួយមនុស្សធម៌នេះ ផ្ដល់តាមរយៈទីភ្នាក់ងារផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក USAID ។
នៅទូទាំងប្រទេសកម្ពុជា ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ដោយសារឥទ្ធិពលពីព្យុះ តាំងពីដើមខែតុលាមក បានបណ្តាលឲ្យមានគ្រោះទឹកជំនន់ភ្លាមៗ ដែលបណ្តាលឲ្យមនុស្សចំនួនយ៉ាងតិច ២៤នាក់ (កុមារ ៨នាក់) ប៉ះពាល់ដល់មនុស្សចំនួនប្រមាណ ២៥ម៉ឺននាក់ (គិតត្រឹមថ្ងៃទី១៧ តុលា ២០២០ និងផ្អែកតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ) និងខូចខាតដល់ដំណាំកសិកម្មជាច្រើនម៉ឺនហិកតា ។
គ្រោះទឹកជំនន់ពីទឹកភ្លៀងនៅឆ្នាំនេះ ត្រូវបានគេមើលឃើញថា មានសភាពធ្ងន់ធ្ងរជាងបណ្ដាឆ្នាំមុនៗ ដោយនៅឆ្នាំនេះ ខេត្តរាជធានីចំនួន ១៩ ស្មើនឹង ៧១ក្រុង/ស្រុក/ខណ្ឌ បានរងផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិនេះ ។
ជាការឆ្លើយតប ការិយាល័យផ្នែកជំនួយមនុស្សធម៌របស់ទីភ្នាក់ងារ USAID ធ្វើជាដៃគូជាមួយអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់ជំនួយសម្រាប់គ្រាបន្ទាន់ ដល់មនុស្សដែលរងការប៉ះពាល់ដោយទឹកជំនន់នេះ។
ជាមួយនឹងភ្លៀងខ្លាំង និងព្យុះដែលត្រូវបានព្យាករណ៍ សម្រាប់ពេលប៉ុន្មានថ្ងៃខាងមុខនេះ អ្នកជំនាញផ្នែកគ្រោះមហន្តរាយនៃទីភ្នាក់ងារ USAID បន្តតាមដានសេចក្តីត្រូវការផ្នែកមនុស្សធម៌ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរក្នុងស្រុកសម្រាប់គ្រាអាសន្ន និងដៃគូរបស់យើងនៅនឹងកន្លែង។
គិតតាំងពីឆ្នាំ ២០១៨ មក ជំនួយរបស់ទីភ្នាក់ងារ USAID បានជួយអង្គការ WFP នៅក្នុងការចាប់ដំណើរការទំរង់កម្មវិធីគ្រប់ជ្រុងជ្រោយលើកដំបូងបង្អស់ ស្តីពីការគ្រប់គ្រងហានិភ័យនៃមហន្តរាយ (កម្មវិធីសម្រាប់តាមដានស្ថានភាព និងផលប៉ះពាល់ភ្លាមៗ) នៅកម្ពុជា ដើម្បីពង្រឹងការត្រៀមរៀបចំទប់ទល់ និងការឆ្លើយតប ដើម្បីសង្រ្គោះជីវិត និងកាត់បន្ថយផលប៉ះពាល់ទៅលើផ្នែកសេដ្ឋកិច្ច សង្គម ដោយសារមហន្តរាយធម្មជាតិ។
គិតតាំងពីឆ្នាំ ២០០០ មក ទីភ្នាក់ងារ USAID បានផ្តល់ថវិកាចំនួនជាង ៧ លានដុល្លាសម្រាប់ឆ្លើយតបនឹងគ្រោះមហន្តរាយ ការត្រៀមរៀបចំបង្ការជាមុន និងជំនួយសម្រាប់កាត់បន្ថយហានិភ័យ នៅកម្ពុជា។ តាមរយៈភាពជាដៃគូរវាងតំបន់ទន្លេមេគង្គ និងសហរដ្ឋអាមេរិក សហរដ្ឋអាមេរិកថែមទាំងកំពុងតែពង្រឹងការត្រៀមបង្ការគ្រោះមហន្តរាយ និងការឆ្លើយតបនៅក្នុងស្រុក នៅទូទាំងប្រទេសទាំង ៥ ក្នុងតំបន់មេគង្គក្រោម ដែលរួមមានទាំងប្រទេសកម្ពុជាផងដែរ ៕