លោក ម៉េង ហៀង ថ្លែងដូច្នេះប្រាប់អ្នកសារព័ត៌មាន នៅខាងក្រៅវេទិកាធុរកិច្ច ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក ឆ្នាំ២០១៩ នៅទីក្រុងបាងកក កាលពីដើមខែវិច្ឆិកា ខណៈដែលលោក និងធុរជន សហគ្រិនកម្ពុជា ល្បីៗ ជិត ២០រូប បានទៅចូលរួមជាមួយមេដឹកនាំរដ្ឋាភិបាល និងវិស័យឯកជន ជាង ១០០០នាក់ មកពីជាង ២០ប្រទេសក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក រួមទាំងសហរដ្ឋអាមេរិក ផង។
លោក ម៉េង ហៀង ដែលថ្មីៗនេះ បានបោះទុនវិនិយោគ ជាង ៧០លានដុល្លារអាមេរិក រួមគ្នាជាមួយវិនិយោគិនជប៉ុន និងអាមេរិក លើការបង្កើត ជលវប្បដ្ឋានក្រុងអង្គរ និងអាណាចក្រជម្រកសត្វ (Angkor Aquarium and Animal Kingdom) នៅខេត្តសៀមរាប បាននិយាយថា វិស័យចម្បងដែលគេយកចិត្តទុកដាក់ខ្លាំង គឺវិស័យទេសចរណ៍។
លោកបាននិយាយដូច្នេះថា «យើងមានប្រាង្គប្រាសាទអង្គរវត្ត ហើយឥឡូវនេះ គេឃើញថា កម្ពុជាមានការស្នាក់នៅរបស់ទេសចរណ៍ហ្នឹងរយៈពេលខ្លី អ៊ីចឹង ជាយុទ្ធសាស្ត្រ ត្រូវធ្វើយ៉ាងម៉េចឲ្យទេសចរស្នាក់នៅបានយូរ។ ដើម្បីឲ្យទេសចរស្នាក់នៅបានយូរ យើងត្រូវបង្កើតផលិតផលទេសចរណ៍ផ្សេងៗ យកមកផ្សារភ្ជាប់នឹងបេតិកភណ្ឌប្រាង្គប្រាសាទដ៏ល្បីរបស់យើង»។
នៅពេលអ្នកសារព័ត៌មានសួរថា តើលោកគិតថា អ្នកវិនិយោគអាមេរិកអាចមករកស៊ីនៅស្រុកខ្មែរទេ បើទំនាក់ទំនងរដ្ឋអាមេរិកនិងកម្ពុជាហាក់មិនសូវល្អ លោក ម៉េង ហៀង និយាយថា ចំពោះអ្នកវិនិយោគ គេបែងចែកដាច់ពីគ្នារវាងនយោបាយ និងការរកស៊ី។
លោកនិយាយដូច្នេះ ថា «គេមិនសូវគិតរឿងនយោបាយរវាងអាមេរិក និងខ្មែរយើងប៉ុន្មានទេ ពីព្រោះយើងឈរលើសក្ដានុពល អ៊ីចឹង សម្រាប់អ្នកវិនិយោគ បើគេឃើញសក្ដានុពលខ្ពស់ គេវិនិយោគហើយ»។
កាលពីថ្ងៃទី៤ វិច្ឆិកា គណៈប្រតិភូធរុកិច្ចកម្ពុជាដែលមានគ្នាជិត ២០នាក់ មកពីក្រុមហ៊ុនធំៗល្បីៗ ទាំងក្រុមហ៊ុនក្នុងស្រុក ទាំងក្រុមហ៊ុនបរទេសដែលកំពុងរកស៊ីនៅម្ពុជា បានទៅចូលរួមវេទិកាធុរកិច្ច ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក ដោយមានការដឹកនាំដោយឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា។
វេទិកានេះ ជាឱកាសដែលធុរជន សហគ្រិនកម្ពុជា ភ្ជាប់ទំនាក់ទំនងជាមួយអ្នកវិនិយោគ ក្រុមហ៊ុនធំៗ មកពីតំបន់ឥណ្ឌូប៉ាស៊ីហ្វ៊ិក និងសហរដ្ឋអាមេរិក និងស្វែងយល់ពីឱកាសទទួលបានហិរញ្ញប្បទានសម្រាប់ការវិនិយោគ ពីធនាគារធំៗ និងស្ថាប័នហិរញ្ញប្បទានវិនិយោគធំៗពីក្រៅប្រទេស សម្រាប់ពង្រីកការវិនិយោគនៅកម្ពុជា។
លោក ម៉េង ហៀង គឺជាធុរជនមួយរូប ស្ថិតនៅក្នុងគណៈប្រតិភូនេះដែរ។ លោកជាវិនិយោគិនក្នុងស្រុក ដែលមានក្រុមហ៊ុនមិនតិចជាង ១០ទេ នៅក្នុងប្រទេសកម្ពុជា៕