បើតាមរបាយណ៍ ដដែលនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក គឺមានចំនួនប្រជាជន ប្រមាណ តែ៤ ភាគរយប៉ុណ្ណោះ នៃចំនួនប្រជាជនសរុបនៃពិភពលោក ប៉ុន្ដែ សហរដ្ឋអាមេរិក មានបរិមាណសំរាម ១២% នៃសំរាមពិភពលោកសរុប។ ក្នុងន័យនេះ គឺប្រជាជនអាមេរិកម្នាក់ៗ បន្សល់ចោលសំរាមជាង ១.៧០០ ផោន (ប្រមាណ ៧៧០ គីឡូក្រាម) ក្នុងមួយឆ្នាំៗ ដែលធ្វើឲ្យសំរាមរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១នេះ មានសំរាមប្រមាណ ២៣៩ លានតោន ក្នុងមួយឆ្នាំ។
ក្រៅពីអាមេរិក ប្រទេសចិន និងឥណ្ឌា ក៏ជាប្រទេសមានសំរាមច្រើនណាស់ដែរ ប៉ុន្ដែ បើគិតពីចំនួនប្រជាជន ធៀបនឹងបរិមាណសំរាមវិញ ឃើញថា ប្រទេសទាំងពីរនេះ មានកម្រិតសំរាមនៅគ្រាន់បើជាងអាមេរិក។ មាន័យថា ប្រជាជនអាមេរិក ម្នាក់ៗមានបន្សល់ចោលសំរាមច្រើនជាងប្រជាជនចិន និងឥណ្ឌាម្នាក់ៗ។ ជាក់ស្ដែង បើតាមរបាយការណ៍ បានឲ្យដឹងថា បើបូកបញ្ជូលគ្នា រវាងសំរាម ចិន និងឥណ្ឌា គឺមាន២៧% នៃបរិមាណសំរាមពិភពលោក ខណៈដែលចំនួនប្រជាជននៃប្រទេសទាំងពីរនេះចូលគ្នា គឺមាន២,៧ពាន់លាននាក់ ស្មើនឹង ៣៦% នៃចំនួនប្រជាជននៃពិភពលោកឯណោះ។ ចំណែកឯ សហរដ្ឋអាមេរិក មានប្រជាជន ប្រមាណ ៣២៧ លាននាក់ តែមានសំរាម១២ % នៃបរិមាណសំរាមរបស់ពិភពលោក។
បើធៀបជាមួយចិន ប្រជាជអាមេរិក គឺបន្សល់ចោលសំរាមច្រើនជាង ៣ដង នៃសំរាមដែលប្រជាជនចិនបន្សល់ចោល។
តាមការគណនា របស់ក្រុមហ៊ុន Verisk Maplecroft យ៉ាងហោចណាស់ នៅទូទាំងពិភពលោកមានសំរាមប្រមាណ ២,១ ពាន់លានតោន ត្រូវបានមនុស្សបន្សល់ចោលជារៀងរាល់ឆ្នាំ។
មិនមែនមានតែសហរដ្ឋអាមេរិកម្នាក់ឯងនោះទេ ដែលកំពុងប្រឈមមុខនឹងវិបត្តិសំរាមនេះ ប្រទេសអភិវឌ្ឍន៍ជាច្រើនទៀត នៅអឺរ៉ុប និងអាមេរិកខាងជើងជាដើមក៏មានបញ្ហានេះដែរ។ ប្រទេសដែលមានហានិភ័យសំរាមខ្លាំងជាងគេនោះ មានដូចជាអាមេរិក ហូឡង់ កាណាដា អូស្ត្រាលី ស្វីស័រឡែន អូទ្រីស អាល្លឺម៉ង់ បារាំង និងអូស្ត្រាលីជាដើម។
វិបត្តិសំរាមនៃប្រទេសទាំងនេះ បាននិងកំពុងកើនឡើងខ្លាំង បន្ទាប់ពីប្រទេសចិន បានសម្រេចបញ្ឈប់ឲ្យមានការនាំចូលសំរាមពីបរទេសសម្រាប់ការកែច្នៃក្នុងស្រុកតទៅទៀត តាំងពីឆ្នាំ២០១៨មកម្ល៉េះ។ ហើយសំរាមនៃប្រទេសទាំងអស់នោះ មានខ្លះក៏បាននិងកំពុងដឹកដោយលួចលាក់រសាត់អណ្ដែតមកកាន់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍កាន់តែច្រើនឡើងៗ។ ជាក់ស្ដែង កាលពីខែឧសភាថ្មីៗនេះ សំរាមពីប្រទេសកាណាដាជាច្រើនកុងតឺន័រ បានយកមកប្លុងចោលនៅកំពង់ផែភីលីពីន ហើយរដ្ឋាភិបាលប្រទេសនេះ ក៏បានប្រកាសផ្ញើសំរាមទាំងនោះទៅម្ចាស់ដើមវិញដែរ។ នៅប្រទេសម៉ាឡេស៊ី ក៏ជាប្រទេសស្ដុកសំរាមពីប្រទេសលោកខាងលិចធំមួយផងដែរ បន្ទាប់ពីប្រទេសចិន។ ហើយថ្មីៗនេះដែរ ម៉ាឡេស៊ី ក៏ធ្លាប់ប្រកាសបញ្ចូនសំរាមប្រមាណ ៣ពាន់តោន ទៅប្រភពដើមវិញដូចគ្នាដែរ។
គួរឲ្យចាប់អារម្មណ៍ជាងនេះនោះ ក្នុងសប្ដាហ៍ទី៣នៃខែកក្កដានេះ កំពង់ផែក្រុងព្រះសីហនុ របស់កម្ពុជា ក៏ទើបតែទទួលបានសំរាមប្លុងចោល៨៣ កុងតឺន័រ ទម្ងន់ជាង ១.៦០០ តោនផងដែរ។ បើតាមអាជ្ញាធរកម្ពុជា សំរាមទាំងនោះ គឺមានប្រភពមកពីអាមេរិក និងកាណាដា ហើយក៏ត្រៀមនឹងបញ្ជូនទៅប្រទេសដើមវិញដែរ។
ប្រទេសនៅតំបន់អាស៊ីគ្នេយ៍ជាច្រើន បាននិងកំពុងវិធានការទប់ស្កាត់ការហូរចូលសំរាមពីប្រទេសលោកខាងលិច។ តួយ៉ាង ប្រទេសម៉ាឡេស៊ី ត្រូវបានគេដឹងថា បានបញ្ឈប់ការនាំចូលសំរាមពីបរទេសតាំងពីខែ តុលា ឆ្នាំ២០១៨ ខណៈដែលប្រទេសថៃ អាចនឹងបញ្ឈប់បានទាំងស្រុងនៅឆ្នាំ២០២០។ រីឯប្រទេសឥណ្ឌូនេស៊ី ឥណ្ឌា និងវៀតណាមក៏កំពុងរឹតបន្តឹងច្បាប់លើការនាំចូលសំរាមពីក្រៅប្រទេសនេះផងដែរ។
តាមការព្យាករណ៍ពីធនាគារពិភពលោក នៅឆ្នាំ២០៥០ បរិមាណសំរាមរបស់ពិភពលោកនឹងកើនឡើងដល់ ទៅ ៣,៤ពាន់លានតោនឯណោះ៕