សហព័ន្ធការងារ និងអង្គការឧស្សាហកម្មដ៏ធំរបស់អាមេរិកហៅកាត់ថា AFL-CIO ដែលតំណាងឲ្យសម្លេងកម្មករជាង ១២លាននាក់នៅអាមេរិក បាននិយាយនៅក្នុងលិខិតមួយទៅកាន់សមាជិកសភាថា សេចក្តីព្រៀងច្បាប់ថ្មីខាងលើ ដែលគ្រោងនឹងបង្កើនចំណាយទំហំ ៥២ពាន់លានដុល្លារសម្រាប់វិស័យបន្ទះឈីប គឺមានសារៈសំខាន់ណាស់ ដើម្បីដោះស្រាយបញ្ហាកង្វះបន្ទះឈីបក្នុងពេលបច្ចុប្បន្ន ហើយកំពុងបន្តជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ផលិតកម្មក្នុងវិស័យយានយន្ត និងវិស័យផ្សេងទៀត។ គួរកត់សម្គាល់ថា សភាអាមេរិកគ្រោងនឹងលើកយកច្បាប់នេះមកពិភាក្សាបន្ថែមនៅចុងសប្តាហ៍នេះ។
ដោយឡែក នៅថ្ងៃពុធសប្តាហ៍នេះដែរ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក Gina Raimondo នឹងឡើងថ្លែងទៅកាន់សមាជិកសភា ដែលភាគច្រើនមកពីគណបក្សប្រជាធិបតេយ្យអំពីសារៈសំខាន់នៃច្បាប់នេះ។
អង្គការ AFL-CIO អះអាងថាសេចក្តីព្រៀងច្បាប់ខាងលើ នឹងផ្តល់នូវការកែលម្អដ៏សំខាន់ដល់សមត្ថភាពប្រកួតប្រជែងជាសកលរបស់អាមេរិក គាំទ្រដល់កម្មករដែលបាត់បង់ការងារអំឡុងពេលសង្គ្រាមពាណិជ្ជកម្ម និងដោយសារកូវីដ១៩ ព្រមទាំងបង្កើនវិធីសាស្ត្រដើម្បីប្រយុទ្ធប្រឆាំងនឹងពាណិជ្ជកម្មមិនស្មើភាពជាមួយបរទេសផងដែរ។
មិនត្រឹមតែអង្គការសង្គមស៊ីវិលនោះទេ ដែលគាំទ្រសេចក្តីព្រៀងច្បាប់ថ្មីនេះ សភាពាណិជ្ជកម្មសហរដ្ឋអាមេរិកក៏បាននិយាយដែរថា ខ្លួនរីករាយដែលរដ្ឋសភាកំពុងចាប់ផ្តើមដំណើរការពិចារណាលើកំណែទម្រង់ច្បាប់មួយនេះ។
សូមជម្រាបថា ប្រទេសចិនកំពុងតែខ្វះខាត បន្ទះឈីប និង ម៉ាយក្រូឈីប(microchips) ជាខ្លាំង បន្ទាប់ពីអាមេរិកបានដាក់ចេញនូវការហាមឃាត់មិនឲ្យក្រុមហ៊ុនជាច្រើនលក់ microchips ដល់ប្រទេសចិន។ ប្រសិនបើសេចក្តីព្រៀងខាងលើ អាចប្រែជាច្បាប់នឹងចូលជាធរមានក្នុងពេលឆាប់ៗ វានឹងក្លាយជាសម្ពាធថ្មីមួយទៀត សម្រាប់ការផ្គត់ផ្គង់បន្ទះឈីបរបស់ចិន៕