ចុះបើវាទៅជាអ៊ីចឹងហើយនោះ តើកម្ពុជា ឬក៏អាមេរិកទៅ ដែលជាអ្នកចម្លងយកស្តង់ដារមួយនេះពីគ្នា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់តែបដិសេធរាល់ការដែលមានការជំរុញ ឲ្យមានការដឹកនាំប្រទេសតាមប្រជាធិបតេយ្យសេរីបែបអឺរ៉ុប ឬ បែបអាមេរិក។ លោកថា ការដឹកនាំប្រទេស វាអាស្រ័យទៅលើភូមិសាស្ត្រនយោបាយ ស្ថានភាពសង្គម និងវប្បធម៌ ប្រពៃណីរបស់ប្រជាជាតិនីមួយៗ។
អ៊ីចឹងទេ វាគ្មានស្តង់ដារនោះទេ! ការដឹកនាំឲ្យមានសន្តិភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម គឺជាកត្តាចាំបាច់របស់ប្រទេសនីមួយៗ។ ដូច្នេះ វាគ្មានបែបបទដឹកនាំគ្រប់គ្រងរបស់ប្រទេសណាមួយ ត្រូវតម្រូវលើកយកមកអនុវត្តទាំងដុលសម្រាប់ប្រទេសមួយផ្សេងទៀតនោះទេ។
ទស្សនៈបែបនេះសម្រាប់ក្រុមប្រឆាំងតែងតែយកមកចម្អកឡកឡឺយ ថាជាសម្តី ឬជាវិធីការពារនិងរក្សាអំណាចឲ្យគង់វង់តែប៉ុណ្ណោះ ហើយបានអះអាងតបថា តើអ្នកណាដែលមិនទទួលស្គាល់ថា ស្រុកអាមេរិក ជាប្រទេសបិតាប្រជាធិបតេយ្យ។
ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ប្រធានាធិបតីអាមេរិករវាងលោក ដូណាល់ ត្រាំ និងលោកស្រី ហ៊ីលឡារី គ្លីនតុន កន្លងមក លោក ត្រាំ បានប្រើយុទ្ធសាស្ត្រប្លែកពីគេ ហើយក៏ត្រូវប្រព័ន្ធផ្សព្វផ្សាយធំលើពិភពលោក និងរបស់អាមេរិកខ្លួនឯងផង ចាត់ទុកជាមនុស្សដ៏គ្រោះថ្នាក់ដល់ប្រទេសអាមេរិក និងពិភពលោក ប្រសិន បើគាត់ឈ្នះឆ្នោត។
តែអ្វីដែលនឹកស្មានមិនដល់ គឺតាំងពីដើមទីរហូតថ្ងៃបោះឆ្នោត កេរ្តិ៍ឈ្មោះលោក ត្រាំ ដែលចុះទាបជាងលោកស្រី គ្លីនតុន ពីមុន បានហក់ឡើងជាលំដាប់ រហូតលោកឈ្នះឆ្នោត និងធ្វើឲ្យលោកស្រី គ្លីនតុន ស្រក់ទឹកភ្នែក សុំចុះចាញ់ ដោយមិនមានអីប្រកែកបានសោះឡើយ។
តើលោក ត្រាំ ចង់ធ្វើអ្វីឲ្យប្រាកដនោះ គឺគ្មានអ្នកណាដឹងទេ?
តែរឿងដែលកំពុងភ្ញាក់ផ្អើលពិភពលោក គឺការអនុវត្តពាក្យសន្យា ក្រោយពេលលោក ត្រាំ កាន់តំណែងជាប្រធានាធិបតីផ្លូវការរបស់អាមេរិកសព្វថ្ងៃ។ ចំណាត់ការលោកចាប់ពីថ្ងៃ២០ មករា មកដល់ពេលនេះ ទើបសម្រេចបានតែមួយទេ គឺលុបបំបាត់គោលនយោបាយ អូបាម៉ាឃែរ ក្រៅពីនោះ ដូចជា រឿងហាមជនមូស្លីម ៧ ប្រទេសមិនឲ្យចូលអាមេរិក រឿងសង់កំផែងព្រំដែនជាប់ម៉ិកស៊ិក រឿងនយោបាយបំបែកសហភាពអឺរ៉ុប នយោបាយចាប់ដៃរុស្ស៊ី និងកូរ៉េខាងជើង ជាដើម កំពុងជួបភាពចម្រូងចម្រាស។
ភាពចម្រូងចម្រាសនេះ គឺដោយសារតែប្រព័ន្ធគ្រប់គ្រងអាមេរិក មិនបានប្រគល់អំណាចជូនលោក ត្រាំ អាចធ្វើអ្វីគ្រប់យ៉ាងតាមអំពើចិត្តនោះទេ។ គេមានក្រុមប្រឹក្សាជាតិ នៅសេតវិមាន ចាំត្រួតពិនិត្យ មានតុលាការជាន់ខ្ពស់សហព័ន្ធចាំខ្ទាស់ មានព្រឹទ្ធសភានៅឃ្លាំមើល និងអនុម័តពីលើ។
ដល់អ៊ីចឹង អ្វីដែលលោក ត្រាំ សន្យាពេលឃោសនា វាគ្រាន់តែជាប្រជាភិថុត សម្រាប់ប្រជាជន ពិសេស ពលរដ្ឋអាមេរិកដែលចង់ឃើញរបៀបដឹកនាំថ្មី ក្រោមការសន្យាដែលមិនធ្លាប់មានតែប៉ុណ្ណោះ ហើយដែលមកដល់ពេលនេះ គ្រប់មជ្ឈដ្ឋាន ក៏នៅតែមិនទាន់ច្បាស់ថា អ្វីជានយោបាយពិតប្រាកដរបស់ លោក ត្រាំ ក្នុងការដឹកនាំប្រទេសមហាអំណាចទី១ របស់ពិភពលោកនេះនៅឡើយដែរ។
និយាយពីនៅកម្ពុជាវិញ រដ្ឋាភិបាលដែលដឹកនាំប្រទេសត្រាំត្រែងជាង៣០ឆ្នាំ មានរឿងរ៉ាវអវិជ្ជមានមិនតិចទេ ហើយពីមួយអាណត្តិ ទៅមួយអាណត្តិ គេឃើញមានវឌ្ឍនភាពតិចតួច ក្នុងការលុបបំបាត់ភាពអសកម្ម ភាពអយុត្តិធម៌នានា និងអំពើពុករលួយអត់តម្លាភាព។
ប៉ុន្តែ អ្វីដែលគេមើលឃើញ ជាទូទៅ គឺបញ្ហាសន្តិភាព ស្ថិរភាពសេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍតាមជំហានគីង្គក់របស់រដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា កំពុងជាអត្ថិភាពក្នុងការគ្របដណ្តប់សម្រាប់សង្កត់និងបង្រ្កាបក្រុមប្រឆាំង។
យុទ្ធសាស្ត្រឃោសនាប្រជាភិថុតិ នៅអាមេរិក និងកម្ពុជា
ដោយឡែក គណបក្សប្រឆាំង ពិនិត្យជាទូទៅ ក៏ប្រើយុទ្ធសាស្ត្រស្រដៀងលោក ត្រាំ ដែរ ដើម្បីទាញសន្លឹកឆ្នោត គឺការសន្យាក្នុងរឿងធំៗ របៀបប្រជាភិថុត ដែលខ្លួនមិនប្រាកដថា ធ្វើបាន ឬយ៉ាងណាផងទេ។ ឧ. រឿងទឹកដីព្រំដែន រឿងកោះត្រល់ រឿងអន្តោប្រវេសន៍ចូលស្រុក រឿងដំឡើងប្រាក់ខែមន្ត្រីប៉ូលិស ទាហាន ... រឿងមិនយកកម្រៃសេវាសាធារណៈ ។ល។ និង។ល។ ឃើញតែសន្យាចោល មិនឃើញគិតគូរដាក់លក្ខខណ្ឌទាមទារអីពីបក្សកាន់អំណាចសោះ ជិតពេញមួយអាណត្តិនេះទៅហើយ។
រឿងព្រំដែនគោក សមុទ្រ កោះត្រល់ ជាដើម ជារឿងរសើប ហើយដែលបានបង្កបញ្ហាក្នុងស្រទាប់យុវជន គ្រប់សម័យកាល សូម្បីតែអតីតមហាក្សត្រ សម្តេចព្រះ បរមរតនកោដ្ឋ ក៏ដោះស្រាយមិនបាន និងបង្កទៅជាសង្គ្រាមជាច្រើនទសវត្ស ក៏តែពីរឿងស្អប់យួនហ្នឹងដូចគ្នា។
អ៊ីចឹងទេ តើបក្សប្រឆាំងមានយន្តការនិងលទ្ធភាពអី? បើសូម្បីតែផែនទីយកមកផ្គូរផ្គង ផ្ទៀងផ្ទាត់ ក៏មិនមានអី ច្បាស់លាស់ លើសបក្សកាន់អំណាចផងនោះ។
រឿងមួយទៀត ដែលមើលទៅងាយសោះ គឺប្រាក់ឧបត្ថម្ភពលរដ្ឋវ័យលើសពី ៦០ឆ្នាំ ម្នាក់ ៤ម៉ឺនរៀលមួយខែ មួយអាណត្តិមកនេះ បក្សសង្គ្រោះជាតិ មិនដែលនឹកនា ឬទាមទារក្នុងសភាឲ្យឮសំឡេងម្តងណាឡើយ។
ពីមុនការបង្ក្រាបការតវ៉ាលើលទ្ធផលបោះឆ្នោត ដែលជាសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ គេថា អាជ្ញាធរកម្ពុជាធ្វើខុសច្បាប់ តែឥឡូវនៅអាមេរិក ក៏គេបង្ក្រាបអ្នកតវ៉ាលទ្ធផលបោះឆ្នោតដូចគ្នា តែនៅអាមេរិក បែរជាថា ប៉ូលិសបង្ក្រាបហ្នឹងអត់ខុសច្បាប់ទៅវិញ។ អ៊ីចឹង មិនដឹងថា បែបម៉េចជាស្តង់ដារអាមេរិក ហើយកម្ពុជាចម្លងពីអាមេរិក ឬ អាមេរិកទេ ដែលចម្លងពីកម្ពុជា។
សិទ្ធិសេរីភាពអ្នកកាសែត នៅអាមេរិក និងនៅកម្ពុជា
រឿងបិទសិទ្ធិអ្នកកាសែត នៅកម្ពុជា គណបក្សប្រកាន់យកតែប្រព័ន្ធផ្សាយ ក្រុមបក្សពួករៀងៗខ្លួន។ បក្សកាន់អំណាចគេឲ្យអាទិភាព តែប្រព័ន្ធផ្សាយគាំទ្រអែបអបខ្លួន ឯបក្សប្រឆាំង ក៏ស្វាគមន៍តែបណ្តាញផ្សាយណាដែលនិយាយល្អពីខ្លួនដូចគ្នា។ បែបនេះគេថា អ្នកនយោបាយស្រុកខ្មែរ រើសអើងអ្នកកាសែត តែឥឡូវនៅសេតវិមានប្រធា នាធិបតីអាមេរិក ក៏ហាមកាសែត ទូរទស្សន៍ល្បីៗ មាន ញូវយ៉ក ថែមស៍ CNN BBC ... មិនឲ្យចូលយកព័ត៌មានដែរ បើបែបហ្នឹង ជាស្តង់ដារថ្មីរបស់អាមេរិកមែនទេ?។ ដល់អ៊ីចឹង តើនរណាចម្លងពីនរណាទៅ? កម្ពុជា ឬអាមេរិក ជាអ្នកចម្លងគេ?
ឥឡូវ ចាំមើល ដល់ក្រោយប្រកាសលទ្ធផលឆ្នោតឆ្នាំ២០១៧ និងបោះឆ្នោតជាតិឆ្នាំ២០១៨ តើរាល់ការសន្យារបស់អ្នកនយោបាយខ្មែរ ត្រូវគេលើកយកមកអនុវត្ត ដែរឬទេ? ហើយតើស្តង់ដារអាមេរិកថ្មីរបស់លោក ត្រាំ នឹងជាបទពិសោធន៍ដល់អ្នកនយោបាយកម្ពុជា ក្នុងការផ្លាស់ប្តូររបៀបធ្វើនយោបាយ ពីការគិតតែប្រកាប់ប្រចាក់គ្នា ដើម្បីដណ្តើមអំណាចដឹកនាំ ហើយភ្លេចគិតពីម្ចាស់ឆ្នោត និងគិតពីផលប្រយោជន៍ជាតិជាធំនោះ ដែរ ឬទេ ?៕