ប្រភពច្បាស់ការបានទម្លាយប្រាប់សារព័ត៌មាន នីកេ អេស៊ា ថា ក្រសួងការពារជាតិអាម៉េរិក ឬមន្ទីរបញ្ចកោណ នឹងចាប់ផ្ដើមដំណើរការមជ្ឈមណ្ឌលជួសជុលសព្វាវុធយោធារបស់ខ្លួននៅប្រទេសចំនួន៥ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមមានជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ហ្វីលីពីន និងសិង្ហបុរី ដើម្បីបង្កើតបណ្ដាញជួសជុលសព្វាវុធយោធាសំខាន់ៗរបស់ខ្លួននៅទូទាំងពិភពលោក។
គម្រោងមជ្ឈមណ្ឌលជួសជុលសព្វាវុធយោធារបស់មន្ទីរបញ្ចកោណ ដែលមានឈ្មោះថា ក្របខ័ណ្ឌនិរន្តរភាពក្នុងតំបន់នេះ មានគោលដៅប្រើប្រាស់សមត្ថភាពឧស្សាហកម្មដែលមានស្រាប់នៃបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត និងដៃគូ ដើម្បីឱ្យខ្លួនមានលទ្ធភាពអាចថែទាំ និងជួសជុលកប៉ាល់ យន្តហោះ រថក្រោះ រថពាសដែក និងរថយន្តយោធារបស់ខ្លួនឱ្យនៅកាន់តែកៀកតំបន់រងប្រតិបត្តិការរបស់ពួកគេ ជំនួសឱ្យការបញ្ជូនសព្វាវុធទាំងនោះត្រលប់ទៅកាន់សហរដ្ឋអាម៉េរិកវិញ។
មន្ទីរបញ្ចកោណ គ្រោងដំណើរការកម្មវិធីសាកល្បងនេះនៅប្រទេសចំនួន៥ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៅក្នុងឆ្នាំ២០២៤ នេះ បន្ទាប់មកនឹងពង្រីកវាទៅកាន់បណ្ដាប្រទេសជាដៃគូរបស់អង្គការបក្សសម្ព័ន្ធយោធា NATO ដែលស្ថិតនៅក្នុងតំបន់របស់បញ្ជាការដ្ឋានអឺរ៉ុប (European Command) នៅឆ្នាំ២០២៥ និងទៅកាន់បណ្ដាប្រទេសជាដៃគូនៅអាម៉េរិកឡាទីន ដែលនៅក្រោមបញ្ជាការដ្ឋានភាគខាងត្បូង នៅឆ្នាំ២០២៦។
សូមបញ្ជាក់ថា ក្នុងចំណោមប្រទេសទាំង៥ខាងលើនេះ មាន៤ប្រទេសជាសម្ព័ន្ធមិត្តដែលបានចុះសន្ធិសញ្ញាជាមួយសហរដ្ឋអាម៉េរិក។ ចំណែកឯប្រទេសសិង្ហបុរី ថ្វីដ្បិតតែមិនមែនជាសម្ព័ន្ធមិត្តផ្លូវការដែលបានចុះសន្ធិសញ្ញាជាមួយសហរដ្ឋអាម៉េរិក យ៉ាងណាក្ដី ក៏ប្រទេសដែនកោះដ៏តូចមួយនេះមានប្រវត្តិជាយូរមកហើយ ដែលតែងតែទទួលស្វាគមន៍នាវាចម្បាំងរបស់សហរដ្ឋអាម៉េរិកជាប្រចាំ។ តាមការំពឹងទុក មន្ទីរបញ្ចកោណ អាចនឹងប្រកាសព័ត៌មានលម្អិតបន្ថែមទៀតអំពីគម្រោងដាក់ឱ្យដំណើរការមជ្ឈមណ្ឌលជួសជុលសព្វាវុធយោធាអាម៉េរិក នៅក្នុងខែនេះ៕
ដោយ: តែម សុខុម