អាមេរិកការបង្កើនជំនួយ៣ដងដល់តំបន់នេះ គឺដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ ពង្រឹងសន្តិសុខដែនសមុទ្រ និងដោះស្រាយការប្រែប្រួលអាកាសធាតុបន្ទាប់ពីការផ្តល់មូលនិធិពីសហរដ្ឋអាមេរិកបានជាប់គាំងអស់ជាច្រើនទសវត្សរ៍មកនេះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris បាននិយាយក្នុងវីដេអូទៅកាន់វេទិកាប្រជុំកោះប៉ាស៊ីហ្វិកក្នុងទីក្រុងស៊ូវ៉ា (Suva) នៅប្រទេសកោះហ្វីជីនៅថ្ងៃទី១៣ កក្កដានេះថា ការផ្តល់មូលនិធិរបស់សហរដ្ឋអាមេរិកសម្រាប់ប្រជុំកោះប៉ាស៊ីហ្វិកនឹងកើនឡើង៣ដងរហូតដល់ ៦០ លានដុល្លារក្នុងមួយឆ្នាំ សម្រាប់រយៈពេល១ទសវត្សរ៍ ដែលអាស្រ័យលើការយល់ព្រមពីសភា។
មេដឹកនាំប៉ាស៊ីហ្វិកមួយចំនួនកំពុងស្វែងរកតុល្យភាពនៃមហិច្ឆតារបស់ចិនសម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខនៅក្នុងតំបន់ ហើយលោកស្រី Harris បានអំពាវនាវឱ្យប្រទេសនានា «រួបរួមគ្នា» ដោយលោកស្រីគូសបញ្ជាក់ថា មានតួអង្គអាក្រក់មួយចំនួនបានព្យាយាមធ្វើឱ្យខូចសណ្តាប់ធ្នាប់ផ្អែកលើច្បាប់អន្តរជាតិ ប៉ុន្តែលោកស្រីមិនបានបញ្ចេញឈ្មោះថាជាប្រទេសណាមួយនោះទេ។
លោកស្រីបាននិយាយថា សហរដ្ឋអាមេរិកបានទទួលស្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជុំកោះប៉ាស៊ីហ្វិកប្រហែលជាមិនបានទទួលការយកចិត្តទុកដាក់ និងការគាំទ្រផ្នែកការទូតដែលពួកគេសមនឹងទទួលបាននោះទេ។
ក្រុមមេដឹកនាំប៉ាស៊ីហ្វិកដែលជួបជុំគ្នាសម្រាប់វេទិការយៈពេល ៤ ថ្ងៃនោះ បានមើលឃើញការប្រែប្រួលអាកាសធាតុថា ជាបញ្ហាសន្តិសុខដ៏សំខាន់នៅក្នុងតំបន់នេះ ប៉ុន្តែភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិកព្រមទាំងការដកខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើលនៃប្រទេសគីរីបាទីចេញពីវេទិកានេះក៏កំពុងត្រូវបានពិភាក្សាផងដែរ។
ប្រធានាធិបតីប្រទេសប៉ាឡាវ (Palau) លោក ស៊ូរ៉ានជែល វីប ជូនៀ (Surangel Whipps Jr) បាននិយាយបន្ទាប់ពីសុន្ទរកថារបស់លោកស្រី Harris ថា វាពិតជាបង្ហាញថា សហរដ្ឋអាមេរិកបានត្រលប់មកវិញហើយ និងចង់ដើរតួយ៉ាងសកម្មផងដែរ។ លោក ស៊ូរ៉ានជែល បានប្រាប់អ្នកសារព័ត៌មានថា ពេលខ្លះដោយសារតែភាពដាច់ស្រយាលរបស់ពួកគេ ដូច្នេះហើយប្រទេសធំៗជាច្រើន ក៏បានបំភ្លេចប្រទេសប្រជុំកោះប៉ាស៊ីហ្វិកចោលតែម្ដងទៅ។
វេទិកានេះនឹងពិភាក្សាពីការខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងសន្តិសុខជាមួយប្រទេសចំនួន ១០ ដែលមានទំនាក់ទំនងជាមួយប្រទេសចិន ប៉ុន្តែក្នុងនោះក៏មានសមាជិកមួយចំនួនជំទាស់ផងដែរ៕
អត្ថបទ៖ សុខ ជា