លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក បានលើកឡើងពីការព្រួយបារម្ភអំពីការប្រមូលទិន្នន័យដោយក្រុមហ៊ុនចិន ទៅលើអ្នកបើកបរ និងហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាម៉េរិក ក៏ដូចជាការរៀបចំយានយន្តដែលភ្ជាប់អ៊ីនធឺណិត និងប្រព័ន្ធបង្ហាញផ្លូវធ្វើដំណើរ។ កត្តានេះបានធ្វើឱ្យមានការរំពឹងថា នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ អាម៉េរិកអាចនឹងស្នើឱ្យមានការដាក់បម្រាមលើផ្នែករឹងនិងទន់ នៅក្នុងរថយន្តចិន ដែលបើកបរលើដងផ្លូវនៅសហរដ្ឋអាម៉េរិក។
ប្រភពចំនួនពីរបាននិយាយថា បម្រាមថ្មីនេះនឹងហាមឃាត់ការលក់រថយន្ត ឬកម្មវិធី និងផ្នែករឹងមួយចំនួនមកពីប្រទេសចិន ដែលមានទំនាក់ទំនងសំខាន់ពាក់ព័ន្ធនឹងប្រព័ន្ធបើកបរស្វ័យប្រវត្តិរបស់រថយន្ត។ វិធានការនេះបានបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់នូវការរឹតបន្តឹងជាបន្តបន្ទាប់របស់អាម៉េរិក លើរថយន្ត ឧបករណ៍អេឡិចត្រូនិក និងគ្រឿងបន្លាស់របស់ចិន ផ្សេងទៀត។
កាលពីសប្ដាហ៍មុនរដ្ឋបាលរបស់លោក បៃដិន ក៏បានដំឡើងពន្ធលើការនាំចូលពីប្រទេសចិន រួមទាំងពន្ធ១០០% លើរថយន្តអគ្គិសនី ព្រមទាំងពន្ធថ្មីទៅលើអាគុយរថយន្តអគ្គិសនី និងវត្ថុធាតុដើមសំខាន់ៗជាច្រើនទៀតផងដែរ៕
អត្ថបទ៖ សុខ មង្គល