ចាប់តាំងពីមេរោគបំប្លែងថ្មី អូមីក្រុង ត្រូវបានកំណត់អត្តសញ្ញាណ កាលពីថ្ងៃទី ២៦ វិច្ឆិកាមក អ្នកដំណើរមកពីអាហ្វ្រិកភាគខាងត្បូង ដែលចូលមកអាមេរិក ត្រូវបានគេដាក់ការសង្ស័យថា ទំនងជាមានអ្នកវិជ្ជមានមេរោគថ្មីនេះដែរ ក៏ប៉ុន្ដែមន្ត្រីអាមេរិកមិនបានដាក់ចេញផែនការណាមួយ ដើម្បីស្វែងរកអ្នកដំណើរមកពីអាហ្វ្រិកខាងត្បូងទាំងនោះទេ។
ទោះយ៉ាងណា ចាប់ពីថ្ងៃចន្ទសប្ដាហ៍នេះតទៅ សហរដ្ឋអាមេរិកបានសម្រេចដាក់ចេញនូវការហាមឃាត់លើអ្នកធ្វើដំណើរបរទេសភាគច្រើន ដែលមកពីប្រទេសអាហ្វ្រិកខាងត្បូង និង ប្រទេសចំនួន៧ផ្សេងទៀតនៅតំបន់អាហ្វ្រិកខាងត្បូង ចាប់ពីថ្ងៃចន្ទនេះទៅ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគបំប្លែងថ្មី អូមីក្រុង។
ទោះជាបែបនេះក្ដី ការរឹតបន្តឹងការធ្វើដំណើរនេះមិនបានផ្អាកការហោះហើរ ឬការអនុវត្តចំពោះពលរដ្ឋអាមេរិក និងអ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់របស់សហរដ្ឋអាមេរិកនោះទេ។
អ្នកដំណើរបរទេសតាមក្រុមហ៊ុនអាកាសចរណ៍ដែលចូលមកសហរដ្ឋអាមេរិក ត្រូវឆ្លងកាត់ការពិនិត្យការចាក់វ៉ាក់សាំង និងតេស្តកូវីដ១៩ ដ៏តឹងរ៉ឹងពី មជ្ឈមណ្ឌលគ្រប់គ្រង និង បង្ការជំងឺឆ្លងអាមេរិក។ ប៉ុន្តែ ជាទូទៅមិនត្រូវបានត្រួតពិនិត្យតាមដានដោយមន្ត្រីសុខាភិបាលនោះទេ បន្ទាប់ពីពួកគេចាកចេញពីជើងហោះហើរ ហើយក៏មិនតម្រូវឱ្យធ្វើតេស្តកូវីដ១៩នោះដែរ នៅពេលមកដល់សហរដ្ឋអាមេរិក។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) បានឱ្យដឹងថា គ្មានករណីនៃមេរោគបំប្លែងថ្មី ត្រូវបានគេកំណត់អត្តសញ្ញាណនៅក្នុងសហរដ្ឋអាមេរិកទេ គិតមកទល់ថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកានេះ។ ទន្ទឹមនេះ អាជ្ញាធរសុខាភិបាលអាមេរិក រំពឹងថានឹងកំណត់អត្តសញ្ញាណមេរោគនេះ យ៉ាងឆាប់រហ័សប្រសិនបើវាលេចឡើងនៅក្នុងសហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា ថ្មីៗនេះ បណ្ដាប្រទេសមួយចំនួន ដូចជា ហូឡង់ អង់គ្លេស អាឡឺម៉ង់ និងអ៊ីតាលី អូស្ត្រាលី អ៊ីស្ត្រាអែលជាដើម បានប្រកាសរកឃើញមេរោគបំប្លែងថ្មីនេះ ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុនមកម្ល៉េះ៕
អត្ថបទ ស៊ើង និមល់