អ៊ីរ៉ង់ផ្គត់ផ្គង់ដ្រូនឱ្យរុស្ស៊ីបន្តធ្វើសង្គ្រាមនៅអ៊ុយក្រែន!

អាមេរិកថា រុស្ស៊ីកំពុងងាកទៅរកអាវុធដ្រូនពីអ៊ីរ៉ង់ ដើម្បីបន្តធ្វើសង្គ្រាមនៅអ៊ុយក្រែន


មន្ត្រីជាន់ខ្ពស់សេតវិមានអាមេរិកកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានអះអាងដោយជឿថា រុស្ស៊ីកំពុងងាកទៅរកអ៊ីរ៉ង់កាន់តែខ្លាំងហើយ ដើម្បីឲ្យអ៊ីរ៉ង់ផ្តល់ឱ្យខ្លួននូវយន្តហោះគ្មានមនុស្សបើក ឬត្រូវបានគេស្គាល់ថាដ្រូនដែលអាចបំពាក់សព្វាវុធ សម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមដែលកំពុងបន្តធ្វើនៅក្នុងប្រទេសអ៊ុយក្រែន។ ប្រភពពីសេតវិមានថែមទាំងបានដឹងទៀតថា ដ្រូនដែលអ៊ីរ៉ង់គ្រោងផ្គត់ផ្គង់ដល់រុស្ស៊ីនោះ រួមមានទាំងដ្រូនស៊ើបការណ៍ និងយន្តហោះដ្រូនដែលបំពាក់អាវុធបានផងដែរ។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
អាមេរិកថា រុស្ស៊ីកំពុងងាកទៅរកអាវុធដ្រូនពីអ៊ីរ៉ង់ ដើម្បីបន្តធ្វើសង្គ្រាមនៅអ៊ុយក្រែន
ដោយ

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​មេ​រិ​ក លោក Jake Sullivan បាន​និយាយ​ថា គេ​កំពុង​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់​ថា​តើ អ៊ី​រ៉​ង់​បាន​ផ្តល់​ប្រព័ន្ធ​យន្តហោះ​គ្មាន​មនុស្ស​បើក​ប្រភេទ​ណាមួយ​ទៅ​ឱ្យ​រុ​ស្ស៊ី​រួច​ហើយ​ឬ​នៅ ប៉ុន្តែ​ព័ត៌មាន​ដែល​សហរដ្ឋអាមេរិក​មាន​ច្បាស់​នៅ​ពេល​នេះ​គឺ អ៊ី​រ៉​ង់​កំពុង​រៀបចំ​បណ្តុះបណ្តាល​កងកម្លាំង​រុ​ស្ស៊ី ដើម្បី​ចេញ​ប្រើប្រាស់​ដ្រូ​ន​ទាំងនេះ​ឱ្យ​បាន​ឆាប់​បំផុត ត្រឹម​ខែកក្កដា​នេះ​។

លោក Jake Sullivan ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​៖ ការណ៍​សម្ងាត់​របស់​យើង​បង្ហាញ​ថា រដ្ឋាភិបាល​អ៊ី​រ៉​ង់​កំពុង​រៀបចំ​ផ្តល់​ឱ្យ​រុ​ស្ស៊ី​នូវ​ដ្រូ​ន​ជា​ច្រើន​រយ​គ្រឿង រួម​ទាំង​ដ្រូ​ន​ដែល​មាន​សមត្ថភាព​បំពាក់​សព្វាវុធ​ថែម​ទៀត ទន្ទឹម​នោះ​អ៊ី​រ៉​ង់​បាន​កំណត់​ពេលវេលា​ធ្វើ​យ៉ាងណា​ឱ្យ​បាន​កាន់តែ​ឆាប់រហ័ស​ថែម​ទៀត​ផង​។

បើ​តាម​សេត​វិមាន​អា​មេ​រិ​ក ដោយសារ​តែ​រុ​ស្ស៊ី​បង្កើន​ការ​វាយប្រហារ​ខ្លាំង​លើ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន តំបន់​ដុន​បាស ហេតុនេះ​រុ​ស្ស៊ី​ត្រូវការ​សព្វាវុធ​ច្រើន​ទៀត ដើម្បី​ឆាប់​សម្រេច​គោលដៅ​ដណ្តើម​កាន់កាប់​យក​ខេត្ត​ដូ​ណេ​ក​មួយទៀត បន្ទាប់​ពី​ជោគជ័យ​លើ​ខេត្ត​លូក​ហាន់​។

គួរ​ជម្រាប​ថា ការ​លាតត្រដាង​របស់​អា​មេ​រិ​កកើត​ឡើង​នៅ​មុន​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី Joe Biden ទៅ​កាន់​ប្រទេស​អ៊ី​ស្រា​អែ​ល និង​អា​រ៉ា​ប៊ី​សា​អូឌីត ហើយ​ដែល​ក្នុង​នោះ កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់ និង​សកម្មភាព​បង្កហេតុ​នៅ​ក្នុង​តំបន់​នឹង​ក្លាយជា​របៀប​វីរ​សំខាន់​នៃ​កិច្ច​ពិភាក្សា​។ ម្យ៉ាងវិញទៀត ការ​ដែល​លោក​បៃ​ឌិន ទៅ​ទស្សនកិច្ច​ប្រទេស​ទាំង​ពីរ គឺ​ស្រប​ពេល​ដែល​ទាំង​អ៊ី​ស្រា​អែ​ល និង​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ប្រឆាំង​នឹង​ការ​ចូលរួម ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាស​កល ដើម្បី​ដាក់​ទណ្ឌកម្ម​រុ​ស្ស៊ី ចំពោះ​ការ​លុកលុយ​លើ​អ៊ុយ​ក្រែ​ន​ដោយសារ​តែ​ផលប្រយោជន៍​ជាតិ​របស់​ពួក​គេ​។

គួ​រំឭក​ថា រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​ទើបបាន​ទស្សនកិច្ច​ទៅ​អ៊ី​រ៉​ង់​កាលពី​ចុងខែ​មុន ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ទាំង​នយោបាយ យោធា និង​ថាមពល ស្រប​ពេល​ដែល ប្រទេស​ទាំង​ពីរ គឺ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាងលិច និង​សហរដ្ឋអាមេរិក​រៀង​ៗ​ខ្លួន​។

ដោយឡែក នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​ឯណេះ​វិញ ប្រធានាធិបតី​រុ​ស្ស៊ី លោកពូ​ទី​ន បាន​ចុះហត្ថលេខា​លើ​ក្រឹត្យ​មួយ​កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ ដើម្បី​បើកផ្លូវ និង​ពង្រីក​ដំណើរ​និ​តិ​វិធី​ចូល​ជា​សញ្ជាតិ ដល់​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ទាំងអស់​ដែល​ចង់​ចូលសញ្ជាតិ​រុ​ស្ស៊ី​។

ទន្ទឹម​នេះ សភា​ជាន់​ទាប​រុ​ស្ស៊ី​ក៏​នឹង​ប្រមូលផ្តុំ​គ្នា​សម្រាប់​សម័យប្រជុំ​វិសាមញ្ញ​មួយ នៅ​ថ្ងៃ​ទី​១៥​ខែកក្កដា​ខាង​មុខ​។ ការ​បើក​សម័យប្រជុំ​វិសាមញ្ញ​នេះ​ធ្វើ​ឡើង​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ប្រធានាធិបតី​ពូ​ទី​ន បាន​ព្រមាន​ទៅ​អា​មេ​រិ​ក និង​លោក​ខាងលិច​ថា​ថា រុ​ស្ស៊ី​នៅ​មិន​ទាន់​ចាប់ផ្តើម​អ្វី​ៗ​មែនទែន​នៅឡើយ​ទេ ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។

បើ​តាម​ប្រភព​ពី​សភា​ជាន់​ទាប​រុ​ស្ស៊ី សម័យប្រជុំ​នឹង​ពិភាក្សា​លើ​របៀប​រីរ​ចំនួន​៦០ ប៉ុន្តែ​គេ​មិន​បាន​បង្ហាញ​ថា​ជា​បញ្ហា​អ្វីខ្លះ​នោះ​ទេ​៕




អត្ថបទបន្ទាប់


អាមេរិក និង ទីភ្នាក់ងារថាមពលអន្តរជាតិជំរុញឱ្យប្រទេសក្នុងតំបន់អាស៊ីពង្រីកខ្សែចង្វាក់ផ្គត់ផ្គង់ថាមពល

សហរដ្ឋអាមេរិកនិងទីភ្នាក់ងារថាមពលអន្តរជាតិ បានជំរុញឱ្យបណ្តាប្រទេសក្នុងតំបន់អាស៊ីពង្រីកខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់សម្រាប់ថាមពល និងសារធាត…

ចិនព្រមានប្រាប់ប្រទេសក្នុងតំបន់អាស៊ីថា កុំឲ្យជាប់អន្ទាក់ និងក្លាយជា «កូនអុក»របស់ប្រទេសមហាអំណាច

រដ្ឋមន្ត្រីការបរទេសរបស់ចិន លោកវ៉ាង យី (Wang Yi) បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា បណ្តាប្រទេសនានានៅក្នុងតំបន់គួរជៀសវាងការជាប់អន្ទាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ