អ្នកសម្របសម្រួលសេតវិមានប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោក Kurt Campbell បាននិយាយនៅក្នុងសុន្ទរកថា នៅឯព្រឹត្តិការណ៍មួយនៅទីក្រុងញូវយ៉កថា ក្រុមប្រទេសដៃគូប៉ាស៊ីហ្វិកពណ៍ខៀវនេះត្រូវបានបង្កើតឡើងក្នុងខែមិថុនា រួមមានសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន នូរវែលសេឡង់ និងចក្រភពអង់គ្លេស ហើយឥណ្ឌាគឺជាអ្នកអង្កេតការណ៍ ដោយប្រទេសមួយផ្សេងទៀតក៏នឹងចូលរួមផងដែរ។
លោក Campbell បាននិយាយថា ស្ថានការណ៍នៃប្រទេសប្រជុំកោះប៉ាស៊ីហ្វិកគឺ «ធ្ងន់ធ្ងរជាងពេលមុនៗ» ដោយសារតែការរស់រានរបស់ពួកគេត្រូវបានគំរាមគំហែងពីការប្រែប្រួលអាកាសធាតុ និងការរាតត្បាតជំងឺកូវីត១៩ បានធ្វើឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើប្រាក់ចំណូលបានពីវិស័យទេសចរណ៍ និងអាជីវកម្មផ្សេងទៀតជាដើម។
អ្នកសម្របសម្រួលសេតវិមានរូបនេះបានសង្កត់ធ្ងន់ទៀតថា «ធាតុផ្សំយុទ្ធសាស្ត្រ គឺមិនអាចប្រកែកបានឡើយនៃកិច្ចសហប្រតិបត្តិការរវាងគ្នា ដោយអាមេរិកមើលឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានរះឡើងឥទ្ធិពលដែលមានមហិច្ឆតាចង់ពង្រីកខ្លួនទាំងផ្នែកយោធា ជាពិសេស នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ដែលបានបង្កើនការព្រួយបារម្ភណាស់ដែរ ពីសំណាក់ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដ៏ដូចជាប្រទេសក្នុងតំបន់ទាំងមូលតែម្តង។