ក្រុមហ៊ុន ហុងដា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រមូលយកមកវិញនូវរថយន្តម៉ាស៊ីន៦របស់ខ្លួនចំនួន២៤ម៉ឺន៩ពាន់គ្រឿង នៅសហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងបញ្ហាម៉ាស៊ីន។ ទីភ្នាក់ងារសុវត្ថិភាពយានយន្តរបស់អាម៉េរិក បានអះអាងថា ខ្លួនមានរបាយការណ៍បញ្ហាចំនួន១៧៣ករណីពាក់ព័ន្ធនឹងរថយន្ត Honda និងរថយន្ត Acura ផលិតពីឆ្នាំ២០១៦-២០២០។ ដូច្នេះហើយទីភ្នាក់ងារនេះកំពុងបើកការស៊ើបអង្កេត ដើម្បីកំណត់ពីភាពធ្ងន់ធ្ងរនៃបញ្ហានេះ ក៏ដូចជាដើម្បីកំណត់ថា តើរថយន្តដែលមិនបានប្រមូលកាលពីឆ្នាំ២០២៣ គួរទាមទារឱ្យមានការធានារ៉ាប់រង ឬយ៉ាងណា។
ក្រុមហ៊ុន Honda បាននិយាយនៅដើមសប្តាហ៍នេះថា ខ្លួនបានដឹងអំពីការស៊ើបអង្កេតនេះ និងបានទាក់ទងជាមួយភ្នាក់ងារនេះរួចហើយជុំវិញប្រធានបទនេះ ហើយនឹងបន្តសហការជាមួយទីភ្នាក់ងារនេះតាមរយៈដំណើរការសួរចម្លើយរកការពិត។ ក្រុមហ៊ុននេះបានបន្តថា កាលពីឆ្នាំមុន ខ្លួនបានទទួលការទាមទារការធានារ៉ាប់រងចំនួន១,៤៥០ករណី ទាក់ទងនឹងការប្រមូលរថយន្តមកវិញ ហើយក្រោមវិធានការនៃការប្រមូលមកវិញនេះ ក្រុមអ្នកចែកចាយកំពុងត្រួតពិនិត្យ ថាតើរថយន្តទាំងនេះនឹងត្រូវជួសជុល ឬក៏គ្រាន់តែប្តូរម៉ាស៊ីនទៅតាមភាពជាក់ស្ដែង។
ទីភ្នាក់ងារសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាម៉េរិក បាននិយាយថា របាយការណ៍ទាំង១៧៣ករណី បានបង្ហាញពីការបរាជ័យ ដែលមានលក្ខណៈស្របជាមួយនឹងអ្វីដែលត្រូវបានដោះស្រាយនៅក្នុងការប្រមូលមកវិញនៅឆ្នាំ២០២៣ ប៉ុន្តែវាមិនត្រូវបានធានារ៉ាប់រងនោះទេ៕
អត្ថបទ៖ សុខ មង្គល