ចិនប្រឆាំងដាច់ខាតចំពោះគំនិតផ្ដួចផ្ដើមពាណិជ្ជកម្មថ្មីរវាងអាមេរិកនិងកោះតៃវ៉ាន់នេះ ក៏ដោយសារតែទីក្រុងប៉េកាំងចាត់ទុកថា វាគឺជាផែនការមួយរបស់អាមេរិកក្នុងការឈានទៅទទួលស្គាល់កោះតៃវ៉ាន់ចំពោះដើរតួក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ដែលវាគឺផ្ទុយនឹងអ្វីដែលចិនតែងទាមទារឲ្យមានការគោរពគោលនយោបាយចិនតែមួយ ហើយចិនធ្លាប់ប្រាប់ហើយប្រាប់ទៀតថា តៃវ៉ាន់នេះ គឺគ្រាន់តែខេត្តមួយរបស់ចិនតែប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់នៅថ្ងៃទី ១មិថុនា បានប្រកាសពីគំនិតផ្តួចផ្តើមចរចាពាណិជ្ជកម្មទ្វេភាគីរវាងអាមេរិក-តៃវ៉ាន់ ស្តីពីពាណិជ្ជកម្មសតវត្សរ៍ទី២១ ដោយការប្រកាសនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋការលោក ចូ បៃដិន បានប្រកាសពីក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ប៉ុន្ដែ ក្នុងនោះ អាមេរិកមិនបានអញ្ជើញតៃវ៉ាន់ឲ្យចូលរួមនោះទេ។
លោកស្រី សារ៉ា បៀនឈី (Sarah Bianchi) តំណាងពាណិជ្ជកម្មរងរបស់អាមេរិក បាននិយាយថា វាមានភាពស្រដៀងគ្នារវាងកិច្ចពិភាក្សាក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកដែលទើបចាប់ផ្ដើម និងកិច្ចចរចាពាណិជ្ជកម្មជាមួយនឹងកោះតៃវ៉ាន់ ប៉ុន្តែគំនិតផ្តួចផ្តើមចុងក្រោយនេះ គឺមានគោលបំណងបង្កើនទំនាក់ទំនងជាមួយតៃវ៉ាន់លើបញ្ហាសេដ្ឋកិច្ចជាក់លាក់។
នៅពេលដែលត្រូវបានអ្នកសារព័ត៌មានសួរថា តើគំនិតផ្ដួចផ្ដើមចរចាពាណិជ្ជកម្មរវាងអាមេរិកជាមួយកោះតៃវ៉ាន់នេះ នឹងអាចសម្រេចបានជាផ្លែផ្កាឆាប់ៗជាង កិច្ចចរចាក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកដែរ ឬទេ? លោកស្រី បៀនឈី ឆ្លើយថា ពិតណាស់ វាអាចនឹងសម្រេចបាន។
ក្រោយពីអាមេរិកប្រកាសចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយកោះតៃវ៉ាន់ភ្លាម ប្រទេសចិនបានចេញមកសម្ដែងការខឹងសម្បារយ៉ាងខ្លាំង ចំពោះការបង្កើនទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយកោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនេះ ដោយប្រទេសចិនតែងតែបានពណ៌នាជារឿយៗពីបញ្ហាកោះតៃវ៉ាន់នេះថា ជាបញ្ហាដ៏សំខាន់បំផុត និងដ៏រសើបបំផុតផងដែរនៅក្នុងទំនាក់ទំនងចិននិងអាមេរិក។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោក កៅ ហ្វឹង (Gao Feng) បាននិយាយថា «សហរដ្ឋអាមេរិកគួរតែដោះស្រាយទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយកោះតៃវ៉ាន់ដោយប្រយ័ត្នប្រយែង ដើម្បីជៀសវាងការផ្ញើសារខុសទៅកាន់ក្រុមអ្នកបំបែកខ្លួននៅកោះមួយនេះ»។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនរូបនេះ បាននិយាយទៀតថា ទីក្រុងប៉េកាំងសុំធ្វើការប្រឆាំងគ្រប់ទម្រង់ទាំងអស់ នៃទំនាក់ទំនងផ្លូវការរវាងតៃវ៉ាន់ និងប្រទេសដទៃទៀតរួមទាំងការចរចា និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ច និងពាណិជ្ជកម្មណាមួយ«នៅក្នុងរូបភាពអធិបតេយ្យភាព និងមានលក្ខណៈផ្លូវការ»។
បើទោះបីជាបានដឹងជាមុនថា ចិននឹងខឹងសម្បារក្ដី ប៉ុន្ដែ កោះតៃវ៉ាន់ហាក់ដូចជាពេញចិត្តពេញថ្លើមចំពោះគំនិតផ្តួចផ្តើមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកនេះ ដោយចាត់ទុកថា វាជាសញ្ញាមួយផ្សេងទៀតនៃការគាំទ្រពីទីក្រុងវ៉ាស៊ីនតោន ហើយសង្ឃឹមថា នៅទីបំផុតវាអាចត្រួសត្រាយផ្លូវសម្រាប់តៃវ៉ាន់ក្នុងការចូលរួមក្នុងក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) របស់លោក ចូ បៃដិន ដែលទើបប្រកាសឡើងជាផ្លូវការកាលពីសប្តាហ៍មុន។
មន្ត្រីជាន់ខ្ពស់ទីក្រុងតៃប៉ិអះអាងថា កោះតៃវ៉ាន់មានតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ ចំណុចនេះហើយ បានធ្វើឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកដឹងច្បាស់ថា អាមេរិកត្រូវតែពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយតៃវ៉ាន់ ដើម្បីពង្រឹងសមត្ថភាព និងសន្តិសុខនៃខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក៕