លោកស្រី សឺម៉េន បានប្រាប់សន្និសីទព័ត៌មានបន្ទាប់ពីជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូងគឺលោក ឆូ យុន ដុង (Cho Hyun-dong) ក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងថា ការសាកល្បងអាវុធនុយក្លេអ៊ែរណាមួយ គឺជាការបំពានទាំងស្រុងលើសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយវានឹងមានការឆ្លើយតបយ៉ាងរហ័ស និងខ្លាំងក្លាបំផុតចំពោះការសាកល្បងអាវុធប្រល័យលោកនេះ។
លោកស្រី សឺម៉េន អនុរដ្ឋមន្ត្រីការបរទេសអាមេរិកជឿថា មិនត្រឹមតែកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក រួមទាំងប្រទេសជប៉ុនប៉ុណ្ណោះទេ សូម្បីតែពិភពលោកទាំងមូលក៏នឹងឆ្លើយតបចំពោះទង្វើដ៏បំពានយ៉ាងគឃ្លើនរបស់កូរ៉េខាងជើងនេះផងដែរ។ លោកស្រី សឺម៉េន បានបន្ថែមថា អាមេរិកបានត្រៀមខ្លួនរួចហើយ ហើយអាមេរិកនឹងបន្តការពិភាក្សាត្រីភាគីរបស់ខ្លួនជាមួយកូរ៉េខាងត្បូង និងជប៉ុន នៅថ្ងៃពុធ ទី៨មិថុនានេះបន្ថែមទៀតពាក់ព័ន្ធនឹងរឿងនេះ។
ការបញ្ជាក់របស់លោកស្រី សឺម៉េន នេះធ្វើឡើងបន្ទាប់ពីកងកម្លាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានបាញ់មីស៊ីលចំនួន ៨ គ្រាប់កាលពីព្រឹកថ្ងៃចន្ទចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងត្បូង ដើម្បីឆ្លើយតបនឹងមីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយចំនួនដែលកូរ៉េខាងជើងបានបាញ់កាលពីថ្ងៃអាទិត្យកន្លងមកនេះ។
មន្ត្រីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងព្រមទាំងមន្ត្រីជំនាញកូរ៉េខាងជើងធ្លាប់បាននិយាយនាពេលថ្មីៗនេះថា មានសញ្ញានៃការសាងសង់តំបន់ ភុងក្យេរី (Punggye-ri) ថ្មី ជាកន្លែងសាកល្បងអាវុធនុយក្លេអ៊ែរដ៏ល្បីតែមួយគត់របស់កូរ៉េខាងជើង ហើយថាទីក្រុងព្យុងយ៉ាងអាចនឹងសាកល្បងគ្រាប់បែកមួយក្នុងពេលឆាប់ៗនេះខណៈដែលប្រទេសកុម្មុយនិស្តមួយនេះខានបានសាកល្បងគ្រាប់បែកនុយក្លេអ៊ែរតាំងពីឆ្នាំ២០១៧មកម្ល៉េះ។
ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិលោក រ៉ាហ្វេអែល ក្រូស៊ី (Rafael Grossi) កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបាននិយាយថា ការងារសាងសង់របស់កូរ៉េខាងជើងនេះបានពង្រីកកន្លែងសំខាន់ៗនៅរោងចក្រនុយក្លេអ៊ែរដ៏សំខាន់របស់ខ្លួនគឺរោងចក្រ យ៉ុងប្យុន (Yongbyon) និងកំពុងតែដំណើរការទៅមុខ៕