អ្នកនាំពាក្យកងទ័ពជើងទឹកអាមេរិក បាននិយាយថា នាវាចម្បាំងដែលបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ បញ្ជាក់ពីការតាំងចិត្តរបស់អាមេរិកចំពោះ សេរីភាព និងភាពបើកចំហរនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិច។ អ្នកនាំពាក្យដដែលបន្ថែមថា ទោះបីជាវាជាការបើកឆ្លងកាត់ ឬការហោះហើរ ឬសកម្មភាពទាំងឡាយក៏ដោយ នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ គឺវាស្របទៅតាមច្បាប់អន្តរជាតិ ដែលបានអនុញ្ញាត។
យ៉ាងណាក៏ដោយចុះ នៅមិនមានការឆ្លើយតបណាមួយភ្លាមៗនោះទេពីភាគីចិន ក្រោយការបើកនាវាយោធោអាមេរិកឆ្លងកាត់តំបន់ដ៏មានភាពតានតឹងមួយនេះ។ ប៉ុន្តែដូចបានដឹងហើយថា ជារឿយៗក្រុងប៉េកាំងតែងធ្វើការថ្កោលទោស ចំពោះសកម្មភាពយោធានានារបស់អាមេរិក និងសម្ព័ន្ធមិត្ត ហើយតែងចោទប្រកាន់ថា វាជាចេតនាបង្កអស្ថិរភាពនៅក្នុងតំបន់។
គួររំឭកថា កាលពីខែមុន យោធាចិនបានថ្កោលទោសសហរដ្ឋអាមេរិក និងប្រទេសកាណាដាម្តងរួចមកហើយ ដែលប្រទេសទាំងពីរបានបញ្ជូននាវាចម្បាំងមកបើកឆ្លងកាត់តំបន់ច្រកសមុទ្រកោះតៃវ៉ាន់ ហើយត្រូវបានចិនហៅថាជាការ គម្រាមកំហែងដល់សន្តិសុខតំបន់។
គួរជម្រាបថា បញ្ហាកោះតៃវ៉ាន់នេះក៏ទើបត្រូវបានថ្នាក់ដឹកនាំកំពូលអាមេរិក-ចិន គឺលោក ចូ បៃឌិន និងលោកស៊ី ជីនពីង យកមកដាក់លើតុពិភាក្សាគ្នាផងដែរ កាលដើមសប្តាហ៍មុនផងដែរ។ ប៉ុន្តែក្នុងជំនួបតាមប្រព័ន្ធអនឡាញនោះ ភាគីទាំងពីរមិនបាននិយាយស្រុះស្រួល ឬឈានទៅមានការព្រៀងព្រាងគ្នាអ្វីនោះទេ ដោយបានត្រឹមព្រមានដាក់គ្នាទៅវិញទៅមកតែប៉ុណ្ណោះ៕