យោងតាមសារព័ត៌មាន Vietnam News, ទីភ្នាក់ងារវិនិយោគបរទេស ដែលស្ថិតក្រោមឱវាទក្រសួងផែនការនិងវិនិយោគវៀតណាម បានកត់ត្រាថា ការវិនិយោគផ្ទាល់ពីបរទេសបានហូរចូលខេត្តនិងក្រុងចំនួន ៥០ ក្នុងចំណោម ៦៣ ខេត្តនិងក្រុង អំឡុង ៥ ខែដើមឆ្នាំនេះ។
ប្រភពដដែលបានបន្តថា រំហូរទុនវិនិយោគបរទេសសរុបនៅវៀតណាមពីខែមករា ដល់ថ្ងៃទី ២០ ខែឧសភា រួមទាំងការវិនិយោគថ្មី និងការវិនិយោគបន្ថែម ព្រមទាំងវិភាគទានសម្រាប់ការទិញភាគហ៊ុនដោយវិនិយោគិនបរទេស គឺមានទំហំសរុបប្រមាណជិត ១១ពាន់លានដុល្លារ។
បើធៀបនឹងទំហំវិនិយោគ កាលពីឆ្នាំ២០២២ តួលេខនេះបានធ្លាក់ចុះជាង ៧,៣% ប៉ុន្តែបើគិតត្រឹមរយៈពេល ៤ ខែវិញ ឃើញថា កើនឡើងជាង ១០%។
ទីភ្នាក់ងារនេះបានបង្ហាញថា ទំហំវិនិយោគតម្លៃជាង ៥ពាន់លានដុល្លារ ត្រូវបានចាក់បញ្ចូលទៅក្នុងគម្រោងថ្មីចំនួន៩៦២ គម្រោង កើនឡើងប្រមាណជិត ២៨% បើនិយាយអំពីតម្លៃ ហើយបើនិយាយអំពីចំនួនវិញ គឺកើនជាង ៦៦%។
ប្រភពដដែលបានបន្តថា ក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២៣នេះ វិភាគទានសម្រាប់ការទិញភាគហ៊ុនដោយវិនិយោគិនបរទេសមានចំនួន ១ ២៧៨ ប្រតិបត្តិការ ជាមួយនឹងតម្លៃសរុបជិត ជាង៣ពាន់លានដុល្លារ ក្នុងនោះតម្លៃបានកើនឡើងជាង ៦៧% ទោះបីជាចំនួនប្រតិបត្តិការថយចុះ ៥,៦% ក៏ដោយ។
ក្រៅពីនេះ នៅមាន ៤៨៥ គម្រោងទៀតដែលត្រូវបានចុះបញ្ជីកែតម្រូវការវិនិយោគរបស់ពួកគេជាមួយនឹងដើមទុនបន្ថែមជិត ២,៣ពាន់លានដុល្លារ ធ្លាក់ចុះជាង ៥៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នៅក្នុងរយៈពេលនេះ ការវិនិយោគលើវិស័យកែច្នៃនិងផលិតកម្ម គឺទាក់ទាញគម្រោងវិនិយោគច្រើនជាងគេ ដោយមានទំហំជាង ៦,៦ពាន់លានដុល្លារ ស្មើនឹង ៦១% នៃគម្រោងសរុប បន្ទាប់មកគឺវិស័យហិរញ្ញវត្ថុនិងធនាគារ អចលនទ្រព្យ និងវិទ្យាសាស្ត្រ-បច្ចេកវិទ្យា។
គម្រោងវិនិយោគផ្ទាល់ពីបរទេសទាំងនេះបានមកពី ៨២ ប្រទេស និងដែនដី ដោយនៅក្នុងនោះ សិង្ហបុរីបានបោះទុនច្រើនជាងគេ គឺក្នុងតម្លៃប្រមាណជាជាង ២,៥ពាន់លានដុល្លារ, ជប៉ុនតម្លៃជាង ២ពាន់លានដុល្លារ, ចិន ១,៦ ពាន់លានដុល្លារ, បន្ទាប់មកគឺកោះតៃវ៉ាន់ កោះហុងកុង និងកូរ៉េខាងត្បូង៕