
ក្រុមហ៊ុនថាមពលរដ្ឋវៀតណាម Petro Vietnam Power បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន GE Vernova របស់អាម៉េរិក ដើម្បីទិញឧបករណ៍សម្រាប់បំពាក់នៅក្នុងរោងចក្រថាមពលដើរដោយថាមពល LNG។ ក្រុមហ៊ុននេះ បានអះអាងថា គម្រោងនេះ មានទំហំទឹកប្រាក់សរុបប្រមាណ៤ពាន់លានដុល្លារ ហើយក្រៅពីនោះ ក្រុមហ៊ុន Petro Vietnam Gas និងក្រុមហ៊ុន Conoco Phillips ក៏ដូចជា Excelerate ព្រមទាំងក្រុមហ៊ុនចម្រាញ់ប្រេងវៀតណាម Binh Son និង Kellogg Brown & Root ក៏បានចុះហត្ថលេខាជាមួយគ្នាពាក់ព័ន្ធនឹងគម្រោងថាមពលជាមួយក្រុមហ៊ុនអាម៉េរិកផងដែរ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express ធនាគារ HSBC ដែលជាធនាគារដ៏ធំរបស់អង់គ្លេស ក៏បានប្រកាសផ្តល់ការគាំទ្រសម្រាប់គម្រោងថាមពល ដែលមានទំហំទឹកប្រាក់ដល់ទៅ១២ពាន់លានដុល្លារផ្សេងទៀតផងដែរ។ ធនាគារ HSBC បានអះអាងសាជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយដល់ការផ្លាស់ប្តូរថាមពលរបស់វៀតណាម ជាមួយនឹងកញ្ចប់ហិរញ្ញវត្ថុដែលបានសន្យា។ ជាមួយគ្នានេះតំណាងធនាគារ HSBC ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការ និងគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់គម្រោងថាមពលកកើតឡើងវិញសំខាន់ៗនៅក្នុងប្រទេសវៀតណាមផងដែរ។
លោក ឃ្វៀន ហាងឡុង (Nguen Hoang Long) អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មកម្ម និងពាណិជ្ជកម្ម វៀតណាម បាននិយាយថា នៅក្រោមផែនការនេះ វៀតណាមគម្រោងពង្រីកសមត្ថភាពផលិតថាមពលអគ្គិសនីពីថាមពលខ្យល់នៅលើគោក និងក្បែរឆ្នេរសមុទ្ររបស់វៀតណាម ចន្លោះពី២៦ពាន់មេហ្គាវ៉ាត់ទៅ៣៨ពាន់មេហ្គាវ៉ាត់ នៅត្រឹមឆ្នាំ២០៣០។
ការដាក់គោលដៅបែបនេះ ដោយផ្អែកលើសក្តានុពលដ៏ធំធេងរបស់វៀតណាម សម្រាប់ថាមពលកកើតឡើងវិញ ជាពិសេសថាមពលខ្យល់នៅឆ្នេរសមុទ្រ ស្របពេលវៀតណាម ដាក់គោលដៅប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលលើវិស័យថាមពលនៅក្នុងតំបន់ ដោយសារថាមពលកកើតឡើងវិញបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសមកវៀតណាម គួបផ្សំវិនិយោគិនលើពិភពលោកចាប់អារម្មណ៍កាន់តែខ្លាំងឡើងលើការប្តេជ្ញាចិត្តកាត់បន្ថយការបំភាយឧស្ម័ន ប្រើប្រាស់ថាមពលស្អាត និងបំពេញតាមស្តង់ដាផលិតកម្មកាបូនទាប៕
ដោយៈ សរ សុជាតិ