ខ្សែរត់ភ្លើងលើអាកាស Metro របស់វៀតណាមនេះ គឺមានចម្ងាយរត់១៣គីឡូម៉ែត្រ និងមានស្ថានីយចំនួន១២ កន្លែង។
គម្រោងនេះ ធ្លាប់បានប្រកាសថា នឹងបើកដំណើរការនៅខែមេសាឆ្នាំ២០១៩ ប៉ុន្ដែ ត្រូវបានខកខានដោយសារតែបញ្ហាការវាយតម្លៃលើសុវត្ថិភាព។
ក្រុមហ៊ុនប្រឹក្សាបារាំង Apave Certifier-Tricc បច្ចុប្បន្ននេះ កំពុងដឹកនាំការត្រួតពិនិត្យលើប្រព័ន្ធសុវត្ថិភាពនៃខ្សែរថភ្លើងនេះ បន្ទាប់ពីក្រុមហ៊ុនម៉ៅការសាងសង់របស់ចិន នឹងប្រគល់គម្រោងនេះ ទៅឲ្យក្រសួងដឹកជញ្ជូនវៀតណាម។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung កាលពីពេលថ្មីៗនេះ បានបញ្ជាឲ្យក្រសួងដឹកជញ្ជូន ធ្វើយ៉ាងណាបើកប្រតិបត្តិការខ្សែរថភ្លើងនេះ ឲ្យបាននៅក្នុងឆ្នាំនេះ ខណៈដែលប្រជាជនកំពុងត្រូវការប្រើប្រាស់ និងរងចាំធ្វើដំណើរតាមរថភ្លើងនេះ យ៉ាងអន្ទះសារ។
មានបុគ្គលិករាប់រយនាក់ បានឈប់ធ្វើការដោយសារតែការពន្យារពេលនេះ ដោយគម្រោងផ្លូវរថភ្លើងតម្លៃ៨៦៨ លានដុល្លារអាមេរិកមួយនេះ ត្រូវការចំណាយជាង ២លានដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់ប្រាក់ខែបុគ្គលិកជនជាតិវៀតណាម និងមានជនជាតិចិន២០០នាក់ផងដែរ។ លើសពីនេះ គម្រោងនេះ ក៏មានការចំណាយលើថ្លៃអគ្គិសនីមាន រហូតដល់ ៤.៣០០ ដុល្លារអាមេរិកក្នុងមួយថ្ងៃថែមទៀតផង។
គួរបញ្ជាក់ថា ការងារសាងសង់ផ្លូវដែកនេះ ចាប់ផ្ដើមតាំងពីឆ្នាំ២០១១មក ហើយដំបូងគេបានគ្រោងបញ្ចប់នៅឆ្នាំ២០១៣ ប៉ុន្ដែ ដោយសារតែមានឧបសគ្គមួយចំនួន រួមទាំងបញ្ហាប្រាក់កម្ចីជាមួយប្រទេសចិន ដែលទើបតែត្រូវបានដោះស្រាយកាលពីធ្នូឆ្នាំ២០១៧កន្លងទៅ។ ដូច្នេះហើយ ទើបធ្វើឲ្យគម្រោងនេះ បានជាប់គាំងអស់ជាច្រើនឆ្នាំ។
ដំបូងឡើយ គម្រោងនេះប៉ាន់ប្រមាណថា មានតម្លៃ ៥៥៣ លានដុល្លារអាមេរិក ក្រោយមកក៏បង្កើនដល់ទៅ ៨៦៨ លានដុល្លារអាមេរិក រួមបញ្ជូលទាំងប្រាក់កម្ចីពីប្រទេសចិន ៦៧០ លានដុល្លារអាមេរិកផងដែរ។
ក្រុងហាណូយមានផែនការសាងសង់ផ្លូវដែកក្នុងក្រុង ចំនួន៨ខ្សែ ដែលបញ្ជូលគ្នាទៅមានចម្ងាយរហូតដល់ទៅ ៣០៥ គីឡូម៉ែត្រ រួមទាំងកំណាត់ផ្លូវដែក ចំនួន៣ផ្នែក ខណៈដែលគម្រោងអភិវឌ្ឍន៍នីមួយៗ គឺមាននៅឆ្នាំ២០៣០ និងចក្ខុវិស័យវែងឆ្ងាយដល់ទៅឆ្នាំ ២០៥០៕