របាយការណ៍របស់ធនាគារពិភពលោក ដដែលនេះ បានឲ្យដឹងទៀតថា តម្លៃប្រាក់ឈ្នួលជាមធ្យមរបស់ពលករម្នាក់ៗ ដែលធ្វើការនៅក្នុងក្រុមហ៊ុនកម្រិតកណ្ដាល (Median Firms) ក្នុងប្រទេសវៀតណាម មានប្រមាណ ២.៧៣៩ ដុល្លារអាមេរិកក្នុងមួយខែ ដែលចំនួននេះ គឺមានខ្ពស់ជាងប្រាក់ឈ្នួលនៅប្រទេសកម្ពុជា ថៃ និងភីលីពីន ប្រមាណ ៣០ ទៅ៤៥ភាគរយ ខណៈដែលធៀបជាមួយនឹងប្រទេសឡាវ មីយ៉ាន់ម៉ា និងម៉ាឡេស៊ីវិញ គឺមានខ្ពស់ជាងប្រមាណ ២ដងឯណោះ។
របាយការណ៍ធនាគារពិភពលោក បានគូសបញ្ជាក់ទៀតថា ទោះបីជាតម្លៃពលកម្មនៅប្រទេសវៀតណាមមានខ្ពស់ជាងប្រទេសជាច្រើននៅក្នុងតំបន់ក៏ដោយ ប៉ុន្ដែ បើពិនិត្យមើលលើកម្រិតផលិតភាពការងាររិញ ឃើញថា គឺមានភាពវិជ្ជមានច្រើន ដូច្នេះ វាហាក់ដូចជាមិនមានអ្វី ដែលជាឧបសគ្គធំក្នុងការប្រកួតប្រជែងនោះឡើយ។
បើគិតជាមធ្យម ក្រុមហ៊ុនផលិតនៅប្រទេសវៀតណាម បានផ្ដល់នូវតម្លៃបន្ថែមប្រមាណ ១០.៥០០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំសម្រាប់កម្មករម្នាក់ៗ ដែលចំនួននេះ គឺមានខ្ពស់ជាងបណ្ដាប្រទេសនានានៅអាស៊ីអាគ្នេយ៍។ តួយ៉ាង ប្រទេសកម្ពុជាយើង មានតម្លៃបន្ថែមសម្រាប់កម្មករម្នាក់ក្នុងមួយឆ្នាំ មានជាមធ្យមប្រមាណ ៥ពាន់ដុល្លារអាមេរិក ខណៈម៉ាឡេស៊ីវិញមានជុំវិញ ១ម៉ឺនដុល្លារអាមេរិក។ នេះ បើតាមការបញ្ជាក់ នៅក្នុងរបាយការណ៍របស់ធនាគារពិភពលោក។
បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍ ទាក់ទិននឹងតម្លៃពលកម្មខ្ពស់នៅវៀតណាម ហាក់ដូចជាត្រូវបានជំរុញមួយផ្នែកដោយសារកំណើននៃការប្រើប្រាស់ដើមទុន។
ជាមួយគ្នានេះ ក្រុមហ៊ុនបរទេស ដែលមកវិនិយោគក្នុងប្រទេសវៀតណាម ត្រូវបានគេមើលឃើញថា គឺមានផលិតភាពការងារខ្ពស់ជាងក្រុមហ៊ុនក្នុងស្រុក ដោយសារតែក្រុមហ៊ុនបរទេសទាំងនោះ មានលទ្ធភាពខ្ពស់លើការប្រើប្រាស់បច្ចេកវិទ្យា និងហិរញ្ញវត្ថុងាយស្រួល តាមរយៈក្រុមហ៊ុនមេរបស់ពួកគេដែលមានមូលដ្ឋាននៅក្រៅប្រទេស៕