អ្នកជំនាញនៅក្នុងឧស្សាហកម្មបានពន្យល់អះអាងថា កំណើននៃការពេញនិយមម៉ាករថយន្ដនាំចូលពីប្រទេសចិននេះ គឺដោយសារតែវាមានការរចនារូបរាងល្អ និងមានមុខងារទំនើបទាន់សម័យ។ បើទោះបីជា ការចូលរថយន្ដពីចិនកើនឡើងខ្ពស់ដល់ទៅជិត៥០០% ក៏ពិតមែន ប៉ុន្ដែ ប្រទេសចិននៅតែឈរត្រឹមលេខ៣ប៉ុណ្ណោះ នៃការផ្គត់ផ្គង់ឡានមកកាន់វៀតណាមនៅ៤ខែដើមឆ្នាំ ២០២១នេះ ដោយប្រទេសថៃឈរនៅលំដាប់លេខ១ ខណៈដែលឥណ្ឌនេស៊ីឈរចំណាត់ថ្នាក់លេខ២។
បើតាមអគ្គនាយកដ្ឋានគយវៀតណាម ប្រទេសថៃបានគ្រប់គ្រងការនាំចូលរថយន្ដមកកាន់វៀតណាមជាង២ម៉ឺន៥ពាន់គ្រឿង កើនឡើង៧៤% នៅ៤ខែដើមឆ្នាំនេះ តាមពីក្រោយដោយឥណ្ឌនេស៊ីមានជិត១ម៉ឺន៤ពាន់គ្រឿងកើនជិត៥%។
ប្រទេសថៃ និងឥណ្ឌូនេស៊ី ត្រូវបានដឹងថា គឺមានចំណែកទីផ្សារដល់ទៅ ៧៩% នៃការនាំចូលរថយន្ដសរុបរបស់វៀតណាមនៅក្នុងខែមេសា។ ប្រទេសទាំងពីរនេះ ឈរក្នុងតំណែងកំពូលនាំចូលរថយន្ដមកកាន់វៀតណាម តាំងពីមានកិច្ចព្រមព្រៀងលើមុខទំនិញអាស៊ាន ដែលបានចូលជាធរមានកាលពីឆ្នាំ២០១៨ ដោយសារតែពន្ធនាំចូលស្មើសូន្យ។ វៀតណាមនាំចូលរថយន្ដសរុបនៅ៤ខែមកនេះ មានការកើនឡើងដល់ទៅ ជាង៥៦% ដោយមានរថយន្ដចំនួន៥ម៉ឺនគ្រឿង។
ដោយឡែក ការលក់រថយន្ដដែលផលិតក្នុងស្រុកវិញនៅ៤ខែដើមឆ្នាំនេះ មានការកើនឡើងដល់ទៅ ៥៨% ដោយមានចំនួនសរុបជាង១០ម៉ឺនគ្រឿង។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២០ការនាំចូលរថយន្ដពីក្រៅប្រទេសសរុបរបស់វៀតណាមមានជាង១០ម៉ឺនគ្រឿងធ្លាក់ចុះ២៤% និងមានទឹកប្រាក់សរុបជាង២ពាន់៣រយលានដុល្លារ មានការធ្លាក់ចុះជាង២៥%៕