បើតាមសន្ទស្សន៍អំពីប្រទេសល្អបំផុតសម្រាប់ការវិនិយោគនៅឆ្នាំ២០១៩ ដែលបានចេញផ្សាយដោយបណ្ដាញផ្សព្វផ្សាយអាមេរិក បានឲ្យដឹងថា វៀតណាម បានឈររលំដាប់ទី៨ នាំមុខ ប្រទេសម៉ាឡេស៊ីដែលឈរនៅលំដាប់លេខ១៣ សិង្ហបុរីឈរលំដាប់ទី១៤ និងឥណ្ឌូនេស៊ីឈរលំដាប់ទី១៨។
ប្រទេសអ៊ុយរាហ្គាយឈរលើកំពូលតារាងលំដាប់លេខ ជាប្រទេសល្អបំផុតដើម្បីវិនិយោគ តាមពីក្រោយដោយ អារ៉ាប់ប៊ីសាអ៊ូឌីត កូស្ដារីកា និងលុចសំប៊ួរ។
ការចាត់ចំណាត់ថ្នាក់នេះ គឺផ្អែកលើការស្ទង់មតិ ទៅលើអាជីវកម្មជិត៧០០០ អាជីវកម្ម ដែលបានផ្ដល់ពិន្ទុទៅលើ៨ចំណុច គឺ អំពើពុករលួយ សក្ដានុពល ស្ថិរភាពសេដ្ឋកិច្ច ស្មារតីសហគ្រិនភាព បរិយាកាសអនុគ្រោះពន្ធ ភាពច្នៃប្រឌិត ពលកម្មជំនាញ និងជំនាញបច្ចេកទេស។បើតាមធនាគារសិង្ហបុរី UOB បានឲ្យដឹងថា ការវិនិយោគពីក្រៅប្រទេសរបស់ប្រទេសវៀតណាម រំពឹងថា នឹងកើនឡើងដល់២០ពាន់លានដុល្លារអាមេរិក នៅឆ្នាំនេះ ដែលជាចំនួនខ្ពស់មិនធ្លាប់មាន។
ទោះយ៉ាងណា ការវិនិយោគពីក្រៅប្រទេសសម្រាប់គម្រោងថ្មីៗ bង្កើនដើមទុន និងទិញភាគហ៊ុន នៅវៀតណាម បានធ្លាក់ចុះប្រមាណ១២% មកនៅត្រឹមតែជាង២២ពាន់លានដុល្លារអាមេរិកនៅរយៈពេល ៨ខែឆ្នាំនេះ។ នេះបើតាមរបាយការណ៍ ពីក្រសួងផែនការ និងការវិនិយោគវៀតណាម។
តាមការប៉ាន់ស្មាន ការចំណាយលើការវិនិយោគពីក្រៅប្រទេសចាប់ពីខែមករា ដល់ខែសីហាមានការកើនឡើង ដល់ ជិត១២ពាន់លានដុល្លារ កើនឡើងជាង ៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រទេសវៀតណាម បាននិងកំពុងទាក់ទាញការវិនិយោគផ្ទាល់ពិក្រៅប្រទេស សម្រាប់៣ទសវត្សរ៍ចុងក្រោយនេះ មានក្នុងទំហំទឹកប្រាក់ ប្រមាណ៣៣៤ ពាន់លានដុល្លារអាមេរិក គិតនៅត្រឹមខែសីហាឆ្នាំមុន។