សារព័ត៌មាន VN Express ផ្សាយថា ចាប់តាំងពីដើមឆ្នាំនេះ ករណីជនបរទេសលួចឥវ៉ាន់ ជាពិសេស លុយកាក់ ពីអ្នកដំណើរផ្សេងទៀត នៅលើយន្តហោះ កំពុងកើនឡើង ដែលនាំឲ្យអាជ្ញាធរចាត់វិធានការ។
អាជ្ញាធរអាកាសចរណ៍វៀតណាម ចេញការដាស់តឿនដល់អ្នកធ្វើដំណើរ ឲ្យប្រុងប្រយ័ត្នចំពោះឥវ៉ាន់របស់ខ្លួន ជៀសវាងក្រែងលោអ្នកធ្វើដំណើរដទៃទៀតលួច។
យោងតាមសារព័ត៌មានដដែល ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៧ ករណីចោរលួចឥវ៉ាន់នៅលើយន្តហោះមាន ១១ករណី ដែលពាក់ព័ន្ធនឹងជនសង្ស័យជាជនបរទេស ខណៈដែលរយៈពេលដូចគ្នាឆ្នាំទៅមិញ មានករណីចោរកម្មតែ ១ករណីប៉ុណ្ណោះ។
របាយការណ៍អាជ្ញាធរឲ្យដឹងថា ភាគច្រើននៃករណីចោរកម្មគឺពាក់ព័ន្ធនឹងជនបរទេស និងច្រើនតែជាករណីលួចលុយកាក់នៅក្នុងវ៉ាលីស។
អាជ្ញាធរព្រលានយន្តហោះ និយាយថា វាជាការពិបាកក្នុងការចាត់ការករណីចោរកម្មនៅលើយន្តហោះ ពីព្រោះគេត្រូវការភ័ស្តុតាងជាក់ស្ដែងនៅនឹងកន្លែង ហើយក្នុងករណីភាគច្រើន ជនសង្ស័យឆ្លើយថា ពួកគេគ្រាន់តែយកវ៉ាលីសច្រលំតែប៉ុណ្ណោះ។
ដូច្នេះ បើលោកអ្នកបានជាជិះយន្តហោះក្នុងស្រុកនៅប្រទេសវៀតណាម លោកអ្នកគួរតែប្រយ័ត្នប្រយែងចំពោះឥវ៉ាន់!!!