ខណៈពេលដែលប្រទេសចិនកំពុងតែស្ថិតនៅក្នុងសភាពចលាចលផ្នែកអចលនៈទ្រព្យ បញ្ហាស្រដៀងគ្នានេះបានកំពុងតែបង្កការប៉ះពាល់ដល់ទំនុកចិត្តនៅក្នុងប្រទេសវៀតណាម ដែលជាប្រទេសជិតខាង ស្របពេលដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរកំពុងតែដាក់ចេញនូវគោលនយោបាយប្រឆំាងនឹងអំពើពុករលួយ ដែលចំណាត់ការនេះត្រូវបានគេអះអាងថា កំពុងតែ បន្ថែមបញ្ហាប្រឈមនិងជះឥទ្ធិពលដល់ការស្ទុះងើបឡើងវិញនៃទីផ្សារអចលនទ្រព្យ។
សារព័ត៌មានជប៉ុន Nikkei បានរាយការណ៍ថាប្រទេសចិននិង ប្រទេសវៀតណាម គឺជាប្រទេសពីរដែលកំពុងតែអនុវត្តនូវគោលនយោបាយគ្រប់គ្រងសេវាកម្មអចលនៈទ្រព្យស្រដៀងគ្នាពោលគឺ អនុញ្ញាតឲ្យមានសេវាកម្មបង់រំលោះលើគម្រោងសាងសង់មុនពេលដែលគម្រោងនេះ បញ្ចប់ ដែលជាហេតុនាំអោយមានបញ្ហាដល់ក្រុមហ៊ុនដែលត្រូវអនុវត្តគម្រោងបន្ត ។
អ្នកអភិវឌ្ឍន៍បានកំពុងតែជួបវិបត្តិហិរញ្ញវត្ថុ តាំងពីទីផ្សារភាគហ៊ុនជួបប្រទះនូវការរង្គោះរង្គឺ កាលពីឆ្នាំមុន នៅពេលដែលនាយកប្រតិបត្តិក្រុមហ៊ុនមូលបត្រជាច្រើនត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ថា បានរំលោភបំពានច្បាប់ ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ត្រាន់ ធួន គួង (Tran Tuan Cuong) នាយកប្រតិបត្តិនៃគម្រោង YouHomes បានឲ្យដឹងថា ហានិភ័យសម្រាប់អ្នកទិញអាចត្រូវបានកាត់បន្ថយដោយការបង្កើនតម្លាភាពនៅក្នុងឧស្សាហកម្មអចលនទ្រព្យ។
លោកបានអះអាងថា ដើម្បីធានាដល់អតិថិជន ក្រុមហ៊ុនសាងសង់ខ្លះ បានសុខចិត្តយកប្រាក់ទៅដាក់ជាទុនបម្រុងដើម្បីបញ្ជាក់និងធានាឲ្យប្រាកដដល់និរន្តរភាពនៃគម្រោង ។
លោកបានបន្តថា តាមរយៈការដាក់ចេញនូវគោលនយោបាយផ្សេងៗជុំវិញបញ្ហាអសកម្មខាងលើ វៀតណាមសង្ឃឹមថានឹងអាចបញ្ចៀស វិបត្តិដែលកើតឡើងនៅក្នុងប្រទេស ។
នេះគឺជាទស្សនៈសុទិដ្ឋិនិយមមួយ អំពីចំណាត់ការដើម្បីធានានិរន្តភាពនៃវិស័យអចលនៈទ្រព្យនៅវៀតណាម ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាពវានៅតែព្រួយបារម្ភ ។
យោងតាមស្ថិតិដែលទទួលបានពីក្រុង FiinGroup បានឱ្យដឹងថា ទីផ្សារហ៊ុនប្រមាណជា ២៥ ភាគរយ នៅក្នុងប្រទេសវៀតណាម គឺនៅតែគ្របដណ្តប់ដោយវិស័យអចលនទ្រព្យ ដែលជា ចំណុចមួយដែលគួរតែរិះគិត ។
លោក ឃ្វៀន កាងធួន ( Nguyen Quang Thuan) ប្រធានក្រុមហ៊ុន FiinGroup បាននិយាយថា ការអនុវត្តឥណទានកំពុងធ្លាក់ចុះ ជាពិសេសជាមួយអ្នកអភិវឌ្ឍន៍អចលនទ្រព្យលំនៅដ្ឋាន ហើយគម្រោងលំនៅដ្ឋាននោះគឺជាគម្រោងដែលមានតម្លៃថ្លៃ ។
មកដល់ពេលនេះសិ្ថតិដែលចេញដោយ ក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ JLL បានឱ្យដឹងថា ការលក់ផ្ទះល្វែងនៅទីក្រុងហូជីមិញបានធ្លាក់ចុះ ៣៣ ភាគរយ នោះបើគេធៀបនឹងត្រីមាសមុន ខណៈដែលការផ្គត់ផ្គង់លំនៅស្ថានប្រណីតនៅក្នុងទីក្រុងធំបំផុតរបស់វៀតណាមបានធ្លាក់ចុះជាលំដាប់ចាប់តាំងពីចុងឆ្នាំ ២០២២មក៕