ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យនៅវៀតណាមបានរាយការណ៍ថា តម្លៃនៃការជួលដីនៅវៀតណាម គិតជាមធ្យមមានការកើនឡើងដល់ដល់ ជាង១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ក្នុងនោះ ការជួលនៅក្នុងតំបន់ទីក្រុងហូជីមិញ មានខ្ពស់ជាងគេ ដែលកើនឡើងដល់ ១៦៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ឧស្សាហកម្មជួលអចលនវត្ថុនេះ ត្រូវបានរំពឹងថា នឹងបន្តកើនឡើងទៀតនៅឆ្នាំ២០២១នេះ ដោយសារតែមានតម្រូវការដីឧស្សាហកម្ម នៅគ្រាដែលការរើរោងចក្រផលិតពីចិនមកកាន់វៀតណាមក៏មានច្រើន ហើយវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការនាំចេញគ្រឿងអេឡិកត្រូនិកវៀតណាមកំពុងកញ្ជ្រោលកើនឡើងខ្លាំង។
សម្រាប់រោងចក្រដែលបានសាងសង់រួច នៅវៀតណាមមានតម្លៃជួលជាមធ្យម ៤,៥ ដុល្លារក្នុងមួយម៉ែត្រការក្នុងមួយខែ ធៀបនឹងឆ្នាំមុនឃើញថា បានកើនឡើងជាង៣%។ នេះបើតាមតួលេខពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យនៅវៀតណាម។
ក្នុងនោះដែរ ក៏មានតម្រូវការជួលកើនឡើង ពីសំណាក់សហគ្រាសខ្នាតតូច និងមធ្យម ដែលកំពុងស្វែងរកការពង្រីកផលិតកម្មផងដែរ។
អាជ្ញាធរវៀតណាម មានផែនការសាងសង់តំបន់ឧស្សាហកម្មថ្មីៗបន្ថែមទៀត សរុបមានផ្ទៃដីប្រហែលជាង២ម៉ឺនហិកតា នៅជិតនឹងទីក្រុងហូជីមិញ។
សូមបញ្ជាក់ថា នៅវៀតណាម នឹងមានរោងចក្រសាងសង់រួចក្នុងទំហំផ្ទៃក្រឡាជិត ៩០ម៉ឺនម៉ែត្រការ៉េ នឹងត្រូវរួចរាល់សម្រាប់ការដាក់ជួលនៅក្នុងចុងឆ្នាំ២០២១នេះ៕